ជឿថា នៅពេលដែលអ្នកដាក់ចិត្តស្រឡាញ់នរណាម្នាក់ពិតប្រាកដ ហើយគិតថាពិតជាច្បាស់លាស់នឹងគេ អ្នកប្រាកដជានឹក គិត ហើយស្រមៃថា ក្ដីស្នេហា និងស្នេហាមួយនេះ វានឹងអាចបានល្អដូចអ្វីដែលអ្នកបានគិត តែចុងក្រោយ អារម្មណ៍ដូចធ្លាក់ចូលទៅក្នុងជ្រោះយ៉ាងជ្រៅ ព្រោះក្ដីស្រឡាញ់ និងការដាក់ចិត្ត វាប្រែទៅជាខកបំណង ខុសការគិតទៅវិញ។
- ធ្លាប់ស្រមៃថា នឹងមានថ្ងៃណាមួយបានធ្វើដំណើរកម្សាន្តយ៉ាងរីករាយ ទៅញ៉ាំអីឆ្ងាញ់ៗជាមួយនឹងគេ តែចុងក្រោយ សូម្បីតែមុខយើងក៏គេមិនទាំងចង់ឃើញផង។
- ធ្លាប់ស្រមៃថា នឹងអាចបណ្ដើរគ្នាទៅណាមកណា ជួបជុំបងប្អូន មិត្តភក្តិក្នុងកម្មវិធីជប់លៀងផ្សេងៗ តែចុងក្រោយបានត្រឹមតែគេទៅដោយគេ យើងទៅដោយយើង ពេលខ្លះ ឃើញគ្នា បែរជាធ្វើមិនស្គាល់គ្នាទៀត។
- ធ្លាប់គិតថា នឹងអាចមានអនាគតមួយដ៏ល្អជាមួយគ្នា សាងគ្រួសារមួយដ៏កក់ក្ដៅបំផុត ជាគ្រួសារដែលគេឯងមើលមកច្រណែនគ្រប់គ្នា តែវាមិនអាច ព្រោះថា ចាប់ផ្ដើមទាក់ទងគ្នា ស្រឡាញ់គ្នាមកជាយូរ ទើបប្រទះឃើញថា ការពិតទៅ គេ និងយើងមិនសូវត្រូវគ្នា មិនយល់ចិត្តគ្នាសោះ ទីបំផុតក៏បែកគ្នាទាល់តែបាន។
- ធ្លាប់គិតថា ទោះឈ្លោះ ឬបែកគ្នា តែយើងប្រាកដជាអាចវិលត្រឡប់មកផ្សះផ្សាគ្នាវិញបានសាជាថ្មី តែអ្វីៗ យើងគិត និងចង់តែម្ខាង តែគេ មិនដែលនឹងចង់រួមដំណើរជាមួយយើងសូម្បីតែបន្តិច ...។
លែងឆ្ងល់ហើយថា ហេតុអ្វីអ្នកខ្លះស្រឡាញ់គ្នាណាស់ តែបែរជាបែកគ្នា គ្រប់យ៉ាងគឺ ទាល់តែអ្នកធ្លាប់ជួប ធ្លាប់ឆ្លងកាត់ ទើបអាចយល់អារម្មណ៍មួយនេះ គឺវាមិនមានអ្វីដែលចម្លែកទេ គ្រប់ការជប់លៀង តែងតែដល់ពេលមួយដែលត្រូវបញ្ចប់៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ