ដូចយើងបានដឹងហើយថាវីរុស Covid-19 បានក្លាយទៅជាវីរុសគ្រោះថ្នាក់មួយដែលរីករាលដាលលើប្រទេសជាច្រើននៅលើពិភពលោក សូម្បីតែប្រទេសកម្ពុជាក៏មាន ២៤ករណីផងដែរ ហើយបើទោះបីជាករណីទាំងនេះសុទ្ធតែជាករណីឆ្លងពីក្រៅប្រទេស ដែលមិនមែនជាការឆ្លងក្នុងសហគមន៍ គ្រប់ខេត្ត គ្រប់តំបន់នៅក្នុងប្រទេសកម្ពុជាត្រូវតែរក្សាអនាម័យ និងការពារសុខភាពផ្ទាល់ខ្លួនផងដែរ។
នៅក្នុងក្រុងប៉ោយប៉ែតវិញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ចាត់តាំងក្រុមការងារនាំយកទឹកសាប៊ូសម្លាប់មេរោគបាញ់លាងសម្អាតតាមដងផ្លូវក្នុងបរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រទីប្រជុំជនចេញពីច្រកទ្វារព្រំដែន ដើម្បីថែរក្សាអនាម័យសាធារណៈ។
ការសម្អាតនេះ គណៈអភិបាលក្រុងប៉ោយប៉ែត បានចាត់តាំងក្រុមការងាររដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ សហការជាមួយមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុង កម្លាំងនគរបាលអន្តោប្រវេសន៍ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រមទាំងកម្លាំងប្រជាការពារភូមិជាច្រើននាក់ ដើម្បីរួមគ្នាធ្វើកិច្ចការមួយនេះ។
គួរឱ្យដឹងផងដែរថា ចំពោះរថយន្តដឹកទឹក និងថវិកាដែលបានឧបត្ថម្ភចូលរួមលាងសម្អាតផ្លូវព្រឹកនេះ រួមមាន៖
១-រថយន្តពន្លត់អគ្គិភ័យសម្រាប់ប្រើប្រាស់ក្នុងនាមរដ្ឋបាលក្រុងប៉ោយប៉ែត ជារថយន្តពន្លត់អគ្គិភ័យ ផ្ទាល់ខ្លួនរបស់លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ចំនួន ០១គ្រឿង។
២-លោក យ៉ាង គីមហ៊ុយ ពាណិជ្ជករក្រុងប៉ោយប៉ែត ឧបត្ថម្ភទឹកសាប៊ូសម្លាប់មេរោគ និងថវិកាមួយចំនួន។
៣-រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនកាស៊ីណូ ត្រូពីកាណា ចំនួន ០១គ្រឿង។
៤-រថយន្តដឹកទឹកលក់ ត្រូវបានអាជ្ញាធរក្រុងជួលមកជាច្រើនគ្រឿង ដើម្បីជួយសម្រួលការងារលាងសម្អាតនេះបន្ថែមផងដែរ។
ជាមួយគ្នានេះដែរ អ្នកស្រី ឯក សុឃីម និងស្វាមី រួមនឹងលោក គី សារុន មេភូមិបាលិលេយ្យ១ ព្រមទាំងភរិយា បានចែកអំណោយជាក្រមាខ្មែរ ចំនួន ១០០ក្រមា ជូនដល់ក្រុមការងារ កងកម្លាំងទាំងអស់ ដែលបានមកចូលរួមលាងសម្អាតអនាម័យបរិស្ថាន និងបាញ់ទឹកសាប៊ូសម្លាប់មេរោគនៅតាមចំណុចគោលដៅមួយចំនួននាព្រឹកនេះ៕
ប្រភពព័ត៌មាន៖ Leang Sopheak