ខ្ញុំមិនចង់បែបនេះទេ តែព្រោះអ្នកគ្រប់គ្នា ជាអ្នកបង្រៀនខ្ញុំឱ្យចិត្តដាច់

ធ្លាប់គិតមករហូត ដាស់តឿនខ្លួនឯងជាប្រចាំ ទោះយ៉ាងណា​ ក៏ត្រូវតែរក្សាភាពល្អ សេចក្ដីថ្លៃថ្នូរ ចិត្តមេត្តា ការយោគយល់ ស្លូតត្រង់ ចំពោះមនុស្សដែលនៅជុំវិញខ្លួន។ ប៉ុន្តែដែលកន្លងមកនេះ ខ្ញុំទ្រាំច្រើនពេកហើយ ខ្ញុំទទួលរងនូវកំហុសឆ្គងតែម្នាក់ឯង រ៉ាប់រងនូវសម្ពាធផ្លូវចិត្តច្រើនហួសហេតុ រឿងខ្លះ ខ្ញុំមិនទាំងដឹងផងថាបែបណា តែបែរជាខ្ញុំ ជាអ្នកទទួលនូវកំហុសនោះ ត្រូវគេធ្វើបាប ត្រូវគេស្អប់ ប្រកាន់ ស្ដីបន្ទោស អ្នកខុស ពិតជាខ្ញុំមែនទេ? ពិតហើយ ខ្ញុំខុសដែលខ្ញុំស្លូតពេក ខ្ញុំខុសដែលខ្ញុំស្មោះត្រង់ជ្រុល ខ្ញុំខុសដេលខ្ញុំអត់ធ្មត់រហូតមក ... ខ្ញុំពិតជាខុសមែន។

39c927d1c3736dbae5bb73fc0d10caf1

តែពេលនេះ មេរៀនជីវិតមួយដែលគ្រប់គ្នាបានបង្រៀនខ្ញុំ បទពិសោធន៍ទាំងប៉ុន្មាន បានដាស់តឿនសតិរបស់ខ្ញុំ ឱ្យដឹងកាន់តែច្បាស់ថា ក្នុងសង្គមមួយនេះ បើយើងស្លូតពេក យើងល្អពេក យើងត្រង់ពេក គឺមានតែអ្នកដែលព្រួតធ្វើបាបតែប៉ុណ្ណោះ ជាមនុស្សម្នាក់នឹងគេដែរ ម៉េចនឹងអាចទ្រាំឱ្យគេធ្វើបាប មើលងាយបែបនេះបានទៅ។

ខ្ញុំមិនចង់ធ្វើមនុស្សអាក្រក់ទេ តែពេលខ្លះ បើអ្នកគិតថាខ្ញុំអាក្រក់ហើយ វាក៏គ្មានហេតុផលអ្វី ដែលខ្ញុំត្រូវបន្តធ្វើល្អ លើមនុស្សគំនិតអាក្រក់ដូចអ្នកទាំងអស់គ្នាឡើយ។ ខ្ញុំក៏មិនចង់ឱ្យទំនាក់ទំនងណាមួយ ស្ថិតក្នុងភាពស្អប់ ប្រណាំងប្រជែង ច្រណែនឈ្នានីសគ្នាដែរ តែខ្ញុំក៏មិនអាចបន្ត ឱ្យគ្រប់គ្នាធ្វើបាបខ្ញុំតែម្ខាងដូចគ្នា។

B71bfd85824bc3b7b60fa431396f3a8a

ខ្ញុំពេលនេះ មិនដូចខ្ញុំពេលមុនឡើយ បើអ្នកហ៊ានតែប៉ះខ្ញុំ ខ្ញុំសងវិញ ចឹកខ្ញុំ ខ្ញុំវ៉ៃទាល់តែងាប់ មិនមែនតបត ឬក៏ចងកម្មទេ តែពេលខ្លះ មនុស្សខ្លះ បានគេស្លូត គេល្អជាមួយ ប្រឹងជាន់ពន្លិចគេណាស់។ ដូច្នេះ ធ្វើជាមនុស្សល្អ ចិត្តបុណ្យប៉ុនណា ក៏ត្រូវតែមើលមនុស្សក្បែរខ្លួន មើលមនុស្សដែលយើងគួរធ្វើល្អដាក់ដែរ។

មនុស្សខ្ញុំស្រួលណាស់ ល្អមកខ្ញុំ ខ្ញុំក៏ល្អដាក់អ្នកវិញ អាក្រក់ដាក់ខ្ញុំ ខ្ញុំអាចនឹងដើរចេញ តែបើហួសហេតុពេក​ ខ្ញុំនឹងសងសឹកដាក់អ្នកវិញដូចគ្នា ពេលខ្លះមិនចង់តបត ឬក៏សងសឹកទេ តែចំពោះមនុស្សខ្លះ ឱ្យស្គាល់មេរៀនខ្លះទើបល្អ កុំឱ្យបានដៃបានចិត្ត ចេះតែមើលងាយ ធ្វើបាប ជាន់ពន្លិចអ្នកដទៃខ្លាំងពេក នាំតែធ្លាប់មនុស្ស៕

Ce07040090a452a6a2a2c910c58ba434

អត្ថបទ ៖ PH Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ