នៅក្នុងទំនាក់ទំនងមិនថាជាស្នេហា ឬមិត្តភាពនោះឡើយ ទោះយ៉ាងណាក៏ដោយ វាក៏អាចកើតឡើងបានដែរ គឺដើរដល់ចំណុចមួយដែលយើងលែងសំខាន់ លែងមានតម្លៃសម្រាប់ភាគីម្ខាងទៀត។ យ៉ាងណាមិញ ស្ថិតក្នុងស្ថានភាពទាំងប៉ុន្មានខាងក្រោមនេះហើយ ដែលបង្ហាញឱ្យឃើញថា យើងលែងមានតម្លៃ ហើយក៏លែងសំខាន់សម្រាប់គេទៀតដែរ។
១. ពេលយើងអស់ប្រយោជន៍
ចំពោះទំនាក់ទំនងខ្លះ គឺគេមករកយើងព្រោះតែយើងមានប្រយោជន៍ ផ្ដល់ផលប្រយោជន៍ឱ្យគេតែប៉ុណ្ណោះ។ យ៉ាងណាមិញចំពោះមនុស្សខ្លះ គេនឹងលែងទុកយើងសំខាន់ ឬយើងលែងមានតម្លៃអ្វីសម្រាប់គេទៀតហើយ ក៏ព្រោះតែយើងនេះ ចាប់ផ្ដើមអស់ប្រយោជន៍ ឬមិនអាចផ្ដល់នូវអ្វីដែលជាប្រយោជន៍ដែលគេចង់បានទៀត។
២. ពេលគេបានជួបអ្នកថ្មី
ទំនាក់ទំនងភាគច្រើន គឺតែងតែប្រែប្រួលទៅនៅពេលដែលម្ខាងទៀតបានជួបអ្នកថ្មី មានប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សផ្សេងទៀត ពេលនោះហើយគេក៏ចាប់ផ្ដើមប្រៀបធៀបរវាងយើងដែលជាអ្នកចាស់ និងអ្នកថ្មីដែលគេទើបតែបានជួប និងស្គាល់។ យ៉ាងណាមិញ ចំពោះយើងអ្នកចាស់ ច្បាស់ណាស់ថាស្គាល់គ្នាយូរ ប្រាកដជាអាចយល់ និងដឹងពីចរិត គំនិតរបស់គ្នាបានច្រើនដែរ ដូច្នេះ បើធៀបនឹងអ្នកថ្មីដែលទើបទែស្គាល់ ប្រាកដជាគេល្អជាងយើងហើយ ព្រោះមនុស្សទើបស្គាល់គ្នា គ្មានអ្នកណាមកបង្ហាញចំណុចអវិជ្ជមានឱ្យមនុស្សក្បែរបានដឹងទាំងអស់នោះទេ។ ដូច្នេះគេប្រាកដជាឱ្យតម្លៃអ្នកថ្មី មើលឃើញពីចំណុចល្អរបស់អ្នកថ្មីច្រើនជាងយើង យើងក៏ត្រូវស្ថិតនៅចំណុចមួយដែលគេលែងឱ្យតម្លៃ និងលែងទុកយើងសំខាន់ទៀត។
៣. ពេលគេអស់ចិត្តពីយើង
ជាមួយមនុស្សខ្លះ តាមពិតទៅ គេមិនបានជួបអ្នកថ្មីអ្វីទេ តែមកពីគេចាប់ផ្ដើមធុញទ្រាន់ ឬអស់ចិត្តពីយើង ដូច្នេះ ទោះបីជាយើងខំប្រឹងធ្វើល្អ យកចិត្តផ្គាប់ចិត្តគេយ៉ាងណា ក៏គេមើលមិនឃើញពីភាពសំខាន់ និងតម្លៃរបស់យើងទៀតដែរ។ ផ្ទុយទៅវិញ បើគេអស់ចិត្តពីយើងហើយនោះ ទោះយើងមិណធ្វើអ្វីសោះ ក៏គេទាស់ចិត្ត ថ្នាក់ចិត្ត មិនពេញចិត្តយើងដដែល។
៤. ពេលគេលែងត្រូវការយើងទៀត
ពេលគេលែងត្រុវការពឹងពាក់អ្វីយើងទៀត វាក៏ដូចគ្នាទៅនឹងពេលដែលយើងអស់ប្រយោជន៍ដែរ គឺលែងមានតម្លៃអ្វីសម្រាប់គេទៀតហើយ។ អាចនិយាយបានថា គេបានសោយសុខ ស្រណុកស្រួល ថ្កុំថ្កើង ខ្ពង់ខ្ពស់ ដូច្នោះហើយ គេក៏លែងមានអ្វីដែលចង់ឱ្យយើងជួយគេទៀតដែរ។ យើងក៏ចាប់ផ្ដើមក្លាយជាកាកមនុស្សនៅក្នុងភ្នែកគេ ក្លាយជាមនុស្សក្រៅចិត្តរបស់គេហើយ កុំថាឡើយតម្លៃ ឬភាពសំខាន់សម្រាប់គេ សូម្បីតែនឹកនា ឬឈ្មោះយើង មិនស្រួលគេមិនទាំងចងចាំផង៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ