ដូចយើងបានដឹងរួចមកហើយថា វីរុសកូរ៉ូណា Covid-19 បាននឹងកំពុងតែរាលដាលយ៉ាងខ្លាំងពាសប្រទេសជាច្រើននៅលើពិភពលោក ហើយបានធ្វើឱ្យអ្នកវិទ្យាសាស្រ្តជាច្រើនបានដុតដៃដុតជើងស្វែងរកវ៉ាក់សាំងការពារ និងព្យាបាលវីរុសនេះ ដ្បិតប្រទេសជាច្រើនបានប្រកាសការរកឃើញតែក៏មិនទាន់មានវីធីណាមួយប្រកាសជាផ្លូវការនោះឡើយ។
ជាក់ស្តែងសម្រាប់ក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេសក៏កំពុងតែស្វែងរក និងសិក្សាពីវីរុសនេះផងដែរ ដោយថ្មីៗនេះពួកគេបានរកឃើញរបកគំហើញថ្មីមួយតែទាមទារអ្នកស្ម័គ្រចិត្តធ្វើការពិសោឌន៍ចំនួន ២៤នាក់ ដើម្បីមកធ្វើការពិសោធន៍វ៉ាក់សាំងការពារវីរុស COVID-19 នេះ ហើយអ្នកស្ម័គ្រចិត្តម្នាក់ៗនឹងត្រូវបានផ្តល់ប្រាក់លើកទឹកចិត្តចំនួន £3,500 ឬប្រមាណជា ៤ ៥៦៥ ដុល្លារអាមេរិក ផងដែរ ប្រសិនជាពួកគេចូលរួមការពិសោធន៍នេះ។
បើយោងទៅតាមមជ្ឈមណ្ឌលស្រាវជ្រាវ The Queen Mary BioEnterprises Innovation Centre ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានឱ្យដឹងថា ពួកគេនឹងធ្វើការពិសោធន៍ដោយចាក់បញ្ចូលវីរុសកូរ៉ូណាខ្សោយចំនួន ២ប្រភេទគឺប្រភេទ 0C43 និង 229E ចូលទៅក្នុងខ្លួនអ្នកស្ម័គ្រចិត្តទាំង ២៤នាក់ ហើយបន្ទាប់មកនឹងចាក់វ៉ាក់សាំង ដែលទើបរកឃើញប្រមាណជា ២០ ប្រភេទផ្សេងគ្នាចូលទៅក្នុងខ្លួនអ្នកស្ម័គ្រចិត្តបន្ថែមទៀត ដើម្បីពិសោធន៍ថា តើវ៉ាក់សាំងប្រភេទមួយណាដែលមានប្រសិទ្ធភាពជាងខ្ពស់ជាងគេ និងប្រើបានជាមួយនឹងមនុស្សប្រភេទណាបានច្រើនជាងគេ។
ដ្បិតតែស្តាប់ទៅមើលដូចគ្រោះថ្នាក់ ដែលប្រហែលជាគ្មានអ្នកណាទៅល្ងង់ចាក់ឱ្យខ្លួនឯងផ្ទុកវីរុស Covid-19 នេះទេមែនទេ? តែបើតាមក្រុមអ្នកវិទ្យាសាស្រ្តបានអះអាងថា ការពិសោធន៍នេះនឹងមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកស្មគ្រ័ចិត្តឡើយ ឱ្យតែពួកគេព្រមធ្វើពិសោធន៍ដោយបានប្រាក់ចំនួនជាង ៤០០០ដុល្លារត្រលប់ទៅវិញទៀតផង៕
ប្រភព៖ DailyMail