ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១៖ ការជួយកុមារក្រីក្រក្នុងសហគមន៍ឱ្យទទួលបានឱកាសរៀនសូត្រនិងការលើកទឹកចិត្តសិស្សមិនឱ្យបោះបង់ការសិក្សា គឺជាអំពើល្អដែលជួយឱ្យលោកគ្រូ ឡុញ នាង ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូបក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
ឥឡូវនេះ លោកគ្រូបានជាប់ជាបេក្ខជនម្នាក់ក្នុងចំណោមបុគ្គលដែលត្រូវបានជ្រើសតាំង ១០នាក់សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះ ហើយបើលោកគ្រូត្រូវបានគេជ្រើសរើសជាជ័យលាភី លោកគ្រូនឹងទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារ។
ជាគ្រូបង្រៀនតាំងពីឆ្នាំ១៩៨១ លោកគ្រូឆ្លងកាត់បទពិសោធនិងមានស្នាដៃជាច្រើនក្នុងវិស័យអប់រំ រហូតដល់លោកគ្រូត្រូវបានតែងតាំងជានាយកវិទ្យាល័យសម្តេច តេជោ ហ៊ុន សែន ក្រាំងយ៉ូវ ក្នុងឆ្នាំ១៩៩៩។
ក្នុងតួនាទីជានាយក លោកគ្រូ ឡុញ នាង និងលោកគ្រូអ្នកគ្រូជាសហការីរបស់លោកបានផ្តួចផ្តើមគំនិតជាច្រើនដើម្បីជួយធ្វើឱ្យការអប់រំនៅក្នុងមូលដ្ឋានមានភាពរីកចម្រើន។
លោកគ្រូថ្លែងថា៖ “ដំបូងហ្នឹងយើងបានសហការគ្នារកគន្លឹះយ៉ាងម៉េចដើម្បីរកឱ្យឃើញនូវបញ្ហាប្រឈមរបស់សិស្ស និងអាណាព្យាបាល។” លោកបន្ថែមថា៖ “ទីមួយគឺកត្តាជីវភាពហ្នឹងតែម្តង។ អញ្ចឹង គាត់មករៀនមិនពេញលេញដោយសារជីវភាពគាត់នឹងវាខ្វះខាត។ អញ្ចឹងគាត់អាចរៀនព្រឹក ហើយល្ងាចគាត់ទៅជួយស្ទូងដកស៊ីឈ្នួលគេអ៊ីចឹងទៅ ហើយបើរៀនល្ងាច ពេលព្រឹកគាត់ទៅអញ្ចឹងទៅ”។
គំនិតផ្តួតផ្តើមទាំងនេះរួមមានសិស្សខ្សោយនិងសិស្សក្រីក្រដែលមានប័ណ្ណក្រីក្រប្រភេទ១ និង២ ដែលបញ្ជាក់ដោយអាជ្ញាធរមូលដ្ឋាន នឹងទទួលបានការរៀនគួរ និងផ្ញើកង់នៅសាលារៀនដោយឥតគិតថ្លៃ អាណាព្យាបាលសិស្សដែលទទួលមណរភាពនឹងទទួលបានប្រាក់ ១០ម៉ឺរៀល ជួយឧបត្ថម្ភសិស្សពី ១០ ទៅ ១៥នាក់ក្នុងមួយខែតាមរយៈការទិញសម្ភារសិក្សា និងកង់សម្រាប់ពួកគេ លើកទឹកចិត្តសិស្សមិនឱ្យបោះបង់ការសិក្សា និងជួយការងារសហគមន៍មួយចំនួនទៀងផងដែរ។
កុមារា ណន វ៉ាន់ដា អាយុ ១៦ឆ្នាំ គឺជាសិស្សម្នាក់ក្នុងចំណោមសិស្សដែលទទួលបានការឧបត្ថម្ភពីលោកគ្រូ ឡុញ នាង។ សព្វថ្ងៃ វ៉ាន់ដា ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យសម្តេច តេជោ ហ៊ុន សែន ក្រាំងយ៉ូវ។
កុមារាដែលកើតមកមានតែដៃម្ខាងពីកំណើតម្នាក់នេះ ជួបប្រទះការលំបាកខ្លាំងនៅក្នុងជីវភាពគ្រួសារ ខ្វះសម្ភារសិក្សា និងមធ្យោបាយធ្វើដំណើរទៅសាលា។
អង្គុយក្រោមផ្ទះតូចមួយដែលសាងសង់ក្រោមគម្រោងរបស់អង្គការសប្បុរសធម៌ វ៉ាន់ដា ថ្លែងថា៖ “ខ្ញុំធ្លាប់គិតថា ម៉ែគាត់អត់លុយឱ្យទៅរៀនចឹង ខ្ញុំចង់តែឈប់រៀន។ [ខ្ញុំគិតបែបនេះ] ចង់រាល់ឆ្នាំ។ ពេលខ្លះ អត់លុយចឹង មានអារម្មណ៍ថា ចង់ឈប់រៀនទៅ កាត់បន្ថយការចំណាយគាត់ ហើយសល់លុយខ្លះ”។
តែឥឡូវនេះ វ៉ាន់ដា មានភាពធូរស្រាលខ្លះ បន្ទាប់ពីកុមារារូបនេះទទួលបានការរៀនគួរដោយមិនអស់ប្រាក់ សម្ភារសិក្សាមួយចំនួន និងទទួលបានកង់មួយសម្រាប់ជិះទៅរៀនពីលោកគ្រូ ឡុញ នាង។ ប្អូនស្រីរបស់ វ៉ាន់ដា គឺកុមារី ណន រក្សា អាយុ ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៩ ក៏ទទួលបានការឧបត្ថម្ភពីលោកគ្រូ ឡុញ នាង ផងដែរ។
អ្នកនាង អុល យូរ៉ា គឺជាអតីតសិស្សក្រីក្រដែលធ្លាប់ទទួលបានជំនួយពីក្រុមការងាររបស់លោកគ្រូ ឡុញ នាង។
ស្រ្តីវ័យ ៣០ឆ្នាំរូបនេះបានរំឭករឿងរ៉ាវអតីតកាលថា កាលអ្នកនាងរៀននៅថ្នាក់ទី៩ ក្នុងឆ្នាំ២០០៨ អ្នកនាងជួបការលំបាកខ្លាំងខាងផ្នែកជីវភាព និងរស់នៅជាមួយជីដូន ដោយសារម្តាយបានទទួលមរណភាពហើយម្ដាយគាត់ក៏បានលែងលះគ្នាជាមួយឪពុកតាំងពីអ្នកនាងនៅតូច ដែលនេះជាហេតុធ្វើឲ្យគាត់ចង់ឈប់រៀនព្រោះមិនដឹងថាគួរទៅរស់នៅជាមួយអ្នកណា។
ដោយឃើញស្ថានភាពបែបនេះ ក្រុមការងាររបស់លោកគ្រូ ឡុញ នាង បានទៅជួបគាត់ដើម្បីលួងលោម និងលើកទឹកចិត្ត និងជំរុញឱ្យគាត់បន្តការសិក្សា ដោយមានការផ្តល់ជូនជាថវិកា និងសម្ភារសិក្សារហូតដល់អ្នកគ្រូបានបញ្ចប់វិទ្យាល័យ និងប្រឡងជាប់ក្លាយជាគ្រូបង្រៀនកម្រិតបឋមសិក្សា។ សព្វថ្ងៃអ្នកនាងបង្រៀននៅសាលាបឋមសិក្សាឱង្ការាម។
អ្នកនាងថ្លែងថា៖ “សម្រាប់ខ្ញុំ ការជួយជ្រោមជ្រែងនេះមានទំហំធំធេង។ ខ្ញុំអាចរៀនមកដល់ថ្ងៃនេះ ដោយសារមានការជ្រោមជ្រែងខ្លាំងណាស់ពីគណៈគ្រប់គ្រងសាលា”។
ក្រៅពីប្រើប្រាស់ប្រាក់អាហារូករណ៍ ១៨ម៉ឺនរៀលក្នុងម្នាក់សម្រាប់សិស្ស ៩០នាក់ (សិស្សថ្នាក់ទី៧ ទី ៨ និងទី ៩) ក្នុងមួយឆ្នាំ ដែលក្រសួងផ្តល់ជូនសិស្សក្រីក្រ ថវិកាដែលក្រុមការងាររបស់លោកគ្រូ ឡុញ នាង ប្រើប្រាស់សម្រាប់សកម្មភាពសប្បុរសធម៌នេះ គឺបានមកពីប្រាក់ចំណូលពីការផ្ញើកង់ម៉ូតូ វិភាគទានទីតាំងអាហារដ្ឋាននៅក្នុងសាលា និងប្រាក់ពីសប្បុរសជនក្នុងនិងក្រៅសហគមន៍ ជាពិសេសពីអតីតសិស្សដែលបានបញ្ចប់ការសិក្សាពីសាលានេះ។
បើទោះជាលោកគ្រូ ឡុញ នាង បានចូលនិវត្តន៍ក្នុងពេលថ្មីៗនេះទៅហើយក្តី តែលោកថ្លែងថា លោកនាយកថ្មីនឹងបន្តអនុវត្តសកម្មភាពសប្បុរសធម៌ទាំងនេះ។
អំពើល្អទាំងនេះហើយដែលឆ្លើយតបទៅនឹងកម្មវិធីពានរង្វានពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និង សហគមន៍របស់ខ្លួន។
ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោងធ្វើនៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យាពេល ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មីនឹងត្រូវជូនដំណឹងនៅពេលក្រោយ។
ដើម្បីចូលមើលវីដេអូអំពីលោកគ្រូ ឡុញ នាង សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/5kzs1Odxf6/
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។