ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា បានសហការជាមួយ អគ្គិសនីកម្ពុជា (EDC) និង រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និង សំណល់រឹង រាជធានីភ្នំពេញ ដើម្បីជួយឱ្យប្រជាពលរដ្ឋអាចទូទាត់វិក្កយបត្រភ្លើងនិងសំរាម សម្រាប់ប្រជាជនក្នុង រាជធានីភ្នំពេញ និងខេត្តកណ្តាល បានកាន់តែងាយស្រួល តាមរយៈទ្រូម៉ាន់នី។ ការសហការនេះ កើតចេញពីផែនការពង្រីកសេវាកម្មថ្មីៗបន្ថែម ក្នុងគោលដៅផ្ដល់ជូនសេវាកម្មឱ្យបានកាន់តែទូលំទូលាយ ជូនដល់អតិថិជនក្នុងប្រទេសកម្ពុជា។
ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដ៏ធំជាងគេបង្អស់មួយក្នុងប្រទេសថៃ គឺ Charoen Pokphand Group (CP) បានចាប់បើកដំណើរការសេវាទូទាត់វិក្កយបត្រជាមួយ អគ្គិសនីកម្ពុជា និង រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និង សំណល់រឹងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២០ ខែកក្កដា តទៅ តាមរយៈកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទចល័ត TrueMoney Walletឬភ្នាក់ងារទ្រូម៉ាន់នីដែលមានទូទាំងប្រទេសកម្ពុជា។ អតិថិជនរបស់ ទ្រូម៉ាន់នី នឹងអាចបង់ថ្លៃសេវាអគ្គិសនី និងសេវាប្រមូលសំរាមសំណង់រឹង ជាមួយភ្នាក់ងារ ទ្រូម៉ាន់នី ទាំងអស់ ឫតាមរយៈកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទចល័ត TrueMoney Wallet បានផងដែរ ដែលមានភាពងាយស្រួលចំណេញពេលវេលាបានយ៉ាងច្រើន។
ដើម្បីជាការអបអរសាទរដល់ការបើកដំណើរការសេវាកម្មថ្មីនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី នឹងផ្តល់ជូនប្រូម៉ូសិនពិសេសគឺការបង់ វិក្កយបត្រភ្លើងនិងសំរាមនេះ ដោយឥតគិតថ្លៃសេវា រយៈពេល ៣ ខែ សម្រាប់អតិថិជនទាំងអស់ ចាប់ពីថ្ងៃទី២០ កក្កដា រហូតដល់ ថ្ងៃទី៣១ តុលា ឆ្នាំ២០២០ ។
លោកស្រី ឃួន ហ្រ្វង់ដារា ប្រធាននាយកយុទ្ធសាស្រ្ត ក្រុមហ៊ុន TrueMoney Cambodia បានមានប្រសាសន៍ថា៖ «សម្រាប់ប្រជាពលរដ្ឋកម្ពុជាយើង ក្រុមហ៊ុន ទ្រូម៉ាន់នី តែងតែជាចំណែកដ៏សំខាន់មួយនៅក្នុងជីវិតរស់នៅប្រចាំរបស់ពួកគាត់។ ហើយនៅពេលនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី នឹងរួមចំណែកកាន់តែសំខាន់នៅក្នុងជីវិតរបស់ពួកគាត់ ដោយសារតែយើងផ្ដល់ជូនពួកគាត់នូវសេវាកម្ម ទូទាត់វិក្កយបត្រភ្លើងនិងសំរាមនេះ។”
លោកស្រី ដារា បានបន្ថែមទៀតថា៖ «តាមរយៈភ្នាក់ងារទូទាំងប្រទេស និង កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទចល័ត ដែលងាយស្រួលប្រើប្រាស់នេះ ទ្រូម៉ាន់នី មានគោលបំណងចង់ជួយសម្រួលឱ្យអតិថិជន អាចប្រើប្រាស់សេវាកម្មសំខាន់ៗទាំងនេះ ឱ្យបានកាន់តែងាយស្រួលបំផុត។»
បើគិតចាប់ពីឆ្នាំ២០១៦មក ពោលគឺនៅពេលដែលក្រុមហ៊ុន ទ្រូម៉ាន់នី ចាប់បើកដំណើរការដំបូងក្នុងប្រទេសកម្ពុជា ទ្រូម៉ាន់នី បានបង្កើតបណ្ដាញភ្នាក់ងារផ្ដល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុច្រើនជាងគេបង្អស់នៅកម្ពុជា។ ក្រុមហ៊ុន ទ្រូម៉ាន់នី បានឲ្យដឹងថាក្រុមហ៊ុនមានភ្នាក់ងាររហូតដល់ទៅជាង១ម៉ឺនទីតាំង សម្រាប់ផ្ដល់សេវាជូនអតិថិជន។
លោកស្រី ដារា បានបន្ថែមទៀតថា៖ «មិនខុសពីសេវាកម្មនិងផលិតផលថ្មីៗ ដែលយើងបានផ្ដល់ជូនទៅកាន់ទីផ្សារ នាពេលកន្លងមកប៉ុន្មានទេ សេវាទូទាត់វិក្កយបត្រភ្លើងនិងសំរាមនេះ នឹងជួយឲ្យ ទ្រូម៉ាន់នី អាចផ្ដល់ជូន អតិថិជនចាស់និងអតិថិជនថ្មី នូវសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុលំដាប់ពិភពលោក ដ៏ទំនើបនិងមានសុវត្ថិភាពខ្ពស់ របស់យើង។»
ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុង ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ទ្រូម៉ាន់នី ក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់ក្រុមហ៊ុន ទ្រូម៉ាន់នី នូវសេវាកម្ម និង បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មានសុវត្ថិភាពខ្ពស់។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូ៉ន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា។
ក្រៅពីសេវាទូទាត់វិក្កយបត្រភ្លើង និងសំរាមនេះទៅ ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏គ្រោងបើកដំណើរការ សេវាកម្មថ្មីៗ ជាច្រើនទៀត ជូនអតិថិជនបានប្រើប្រាស់ផងដែរ នាពេល ឆាប់ៗខាងមុខនេះ។
ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។
TrueMoney Group គឺជាកម្មវិធីហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ី នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី១ប្រទេស ទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី បាននិងកំពុងធ្វើប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។
បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺ ៦៥ ០០០ ភ្នាក់ងារ និង មានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ។