អាចត្រួតត្រាលើដៃគូ អាចឱ្យដៃគូខ្លាចយើងបាន មិនមែនមានន័យថាយើងខ្លាំងពូកែ ឬឡូយនោះឡើយ តែអាចឱ្យដៃគូគោរព និងឱ្យតម្លៃយើងបាន ទើបជារឿងដែលអស្ចារ្យ

ដៃគូមួយចំនួនតែងតែចង់បង្ហាញពីភាពខ្លាំងពូកែ ឬអស្ចារ្យរបស់ខ្លួន តាមរយៈការដែលអាចស្រែកសម្លុត គំហក ត្រួតត្រាលើដៃគូ អាចឱ្យដៃគូខ្លាច ចុះញ៉ម ធ្វើគ្រប់យ៉ាងតាមដែលការចង់បានរបស់ខ្លួន តែគេមិនបានដឹងទេថា ការដែលអាចធ្វើបែបនេះបាន វាមិនមែនជារឿងដែលល្អ វាកំពុងតែបង្ហាញថា អ្នកព្យាយាមគ្រប់គ្រង និងបញ្ជាត្រួតត្រាលើដៃគូ មិនមែនជាការស្រឡាញ់ និងគោរពគ្នានោះឡើយ។

82482637_3040808636145045_4047681822333599744_o

មនុស្សពូកែ ដៃគូដ៏អស្ចារ្យ គឺជាមនុស្សដែលអាចឱ្យដៃគូរបស់ខ្លួន ចេះគោរព និងឱ្យតម្លៃលើខ្លួន មិនមែនខ្លាចរអានោះទេ ការខ្លាចរអាបញ្ជាក់ថា ម្ខាងទៀតកំពុងតែព្យាយាមទ្រាំខ្លាំងណាស់ចំពោះអ្នក គេកំពុងតែអត់ធ្មត់បំផុតហើយ។

ដូច្នេះហើយ អ្នកត្រូវដឹងថា ការទ្រាំ ការអត់ធ្មត់របស់មនុស្សម្នាក់ៗ គឺសុទ្ធតែមានដែនកំណត់ ប្រសិនបើថ្ងៃណាមួយ គេទ្រាំ​លែងបាន អត់ធ្មត់លែងបាន នោះគេនឹងចាកចេញពីអ្នក ដោយគ្មានស្ដាយស្រណោះសូម្បីតែបន្តិច។

ប៉ុន្តែប្រសិនបើអ្នកអាចឱ្យគេគោរពអ្នក ឱ្យតម្លៃអ្នកបាននោះ ប្រសិនបើថ្ងៃណាមួយ ស្រាប់តែបែកចែកផ្លូវគ្នា នោះគេប្រាកដជាសោកស្ដាយ អាឡោះអាល័យអ្នកខ្លាំងបំផុត។

82292825_3040808476145061_8218001316203462656_o

កុំព្យាយាមស្រែកគំរាម គំហក សម្លុត ត្រួតត្រា គាប់បញ្ជាគេ ព្រោះតែចង់ឱ្យគេខ្លាច ចង់ឱ្យអ្នកដទៃមើលមកថាយើងមានអំណាច អាចបញ្ជាដៃគូរបស់យើងបាន ព្រោះពាក្យថាខ្លាច គេអាចនឹងខ្លាចនៅតែចំពោះមុខយើងតែប៉ុណ្ណោះ។

ជាពិសេសគឺស្រីៗ គួរតែធ្វើខ្លួនឱ្យល្អ ឱ្យមានតម្លៃ ឱ្យគេគោរព មិនមែនគេខ្លាច ធ្វើដូចជាយើងជាខ្មោច ព្រាយ ធ្មត់ ឬសត្វកំណាចនោះឡើយ។

83158017_3040808682811707_4756448320635797504_o

ត្រូវចាំថា មនុស្សដែលខ្លាចយើង គេអាចនឹងខ្លាចយើងតែនៅតែំពោះយើងប៉ុណ្ណោះ តែក្រោយខ្នងយើង គេនៅតែប្រព្រឹត្តរឿងមិនគប្បី គេនៅតែអាចក្បត់យើងបានដដែល។ ប៉ុន្តែ បើគេគោរពយើង គេនឹងមិនហ៊ានក្បត់យើងឡើយ ហើយមិនថា នៅចំពោះមុខ ឬក្រោយខ្នងក៏ដោយ ក៏គេនៅតែគោរព ឱ្យតម្លៃយើងដូចដើម មិនហ៊ានបំពានយើងនោះទេ៕

82338556_3040808569478385_2747772028458106880_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ