ម៉ែកូនគ្មានគំនុំទេ! ជេរព្រឹកនឹកថ្ងៃ ពេលកូនឃ្លាតឆ្ងាយម្ដាយនឹក ទោះកូននៅជិតក៏នៅតែបារម្ភ

គ្មានម្ដាយកូនណា ដែលថាមិនធ្លាប់មាត់តូចធំដាក់គ្នានោះឡើយ តែទោះជាម្ដាយស្ដីបន្ទោស រអ៊ូរទាំដាក់កូនយ៉ាងណាក៏ដោយ តែចិត្តម្ដាយច្បាស់ណាស់គឺ ទុកកូនស្មើកែវភ្នែក កូនជាបេះដូង ថ្លើមប្រម៉ាត់ ជាជីវិតរបស់ម្ដាយគ្រប់រូប។

Cover Copy

ក្នុងនាមជាម្ដាយម្នាក់ ពិតជាហត់នឿយណាស់ បង្កើតកូនលំបាក មើលថែកូនលំបាក ចិញ្ចឹម និងប្រដៅអប់រំកូន គឺរឹតតែពិបាកទ្វេដង។ ចិញ្ចឹមកូនទម្រាំដល់ធំ បារម្ភពីកូន យប់ព្រឹកល្ងាចថ្ងៃ គ្មានថ្ងៃណា គ្មានវេលាណា ដែលម្ដាយមិននឹក មិនគិត មិនខ្វល់ពីកូននោះទេ។ ដូចពាក្យគេថា "ចិញ្ចឹមកូន១០០ឆ្នាំ បារម្ភពីកូន៩៩ឆ្នាំ" ពាក្យមួយឃ្លានេះ ពិតជាមិនខុសនោះឡើយ សូម្បីតែពេលដែលម្ដាយឈឺថ្កាត់យ៉ាងណាក៏ដោយ ក៏នៅតែនឹក និងបារម្ភពីកូនដែរ។

ម្ដាយព្រមហត់ ព្រមលំបាក ស៊ូអត់ឃ្លានគ្រប់បែបយ៉ាង ដើម្បីឱ្យកូនមានបាន និងមានគ្រប់យ៉ាងដូចគេដូចឯង។ ម្ហូបឆ្ងាញ់ ម្ដាយក៏ទុកឱ្យកូន ឃ្លាតទៅឆ្ងាយតែងនឹកនាដល់កូន ត្រប់មកវិញ មិនភ្លេចទិញរបស់ ឬចំណីផ្ញើកូន... មួយជីវិតនេះ ម្ដាយលះបង់ និងធ្វើគ្រប់យ៉ាង ក៏ដើម្បីតែកូនប៉ុណ្ណោះ ទោះត្រូវលំបាក ជួបឧបសគ្គយ៉ាងណា ក៏ម្ដាយមិនរុញរានឹងតស៊ូនោះដែរ។

400af271a9c5957aa35967764f79669b

ការលះបង់ដ៏ធំធេងរបស់អ្នកម្ដាយ ទោះកូនសងមួយជីវិតនេះ ក៏សងមិនអស់ដែរ។ កូនដឹងថា ពេលខ្លះ កូនខុស កូនជ្រុលជ្រួស ប្រើពាក្យពេចន៍តូចធំដាក់ម៉ាក់មួយពេលៗ តែកូនក៏មានអារម្មណ៍ថា ខុស ហើយក៏ស្ដាយ សុំទោសម៉ាក់! ហើយក៏អរគុណចំពោះទឹកចិត្ត និងការលះបង់ ទឹកចិត្តស្រឡាញ់ អាណិត និងអធ្យាស្រ័យដល់កូនរហូតមក ជាពិសេស មិនថាស្ថិតក្នុងកាលៈទេសៈបែបណាទេ គឺម៉ាក់នៅតែលើកទឹកចិត្ត ជួយគិតគូរ និងនៅក្បែរកូនគ្រប់ពេល មិនដែលបោះបង់ និងទុកកូនចោលនោះឡើយ។

រីករាយទិវាគុណមាតា! Happy Mother's Day គុណម៉ាក់មិនមែនតែមួយថ្ងៃនេះទេ គឺមួយជីវិតកូន។ កូនសូមជូនពរម៉ាក់ ឱ្យមានក្ដីសុខ សុខភាពល្អ និងអាយុវែង នៅជាម្លប់ដ៏ត្រជាក់ដល់កូនៗគ្រប់រូប ... កូនស្រឡាញ់ម៉ាក់ជាងគេលើលោកនេះ៕

6e22343bee0d22be26cdf0b24fc5946b

អត្ថបទ ៖ ភី អេក | ក្នុងស្រុករក្សាសិទ្ធ