ខ្ញុំមិនមែនជាមនុស្សល្អណាស់ណា តែខ្ញុំជឿថា ខ្ញុំអាចនឹងល្អឱ្យអស់ពីចិត្ត ចំពោះមនុស្សដែលខ្ញុំស្រឡាញ់ បើខ្ញុំស្រឡាញ់នរណាម្នាក់ ខ្ញុំនឹងមិនធ្វើឱ្យគេខូចចិត្ត ឬឈឺចាប់ដោយសារតែខ្ញុំនោះឡើយ ខ្ញុំនឹងធ្វើឱ្យគេទទួលបានអារម្មណ៍កក់ក្ដៅ មានសុភមង្គល និងគិតថា គេជាមនុស្សសំណាង ដែលបានខ្ញុំជាសង្សារ ដែលមានខ្ញុំជាដៃគូជីវិត។
ព្រោះតែធ្លាប់ឆ្លងកាត់ដំណាក់កាលស្នេហាបរាជ័យ ធ្លាប់ត្រូវគេធ្វើឱ្យឈឺចាប់ ធ្លាប់ខូចចិត្ត ធ្លាប់ខកបំណង ជាពិសេសគឺ ធ្លាប់ត្រូវគេបោះបង់ចោល ហើយគេក៏ទៅរកអ្នកថ្មីមកជំនួសខ្ញុំ អារម្មណ៍មួយហ្នឹង វាពិតជាឈឺចាប់ណាស់ គេយកយើងត្រឹមជាការលេងសើច ព្រោះតែហេតុផលនេះហើយ ទើបធ្វើឱ្យខ្ញុំមានអារម្មណ៍ថា បើមានស្នេហាលើកក្រោយ ខ្ញុំនឹងធ្វើឱ្យអ្នកមុនខូចចិត្ត និងស្ដាយដែលបោះបង់ខ្ញុំ ហើយនឹងធ្វើឱ្យអ្នកថ្មី មានអារម្មណ៍ថា ខ្លួនគេមានសំណាង ដែលបានខ្ញុំជាគូក្នុងពេលបច្ចុប្បន្នរបស់គេ។
ខ្ញុំអាចមិនល្អបំផុត ឬល្អឥតខ្ចោះនោះឡើយ តែចំពោះស្នេហា និងសម្រាប់មនុស្សដែលខ្ញុំស្រឡាញ់ គឺខ្ញុំអាចលះបង់បានគ្រប់យ៉ាង ដើម្បីមនុស្សដែលខ្ញុំស្រឡាញ់ គឺខ្ញុំស្មោះអស់ពីចិត្ត ស្រឡាញ់ពេញបេះដូង ខ្ញុំច្បាស់លាស់ ខ្ញុំម៉ឹងម៉ាត់ ព្រោះចង់មានអនាគតមួយដ៏ល្អ មានគ្រួសារមួយដ៏ពេញលេញ នេះហើយជាបំណងរបស់ខ្ញុំ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ