ជនជាតិក្រិក មានជំនឿថា កាលពីបុរាណកាលមក កំណេីតជីវិតដំបូងលេីផែនដី មនុស្សទាំងអស់ គឺសុទ្ធតែមាន ដៃ ៤ ជេីង ៤ និងមុខតែ១ តែមានក្បាលដល់ទៅ២ ដែលអាចបែងចែកថាក្នុងខ្លួនមនុស្សម្នាក់ គឺមានធាតុញី និងឈ្មោលបូកបញ្ចូលគ្នា។
តែដោយសារតែពេលនោះ មនុស្សមានអំណាចថាមពលខ្លាំងពេក ដែលអាចជាការគម្រាមដល់ទាំងជីវិតលើផែនដី និងដល់ព្រះនាពេលអនាគត ដូច្នេះព្រះអទិទេព Zeus ក៏បានសម្រេចប្រេីរន្ទះ បាញ់កាត់ផ្តាច់ខ្លួនមនុស្សជា២ចំណែក ដេីម្បីបន្ថយកម្លាំងអនុភាព និងថាមពលរបស់មនុស្សតែម្តងទៅ។
ហេតុនេះហេីយ ចាប់ពីពេលនោះមក ធម្មជាតិ បានតម្រូវឱ្យខ្លួនមនុស្សដែលដាច់ជា២ របស់ពួកគេ ធ្វេីការស្វែងរកគ្នាទៅវិញទៅមកដោយស្វ័យប្រវត្តិ ដេីម្បីឱ្យជីវិតពួកគេមានភាពពេញលេញឡេីងវិញ ពេញដោយអំណាច ថាមពលពេញលេញ ពេញដោយក្តីស្រលាញ់ស្មោះស្ម័គ្រ និងអាចមេីលថែរក្សាគ្នាទៅវិញទៅមករហូតដល់ថ្ងៃស្លាប់ ដែលគ្រប់គ្នាចំណាំហៅថា ដៃគូជីវិត (Soulmate) ។
ពាក្យថាដៃគូជីវិត គឺជាមនុស្សពិត មនុស្សដែលយល់ពីចិត្តអ្នក មនុស្សដែលអាចរួមសុខទុក្ខជាមួយអ្នកអស់មួយជិវិតមិនថាក្តៅរងា ហើយពេលដែលអ្នកទាំង២បានរកគ្នាឃើញ អ្នកទាំង២នឹងមានកម្លាំង និងអំណាចម្យ៉ាង ទាំងកាយ និងចិត្តគំនិតដែលត្រូវពឹងពាក់ ពិភាក្សាគ្នាទៅវិញទៅមក ស្វែងរកដំណោះស្រាយណាមួយ គិតការងារសំខាន់ៗ ជាមិត្តជិតស្និទ្ធ និងជាទីប្រឹក្សាដ៏គួរឱ្យទុកចិត្តបំផុត ហើយការដែលស្វែងរកដៃគូជីវិតដែលចេះជួយរំលែកការងារ សេចក្តីសុខ និងទុក្ខលំបាកបានដូច្នេះហើយ ប្រាកដណាស់ថា រាល់កិច្ចការទាំងឡាយរបស់អ្នកទាំង២ធ្វើរួមគ្នា រមែងតែងតែទទួលបានភាពជោគជ័យជានិច្ច។
តែទោះជាយ៉ាងណា ពាក្យថាដៃគូជីវិតមួយនេះ ក៏មិនមែនបានន័យថាអ្នកទាំង២ ដែលបានរកគ្នាឃើញសុទ្ធតែជួបសុភមង្គលតែទាំងអស់គ្នាដែរ ហើយតើអ្នកដឹងទេថា បណ្តាលមកពីមូលហេតុអ្វី?
ទោះអ្នកទាំង២ គឺជាខ្លួនពិតដែលស្វែងរកគ្នាឃើញ តែអនាគត និងក្តីសុខរបស់អ្នកទាំង២ គឺអាស្រ័យទៅលើទង្វើដែលធ្វើចំពោះគ្នាតែប៉ុណ្ណោះ ព្រោះប្រសិនជាអ្នកចេះស្រលាញ់គ្នា ចេះអត់ឱនឱ្យគ្នា ការពារគ្នា និងស្មោះត្រង់នឹងគ្នា ជីវិតគូរបស់អ្នកនឹងមានក្តីសុខសុភមង្គល និងជោគជ័យគ្រប់ប្រការ តែប្រសិនជាកាលណា ដៃគូជីវិតរបស់អ្នកទាំង២ មានជម្លោះនឹងគ្នា មិនយោគយល់គ្នា និងមិនយល់ចិត្តគ្នា អ្នកទាំង២ ក៏អាចបំផ្លាញដៃគូម្ខាងៗទៀតបានផងដែរ។
ហើយកុំគិតថា អ្នកជាដៃគូជីវិតនឹងគ្នាហើយមិនអាចបែកគ្នាឱ្យសោះ ព្រោះថា ទោះមានឈ្មោះថាជាដៃគូជីវិតពិត បើគ្មានចិត្ត បើគ្មានក្តីស្មោះត្រង់ និងមិនចេះអត់ឱនយោគយល់គ្នាហើយ អ្នកក៏អាចបែកគ្នាបានដែរ ហើយទោះរស់នៅបែកផ្សេងគ្នាម្នាក់ៗក៏អ្នកទាំង២ អាចមានជីវិតរស់នៅខ្លួនឯងបានដែរគ្រាន់តែមិនមានក្តីសុខពេញលេញដូចមុនប៉ុណ្ណោះ។
ប៉ុន្តែ.....ចូរកុំច្រលំពាក្យថាដៃគូ និងគូជីវិតឱ្យសោះ ព្រោះថាពាក្យថាដៃគូ គឺការប្រើកែវភ្នែកសម្លឹងមើលអ្នកដែលស័ក្តិសមនឹងខ្លួន ដែលរួមមានទាំងរូបសម្បត្តិ ទ្រព្យសម្បត្តិ ការងារ និងភាពស័ក្តិសមត្រូវនឹងខ្លួនប៉ុណ្ណោះ តែពាក្យថាដៃគូជីវិត គឺជាអ្នករួមសុខទុក្ខពិតអស់មួយជីវិត ហើយខួរក្បាល និងបេះដូងរបស់អ្នកគឺជាអ្នកជ្រើសរើសដោយស្វ័យប្រវត្តិដោយមិនអាចប្រកែកបាន ពិសេសពេលអ្នកជួបគ្នា អ្នកទាំង២នឹង ៖
-មាននិស្ស័យនឹងគ្នា ហាក់បីដូចជាធ្លាប់ស្គាល់ជិតស្និទ្ធគ្នាពីមុន ពោរពេញដោយអារម្មណ៍រំភើបចម្លែក
-ហាក់មានអារម្មណ៍ និងវិញ្ញាណជ្រាលជ្រៅម្យ៉ាងដែលបាញ់ទៅរកគ្នា
-មានអារម្មណ៍ថាចូលចិត្តគ្នា ត្រូវការគ្នា យល់ពីគ្នា គិតពីគ្នា
-មានការគិត ចំណូលចិត្ត គុណសម្បត្តិ និងគុណវិបត្តិ ស្រដៀងគ្នា
-ជាមិត្តជិតស្និទ្ធ ជាទីប្រឹក្សាពិត និងជាមនុស្សដែលគួរទុកចិត្តបំផុតដូចមនុស្សតែមួយ
-និយាយត្រូវរ៉ូវគ្នាគ្រប់រឿង និយាយរួមការគិតស្របនឹងគ្នា និងស៊ីចង្វាក់គ្នា
- មិនមែនជាមនុស្សតែមួយ តែហាក់បីដូចជាមានកម្លាំងពិសេសអ្វីម្យ៉ាងដែលមិនអាចខ្វះគ្នា ពិសេសពេលធ្វើកិច្ចការអ្វីមួយត្រូវតែរួមគ្នាធ្វើទើបបានសម្រេច
-ធ្វើឱ្យជីវិតចាប់ផ្តើមផ្លាស់ប្តូរទាំងស្រុង ពេលដែលជួបនឹងគូជិវិតពិតម្នាក់នេះ
-ពេលខ្លះអ្នកអាចនឹងមានអារម្មណ៍ថាដូចជាធ្លាប់ជួបគ្នានៅទីណាម្តង (Dejavu) ឬអាចនឹងយល់សប្តិឃើញគ្នាក៏ថាបាន។
ដូច្នេះចូរស្វែងរកដៃគូជីវិតរបស់អ្នកពិតឱ្យបានត្រឹមត្រូវ ហើយបើស្វែងរកបានហើយ ចូរថែរក្សាគ្នាឱ្យបានល្អ ដើម្បីឱ្យជីវិតរបស់អ្នកមានថាមពល និងក្តីសុខពេញលេញដើម្បីបន្តដំណើរជីវិតទៅថ្ងៃមុខ ។
ចុះអ្នករកឃេីញខ្លួនអ្នកមួយចំហៀងទៀតពិតប្រាកដហេីយឬនៅ? ប្រយ័ត្នរកខុសណា!!!
រក្សាសិទ្ធ៖ ក្នុងស្រុក