បុរសដែលមានភាពជោគជ័យពិតប្រាកដនៅក្នុងជីវិត ជាពិសេសជាបុរសដែលមានអត្តចរិតថ្លៃថ្នូរ ខ្ពង់ខ្ពស់ មានចំណេះដឹងជ្រៅជ្រះ រមែងមានការគោរព ឱ្យតម្លៃចំពោះដៃគូរបស់ខ្លួនខ្លាំងបំផុត ដូច្នេះ ពាក្យជាច្រើនដែលមិនល្អ មិនគប្បី គាត់មិនដែលនិយាយទៅកាន់ភរិយារបស់គាត់ឡើយ ព្រោះគាត់ដឹង និងយល់ច្បាស់ពីពាក្យសម្ដីដែលគាត់ត្រូវនិយាយទៅកាន់ដៃគូ។
យ៉ាងណាមិញ បុរសជោគជ័យ ថ្លៃថ្នូរ និងមានចំណេះដឹង គាត់មិនដែលប្រើពាក្យគំរោះគំរើយ មាក់ងាយ ប្រមាថភរិយារបស់គាត់ទេ មិនថាស្ថិតក្នុងពេលដែលគាត់ខឹង ឬមានបញ្ហាមកពីណាឡើយ ដាច់ខាត គាត់នៅតែរក្សាមាត់ផ្អែម សម្ដីពីរោះ ត្រជាក់ជាមួយអ្នកនៅក្នុងផ្ទះជាប់ជានិច្ច មិនបណ្ដោយឱ្យកំហឹង និងអារម្មណ៍មិនល្អ ជះសំដៅទៅក្នុងដៃគូរបស់គាត់ជាដាច់ខាត។
ទោះជាយ៉ាងណាក៏ដោយ ជីវិតប្ដីប្រពន្ធ រមែងមានការទាស់ពាក្យសម្ដីនឹងគ្នាខ្លះ វាមិនអាចបាយឆ្ងាញ់ម្ហូបត្រូវមាត់គ្រប់ពេលនោះទេ តែសម្រាប់ស្វាមីដែលល្អ គាត់មិនបង្កឱ្យបញ្ហាតូចក្លាយទៅជាធំ ដោយសារតែពាក្យសម្ដី កំហឹង និងអារម្មណ៍មួយពេលនោះឡើយ។ សម្ដីដែលអ្នកនិយាយចេញទៅនៅពេលដែលខឹង វានឹងបង្ហាញពីចរិតលក្ខណៈពេញលេញ ពិតប្រាកដរបស់អ្នកដែលជាស្វាមី។
ណាប៉ូឡេអុងធ្លាប់បាននិយាយថា "បុរសម្នាក់ដែលអាចគ្រប់គ្រងអារម្មណ៍របស់គាត់គឺធំជាងឧត្តមសេនីយ៍ដែលទើបតែបំបែកបន្ទាយទៅទៀត" ។ បុរសជោគជ័យនៅពេលខឹង នឹងតែងតែប្រយ័ត្នចំពោះសម្ដី និងកាយវិការរបស់គាត់ជានិច្ច មិនមែនពេព្រោះតែកំហឹងមួយឆាវធ្វើឱ្យប្រពន្ធឈឺចាប់លះបង់អ្វីៗគ្រប់យ៉ាងដើម្បីគាត់ឡើយ។
ការសម្គាល់ ៤ យ៉ាង ដែលស្វាមីគួរធ្វើដើម្បីភរិយា ក្នុងការបង្កើតឱ្យជីវិតអាពាហ៍ពិពាហ៍មានភាពល្អឥតខ្ចោះ ៖
១. ខ្វាយខ្វល់ពីនាង ៖ ស្ត្រីក្នុងអាពាហ៍ពិពាហ៍ មិនចាំបាច់មានរឿងធំដុំទេ គ្រាន់តែត្រូវការប្តីមើលថែនាងដោយស្មោះ យកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការលំបាករបស់នាង គឺគ្រប់គ្រាន់ហើយ។
២. ភាពស្មោះត្រង់ ៖ ស្ត្រីអាចនៅជាមួយប្តីក្រីក្រ តែមិនអាចទទួលយកជនក្បត់បានទេ។
៣. ការគោរព ៖ ស្ត្រីដែលជ្រើសរើសនៅផ្ទះ ឬធ្វើការងារផ្ទះ ក៏ត្រូវការការគោរពពីស្វាមីដែរ។ នៅក្នុងកិច្ចការផ្ទះ ពួកគេត្រូវការស្វាមីគោរពគំនិតរបស់ពួកគេឱ្យបានច្រើន។
៤. សេរីភាព ៖ ជីវិតបន្ទាប់ពីរៀបការ ស្ត្រី ឬបុរសទាំងអស់សុទ្ធតែត្រូវការសេរីភាព ហើយភាគីម្ខាងទៀតគួរតែគោរពកន្លែងផ្ទាល់ខ្លួន និងសិទ្ធរបស់ដៃគូឱ្យបានច្រើន៕
ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)