ដើម្បីឱ្យអ្នកសារព័ត៌មាន និងប្រជាជនកម្ពុជាបានតាមដានព័ត៌មាននៃវីរុសរាតត្បាតមួយនេះឱ្យបានច្បាស់ជាមួយនឹងព័ត៌មានជាក់លាក់ដែលចេញពីក្រសួងផ្ទាល់ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យក្រសួងសុខាភិបាល គួរតែជ្រើសរើសថ្ងៃណាមួយនៅក្នុងមួយសប្តាហ៍ធ្វើសន្និសីទសារព័ត៌មានអំពីបច្ចុប្បន្នភាពនៃវីរុស Covid-19 នៅក្នុងប្រទេសកម្ពជា
ហេតុនេះហើយ ក្រសួងសុខាភិបាល បានយកថ្ងៃចន្ទ នៃដើមសប្តាហ៍និមួយៗ វេលាម៉ោង០៩ និង៣០ព្រឹក នៅទីស្តីការក្រសួងសុខាភិបាល ដើម្បីធ្វើសន្និសីទសារព័ត៌មានអំពីបច្ចុប្បន្នភាពនៃ Covid-19 ជារៀងរាល់សប្តាហ៍។
សម្រាប់ការធ្វើសន្និសីទសារព័ត៌មានអំពីបច្ចុប្បន្នភាពនៃ Cocid-19 នៅថ្ងៃចន្ទ ទី ៤ ខែឧសភា ឆ្នាំ ២០២០ នេះ ក៏មានការប្រកាសពីបច្ចប្បន្នភាពនៃ Covid-19 ផងដែរ ដែលមិនទាន់មានករណីថ្មីកើតឡើងឡើយ តែយ៉ាងណាក្រសួងសុខាភិបាលនៅតែអំពាវនាវឱ្យប្រជាជនមានការការពារសុខភាពខ្លួនឯង កុំឱ្យមានការធ្វេសប្រហែសឱ្យសោះ។
នៅក្នុងនោះក៏មានការទទួលការសាកសួរព័ត៌មានពីអ្នកសារព័ត៌មានពិអង្គភាពផ្សេងៗជាច្រើនដែរ នៅក្នុងនោះអ្នកសារព័ត៌មានមួយរូបបានសាកសួរពីកាលបរិច្ឆេទដែលប្រទេសកម្ពុជាអាចបើក KTV ឡើងវិញដូចប្រទេសជិតខាងដូចជាថៃ និងសិង្ហបុរីឬក៏អត់? សម្រាប់ចម្លើយនោះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានឆ្លើយយ៉ាងក្បោះក្បាយផងដែរពាក់ព័ន្ធនឹងសំណួរនេះ ដោយឯកឧត្តមបានលើឡើងថា តើយើងគួរយកគំរូតាមប្រទេសឈឺច្រើនស្លាប់ច្រើន ឬយកគំរូតាមប្រទេសឈឺតិច អត់ស្លាប់? បន្ថែមពីនោះឯកឧត្តមបានឱ្យដឹងថា អ្នកណាមិនចង់សប្បាយ តែយ៉ាងណាគួរគិតគូរពីសុខភាព និងអាយុជីវិតជាមុន ដោយយើងអាចច្រៀងលេងកម្សាន្តជុំគ្រួសារល្អជាង បានទាំងសុវត្ថិភាព បានទាំងសប្បាយជុំអ្នកផ្ទះទៀត។
តាមរយៈប្រសាសន៍របស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អាចបញ្ជាក់ថាការបើកដំណើរការកន្លែងកម្សាន្តនាន ពិសេស KTV នឹងមិនទាន់អាចដំណើរការបាននោះឡើយ បើទោះបីជាប្រទេសកម្ពុជាមិនទាន់មានករណីរាលដាលខ្លាំងដូចប្រទេសដទៃក៏ដោយ។ ពិសេសនោះ ប្រទេសជិតខាងដែលបើកដំណើរការកន្លែងកម្សាន្តគឺបើកទៅតាមតំបន់មួយចំនួនតែប៉ុណ្ណោះ ៕