ភ្នំពេញ កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ - ទោះបីជាអាជីវកម្ម និងវិនិយោគនៅកម្ពុជាខ្លះប្រឈមនឹងបញ្ហាវីរុស កូវីដ-១៩ក៏ដោយ ក៏ក្រុមហ៊ុនក្នុងស្រុកមួយចំនួននៅតែបន្តចំណាយពេលវេលា និងធនធានរបស់ខ្លួនទៅលើគម្រោងអាជីវកម្មដែលខ្លួនបានគ្រោងទុកមុនពេលមានការផ្ទុះឡើងនៃវីរុសនេះ។
ដូចជា គម្រោងអាជីវកម្មរបស់កសិដ្ឋានគិរីសួគ៌ (Kirisu Farm) ដែលជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងជារោងចក្រកែច្នៃទឹកដោះគោដែលប្រើបច្ចេកវិទ្យាទំនើបថ្មីចុងក្រោយគេបង្អស់ ក្នុងខេត្តតាកែវ ដែលបានឆ្លងកាត់ការអភិវឌ្ឍន៍ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កសិដ្ឋានមានផែនការពន្លឿនសកម្មភាពផលិតនាដើមឆ្នាំ ២០២០ ក្នុងគោលដៅផ្គត់ផ្គង់ទឹកដោះគោសុទ្ធបំផុតពីធម្មជាតិ សម្រាប់ពលរដ្ឋកម្ពុជាឲ្យបាននៅចុងឆ្នាំនេះ។
ឈរនៅក្បែរសត្វគោញីផើម ប្រភេទ Holstein heifers ចំនួន ៥៥០ ក្បាល ដែលបាននាំចូលពីប្រទេសអូស្រ្តាលី កាលពីខែ កុម្ភៈ មិនា និង មេសាកន្លងមក លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk Co., Ltd. និង ជាប្រតិបត្តិករកសិដ្ឋាននេះបានពន្យល់ថា៖
«យើងពិតជាសប្បាយចិត្តណាស់ដែលបាននាំចូលសត្វគោលំដាប់ពិភពលោក ប្រភេទ Holstein heifers ចំនួន៥៥០ ក្បាល មកកម្ពុជាពីអូស្រ្តាលី។ បើគិតមកដល់ពេលនេះ គោដែលយើងបាននាំចូល បានបន្សុំាខ្លួនបានយ៉ាងល្អទៅ នឹងបរិយាកាសថ្មី ហើយមានសុខភាពល្អ នៅក្នុងកសិដ្ឋានរបស់យើងដែលបានសាងសង់ តាមបច្ចេកវិទ្យាទំនើប»
លោក រិទ្ធី បានបន្ថែមទៀតថា ៖ “យើងសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់យើងក្នុងការនាំចូលសត្វគោទាំងអស់ចូលមកកម្ពុជា។ ដោយសារបញ្ហាកូវីដ-១៩ យើងបានជួបប្រទះភាពស្មុគស្មាញមួយចំនួន នៅពេលដែលក្រុមអ្នកជំនាញផ្នែកដំាដុះ និងអ្នកជំនាញផ្នែកបច្ចេកវិទ្យាអន្តរជាតិកំពូលៗចូលមកប្រទេសកម្ពុជា។ យើងក៏សូមអរគុណដល់ រាជរដ្ឋាភិបាល ដែលបានសម្រួលការផ្ដល់ទិដ្ឋាការដល់ក្រុមការងារអន្តរជាតិរបស់យើង។ យើងសប្បាយចិត្តណាស់ ដែលការងាររបស់យើង នៅតែសម្រេចបានតាមផែនការ ហើយពិតជាមានមោទនភាព ដែលយើងអាចសម្រេចការងារស្ទើរតែទាំងស្រុង ទៅតាមផែនការដែលយើងបានគ្រោងទុកមុនពេលមានកូវីដ-១៩។”
កសិដ្ឋានទំហំ ៣០០ ហិចតានេះ មានទីតាំងស្ថិតនៅជ្រលងភ្នំតាម៉ៅ នៅខេត្តតាកែវ ចម្ងាយជាង ៣០ គីឡូម៉ែត្រ ពីភាគខាងត្បូង រាជធានីភ្នំពេញ។
កសិដ្ឋាននេះ មានខ្យល់អាកាសបរិសុទ្ធ ដីសំបូរជីវជាតិ និងភាពស្ងប់ស្ងាត់ល្អ ដែលអំណោយផលដល់ការចិញ្ចឹមគោដែលបាននាំចូលថ្មីទាំងអស់នោះ។ គោទាំងនេះស៊ី ពោត សណ្ដែក និងស្មៅប្រភេទផ្សេងៗ ដូចជាស្តៃឡូ (Stylo) មូមបាសា (Mombasa) ដែលដំា និងកែច្នៃដោយកសិដ្ឋានផ្ទាល់តែម្តង។
ក្រុមហ៊ុន Khmer Fresh Milk បានកកើតចេញពីការចាប់ដៃគូរវាង Cambodia-Laos-Myanmar Development Fund II ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី តំណាងដោយក្រុមហ៊ុន Emerging Markets Investment Advisers (EMIA), មូលនិធិ Nexasia របស់ជប៉ុន ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និង ក្រុមស្ថាបនិកដែលទទួលបានជោគជ័យខ្ពស់ រួមមាន សហគ្រិនកម្ពុជា និងសហគ្រិនមកពីប្រទេសអ៊ីស្រាអែល។
ដៃគូផ្នែកបច្ចេកវិទ្យាគឺក្រុមហ៊ុន Afimilk របស់ប្រទេសអ៊ីស្រាអែល។ Afimilk ជាក្រុមហ៊ុន មួយក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតខាងបច្ចេកវិទ្យា និងគ្រប់គ្រងកសិដ្ឋានគោទឹកដោះ នៅលើពិភពលោក។
ក្រុមហ៊ុន Afimilk បានទទួលជោគជ័យជាច្រើនមកហើយ ក្នុងការបង្កើត និងគ្រប់គ្រងគម្រោងអាជីវកម្មស្រដៀង គ្នានេះនៅទូទាំងពិភពលោក ក៏ដូចជាគម្រោងនៅប្រទេស វៀតណាម បង់ក្លាដែស និង ចិន។
ក្រុមហ៊ុននេះប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយបំផុត និងគោលការណ៍ការពារបរិស្ថាន ដើម្បីធានាថា កសិដ្ឋានរបស់ខ្លួន ដំណើរការប្រកបដោយចីរភាព និងផលិតផលទឹកដោះគោរបស់ខ្លួន ត្រូវបានផលិតឡើងស្របទៅតាមស្តង់ដារអន្តរជាតិខ្ពស់បំផុត ដើម្បីធានាទំាងអនាម័យ និងគុណភាពផលិតផល។
លោក ជី សិលា ដៃគូសហស្ថាបនិក ក្រុមហ៊ុន Khmer Fresh Milk បានឲ្យដឹងថា ទោះបីមានការព្រួយបារម្ភ អំពីផលប៉ះពាល់ នៃវីរសុកូវីដ-១៩ ទៅលើសុខភាព និងវិបុលភាពនៅប្រទេសកម្ពុជាក៏ដោយ ក៏ក្រុមការងារកសិដ្ឋាននេះ មិនដែលគិតចង់ពន្យារពេលបើកដំណើរគម្រោងអាជីវកម្មនេះឡើយ សូម្បីតែម្ដង ហើយ ការបង្កើតស្តង់ដារថ្មីសម្រាប់កសិកម្ម និងផ្ដល់អាហារូបត្ថម្ភកាន់តែល្អ នៅកម្ពុជា។
លោក សិលា បានមានប្រសាសន៍ថា ៖ «កសិដ្ឋានគិរីសួគ៌ (Kirisu Farm) មានចក្ខុវិស័យយូរអង្វែង ក្នុងការនាំយកទឹកដោះគោសុទ្ធពីធម្មជាតិ បច្ចេកទេសកសិកម្ម និងការកែច្នៃចំណីអាហារលំដាប់ពិភពលោក មកកាន់កម្ពុជា ហើយយើងមិនគិតអំពីផលចំណេញមួយភ្លែតៗនោះទេ។ យើងបាននាំយកបច្ចេកវិទ្យាទំនើបៗ ហើយយើងកំពុងធ្វើការជាមួយអ្នកជំនាញកសិកម្មជនជាតិអ៊ីស្រាអែល លើផ្នែកចិញ្ចឹមគោយកទឹកដោះ និងផ្នែកដំាដុះល្បីៗនៅលើពិភពលោក ដើម្បីជួយពួកយើងលើការដាំដុះ របៀបមើលថែរក្សាសុខភាពគោ និងកែច្នៃទឹកដោះគោសុទ្ធពីធម្មជាតិ ១០០ ភាគរយ ពីកសិដ្ឋានគិរីសួគ៌ (Kirisu Farm) ឲ្យមានគុណភាព ខ្ពស់តាមស្ដង់ដារអន្តរជាតិនេះ។»
បុគ្គលិកភាគច្រើនរបស់កសិដ្ឋាននេះ គឺជាប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់តែម្ដង ហើយក្រុមហ៊ុនបានឲ្យដឹងថាខ្លួននឹងចែកចាយទឹកដោះគោសុទ្ធដោយឥតគិតថ្លៃពីកសិដ្ឋាននេះជូនដល់ក្រុមគ្រួសារ និងមន្ត្រីរាជការក្នុងមូលដ្ឋាន ដើម្បីចូលរួមជាជំនួយពីផលប៉ះពាល់នៃវិបត្តិ កូវីដ-១៩ និងដើម្បីជាការតបស្នងសងគុណចំពោះប្រជាពលរដ្ឋមូលដ្ឋាន ដែលបានគាំទ្រដល់កសិដ្ឋាននេះ។
លោក ជី សិលា បាននិយាយថា៖ “សម្រាប់ខ្ញុំនេះគឺជាសុភមង្គល និងជាក្ដីសង្ឈឹមមួយ ហើយខ្ញុំពិតជាចង់ឃើញ ស្នាមញញឹមរបស់ក្មេងៗ នៅពេលដែល ពួកគេភ្លក្សរសជាតិទឹកដោះគោសុទ្ធជាលើកដំបូង។ ទឹកដោះគោនេះមានរសជាតិខុសពីទឹកដោះគោដែលមានលក់នៅស្រុកខ្មែរយើងកន្លងមក។”
លោក សិលា បាននិយាយថា៖ “យើងអោយគោទាំងនេះស៊ីចំណីអាហារដែលជាគ្រាប់ធញ្ញជាតិដែលដាំក្នុងស្រុក ដើម្បីបំប៉នបន្ថែម ទៅលើចំណី ដែលដាំនៅក្នុងកសិដ្ឋានផ្ទាល់ ហើយទឹកដោះគោនៅទីនេះ ត្រូវបានកែច្នៃនៅឯរោងចក្រដ៏ទំនើបរបស់យើង។ ដូច្នេះយើងអាចផលិតបាននូវទឹកដោះគោសុទ្ធបំផុតដែលប្រជាជនកម្ពុជាមិនធ្លាប់ បានភ្លក្សពីមុនមក ហើយយកវាទៅលក់នៅភ្នំពេញ និងនៅទូទាំងប្រទេសតែម្ដង ដោយចំណាយពេលត្រឹមតែ ប៉ុន្មានម៉ោងប៉ុណ្ណោះ។”
ផលិតផលពីកសិដ្ឋានគិរីសួគ៌ (Kirisu) នឹងគ្រោងដាក់លក់ទឹកដោះសុទ្ធធម្មជាតិ និងយ៉ាអួរស្រស់របស់ខ្លួន នៅតាមផ្សារទំនើប មីនីម៉ាត ភោជនីយដ្ឋាន និងហាងកាហ្វេនានា នាពេលខ្លីខាងមុខនេះ។