ដូចដែលយើងបានដឹងហើយថា ដើមឈើ មានប្រយោជន៍ខ្លាំងណាស់សម្រាប់ផែនដី អាកាសធាតុ មនុស្សជាតិ សត្វ និងវត្ថុមានជីវិតជាច្រើនលើផែនដី។
ដោយសារតែការកាប់បំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរកន្លងមក បានធ្វើឱ្យមានការបង្កើតកម្មវិធីដាំដើមឈើឡើងវិញទូទាំងប្រទេស ហើយសូម្បីតែប្រទេសកម្ពុជាក៏បានបា្ររព្ធពិធី " រុក្ខទិវា ០៩ កក្កដា " ជារៀងរាល់ឆ្នាំដើម្បីរំលឹកពីគុណប្រយោជន៍នៃដើមឈើផងដែរ ដោយការប្រារព្ធពិធីនេះគ្រាន់តែជាការក្រើនរំលឹក មិនមែនមានន័យថាជាការដាំដើមឈើត្រឹមតែមួយថ្ងៃឡើយ ។
យ៉ាងណាមិញ សម្រាប់សស្រុកកងមាស ខេត្តកំពង់ចាម ក៏បានប្រារព្ធពិធីដាំដើមឈើ រុក្ខទិវា នេះដែរ ដោយបានលើកយកថ្ងៃទី ១៧ ខែកក្កដា នេះសម្រាប់ការជួបជុំគ្នា។
តាមរយៈផេក ការិយាល័យអប់រំ យុវជន និងកីឡា ស្រុកកងមាស បានឱ្យដឹងថា៖ « ព្រឹកថ្ងៃទី១៧ កក្កដា ២០២០ រដ្ឋបាលស្រុកកងមាសបានបា្ររព្ធពិធី " រុក្ខទិវា ០៩ កក្កដា " នៅវត្តកងត្រង់ណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។
លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុកកងមាស លោកគ្រូ អ្នកគ្រូបានចូលរួមដាំកូនឈើជាមួយនឹង លោកអភិបាលស្រុក និងលោក លោកស្រីមន្ត្រីជុំវិញសាលាស្រុក។
" រុក្ខទិវា" ជាសកម្មភាព ដ៏ឧត្តុង្គឧត្តម ដែលយើងរួបរួមគ្នាស្តារ និងថែរក្សាប្រភពធនធានជាតិដ៏សំខាន់ ជារតនសម្បត្តិដ៏មានតម្លៃ សម្រាប់លើកស្ទួយសង្គមជាតិយើង »៕