ការចិញ្ចឹមកូនប្រុសកូនស្រី គឺជាតួនាទី និងភារកិច្ចរបស់មាតាបិតាគ្រប់រូប ដែលត្រូវទទួលខុសត្រូវខ្ពស់បំផុត។ យ៉ាងណាមិញ ការចិញ្ចឹមកូនប្រុស និងកូនស្រីក៏មានរបៀប និងការអប់រំបែបខុសគ្នាដែរ។ តួយ៉ាងខាងក្រោមនេះ គឺជាខ្លឹមសារដ៏គួរឱ្យចាប់អារម្មណ៍ និងមានន័យសម្រាប់ប៉ាម៉ាក់ទាំងឡាយ ដើម្បីសិក្សាយល់ដឹង និងយកទៅប្រើការក្នុងការចិញ្ចឹម បីបាច់ថែរក្សាកូនៗ ទៅតាមតំណមផ្សេងៗគ្នា។
១ . ការចិញ្ចឹមកូនប្រុសមានតំណម ៣
- តំណមទី១ ៖ ចិញ្ចឹមថ្នាក់ថ្នមតម្រូវតាមចិត្តជ្រុល
កូនប្រុសធំឡើង គឺត្រូវធ្វើជាសសរទ្រូងគ្រួសារ ប្រសិនខ្លាចកូននឿយហត់ពេក ថ្នាក់ថ្នមតាមចិត្តកូនជ្រុលពេក នោះពេលគេធំពេញវ័យ ជួបបញ្ហា វិបត្តិ ឧបសគ្គបន្តិចបន្តួចក៏មិនអាចពុះពារបាន អ៊ីចឹងគេនឹងពិបាកសម្រេចបានកិច្ចការធំណាស់។
- តំណមទី២ ៖ តាមម៉ែស្អិតពេក
ពេលកូនប្រុសធំត្រូវតែឃ្លាតពីម៉ែបន្តិច ដល់វ័យធំដឹងក្តីល្មមជាម្តាយត្រូវតែចេះលែងដៃកូនខ្លះ ឃ្លាតឆ្ងាយពីគេបន្តិច ហើយទុកឱកាសឱ្យគេនៅមើល និងរៀនតាមឪពុកគេវិញ ដើម្បីរៀនសូត្រតាមធ្វើជាបុរសដើមទ្រូង៥ហត្ថ។
- តំណមទី៣ ឡ មានអត្តចរិតមិនល្អ
ប្រសិនបើកូនមានចរិតបែបភ័យខ្លាច គេ គ្មានគោលគំនិតជាខ្លួនឯង ធ្វើរឿងអ្វីក៏ចេះតែអូសបន្លាយពេលវេលា សម្រេចចិត្តមិនដាច់ស្រេច ហើយងាយបោះបង់ចោល។
កូនបែបនេះនឹងពិបាកក្លាយជាមនុស្សមានកំណើតណាស់ ហើយទៅថ្ងៃមុខក្នុងជីវិតអាពាហ៍ពិពាហ៍របស់គេក៏មិនល្អខ្លាំងដែរ។
២ . ចិញ្ចឹមកូនស្រីមានតំណម៥
- តំណមទី១ ចិញ្ចឹមបែបក្រ
កូនស្រីត្រូវតែចិញ្ចឹមបែបអ្នកមាន (មាន ក្រ ក្នុងន័យនេះមិនមែនសំដៅលើរបស់ទ្រព្យទេ) ប៉ុន្តែវាមានន័យច្រើនទៀតគឺ ចិត្តគំនិតវែងឆ្ងាយ កូនស្រីត្រូវតែឱ្យគេចេញស្គាល់សង្គមខាងក្រៅឱ្យច្រើន ដើម្បីបង្កើនចំណេះដឹង។
- តំណមទី២ ៖ ថ្នមកូនជ្រុលពេក
ប្រសិនបើស្រឡាញ់កូនស្រីខ្លាំងពេក នឹងធ្វើឱ្យគេក្លាយជាមនុស្សរំអួយជ្រុលតាមតែចិត្តឯង អ្នកដទៃធ្វើអ្វីឱ្យទើសចិត្តបន្តិចក៏ខឹងដូចភ្នំភ្លើងផ្ទុះ។ អត្តចរិតបែបនេះនឹងពិបាកចូលសង្គមចុះណាស់ ហើយថ្ងៃក្រោយក្នុងជីវិតអាពាហ៍ពិពាហ៍ក៏មិនល្អដែរ។
- តំណមទី៣ ៖ មិនឯករាជ្យ
កូនស្រីត្រូវរៀនឯករាជ្យ មិនមែនគ្រប់រឿងត្រូវតែចាំពឹងផ្អែកលើគេនោះទេ បើមិនដូច្នេះនឹងបាត់បង់តម្លៃខ្លួនឯង។ មិនថារឿងសេដ្ឋកិច្ច ឬស្នេហា គឺត្រូវតែឯករាជ្យម្ចាស់ការបានដោយខ្លួនឯង។
- តំណមទី៤ ៖ ខ្ជិលខ្លាំងពេក
មិនចេះរៀបចំបន្ទប់ដេក ខោអាវក៏ខ្ជិលបោក ខ្ជិលទាំងការរៀនសូត្រទៀត-ល-។ មនុស្សខ្ជិលពេក គឺមានគុណវិបត្តិធ្ងន់ធ្ងរណាស់។
- តំណមទី៥ ៖ ឆោតល្ងង់ពេក
មានឪពុកម្តាយជាច្រើនតែងតែបង្រៀនកូនស្រីឱ្យមើលឃើញតែពិភពលោកស្រស់ស្អាតប៉ុណ្ណោះ ធ្វើឱ្យពេលគាត់ធំឡើង ងាយនឹងជឿសម្តីគេ មនុស្សដែលឆោតពេក គឺងាយនឹងខាតបង់ធំណាស់៕
បកប្រែដោយ ៖ សុខ គឹមទៀវ