គ្មានមនុស្សស្រីណាចង់ឱ្យខ្លួនឯងមានឈ្មោះថាជា ស្រីមេម៉ាយ នោះទេ ព្រោះឈ្មោះថាជាស្រីមេម៉ាយ ឬស្រីលែងប្ដី វាមិនពីរោះស្ដាប់ ហើយក៏មិនល្អចំពោះភ្នែកញាតិដែលចាំតែមើលនោះដែរ។ ប៉ុន្តែដំណើរជីវិតនាងអភ័ព្វពេក ដែលត្រូវមកជួបមនុស្សប្រុសមិនល្អ ជាប្ដីដំបូង ទើបនាងសុខចិត្តមានឈ្មោះជាស្រីមេម៉ាយ លែងប្ដីចាស់ចោល ហើយក៏ត្រូវទទួលយកប្ដីថ្មី សាងជីវិតគ្រួសារជាថ្មីម្ដងទៀត ក្រោមក្រសែភ្នែកញាតិខ្លះមើលមក និយាយពីមុខ និយាយពីក្រោយ។
មនុស្សស្រីដែលលែងលះ មានឈ្មោះថាជាស្រីមេម៉ាយ ហើយក៏ត្រូវមករៀបការជាមួយនឹងប្ដីថ្មី ឬប្ដីក្រោយ មិនមែនព្រោះតែនាងមិនល្អទើបលែងប្ដីនោះទេ តែមកពីនាងចង់ឱ្យជីិវិតនាងមានរឿងល្អៗនឹងគេ ចង់ឱ្យខ្លួននាងមានសំណាងជាមួយជីវិតការសាងជីវិតគ្រួសារថ្មី ឬជាមួយនឹងប្ដីក្រោយ ទើបនាងសុខចិត្តលែងប្ដីចាស់ចោលមកយកប្ដីថ្មី។ ដ្បិតអីប្ដីចាស់មានតែនាំរឿង សាងបញ្ហា បង្កគ្រោះស្នាមទាំងរាងកាយ និងចិត្តដល់នាង ដូច្នេះ គ្មានមនុស្សស្រីណាដែលនៅល្ងង់ នៅទ្រាំគ្រាំចិត្តមួយជីវិត ជាមួយនឹងប្ដីដែលគ្មានសេចក្ដីស្រឡាញ់ ការថ្នាក់ថ្នមមើលថែនាងបែបនេះឡើយ។
មនុស្សស្រីណាក៏ប្រាថ្នាមានគូជីវិតដែលសមប្រកប ជួបមនុស្សល្អជាគូ អាចរួមរស់ជាមួយគ្នាយ៉ាងមានក្ដីសុខសុភមង្គលដែរ រឹតតែគ្មានមនុស្សស្រីណាចង់លែងលះប្ដីមួយហើយមួយទៀត រៀបការមួយដងជាពីរដងនាំឱ្យគេឯងសើចចំអកឡកលើយនោះឡើយ ... តែដូចដែលដឹងហើយថា ធម្មតាទេ ជីវិតគ្រួសារ ប្ដីប្រពន្ធ បើរស់នៅមិនចុះសម្រុង ការរស់នៅតែបញ្ហា សម្ពាធផ្លូវកាយផ្លូវចិត្តនោះ ក៏គ្មានអ្នកណាទ្រាំរស់នៅជាមួយគ្នាបានដែរ ទោះបីស្រឡាញ់ខ្លាំងប៉ុនណា ក៏ត្រូវតែនាំខ្លួនឯងចេញពីនរកមួយនេះឱ្យបានដែរ មិនអាចទ្រាំវេទនាសន្សំកម្មរហូតនោះឡើយ៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ