ថ្មីៗនេះ នាដការីរបាំបុរាណល្បីឈ្មោះមួយរូបមានឈ្មោះថា សេរី វណ្ណកុសន បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងកោតសរសើរខ្លាំងចំពោះរូបភាពកាយវិការក្នុងឈុតអប្សរាខ្មែរ ពោរពេញដោយភាពល្វតល្វន់ ទន់ភ្លន់តែរឹងមាំ ដោយរូបភាពទាំងនោះត្រូវបានបង្ហើបឱ្យដឹងថា ត្រាប់តាមកាយវិកាបុគ្គលដ៏អស្ចារ្យមួយរូបដែលតំណាងឱ្យភាពរុងរឿងនៃរបាំខ្មែរ ដោយការត្រាប់តាមកាយវិកាបុគ្គលអស្ចារ្យមួយរូបនេះត្រូវបានឱ្យដឹងថា ដើម្បីសុំឱ្យបារមីស័ក្តសិទ្ធតាមថែរក្សាក្រុមរបាំអាចសម្រេចកិច្ចការបានដល់គោលដៅយ៉ាងជោគជ័យ។
រូបភាពដ៏អស្ចារ្យទាំងនេះត្រូវបានចេញផ្សាយតាមរយៈគណនីហ្វេសប៊ុក Botramohar Art និងរៀបរាប់ថា៖ « ថ្ងៃ05/01/2020 នាដការីSauny Saun បានត្រាប់កាយវិការរបស់បុគ្គលដ៏អស្ចារ្យមួយរូប❤️️ខ្ញុំបាទនិងក្រុមកាងារMirror Studio & PhotographyPath Kong រួមទាំងនិស្សិតទាំងបីរូបDout Doutពីមហាវិទ្យាល័យសិល្បៈសូន្យរូបបានពិគ្រោះនិងឆ្លងការពិភាក្សាពីលោកគ្រូឪProeung ChhIeng និងលោកគ្រូសុផុន សំខាន់ 🙏ក្នុងគោលបំណងតែមួយ សូមបារមីស័ក្តសិទ្ធតាមថែរក្សាពួកយេីងខ្ញុំអោយបានដល់គោលដៅយ៉ាងជោគជ័យបំផុត🇰🇭🙏 coming soon !!Kong KennraChea MonyNara Pich »។
គួរឱ្យដឹងផងដែរថា បើយោងតាមរយៈរូបភាពដែលបានបង្ហោះ ត្រូវបានគ្រប់គ្នាសន្និដ្ឋានថា គឺជារូបភាពដែលថតត្រាប់តាមលំនាំទម្រង់កាយវិការូបភាពរបស់ សម្តេចព្រះរាជបុត្រី ព្រះរៀមនរោត្តម បុប្ផាទេវី ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ដែលទ្រង់មានស្នាព្រះហស្តដ៏សំខាន់ របស់ទ្រង់ គឺការនាំឲ្យមានការបញ្ចូលរបាំព្រះរាជទ្រព្យ ចូលជាបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ នៅអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ។
សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្តីឯក គឺជាព្រះនិមិត្តរូប នៃរបាំព្រះរាជទ្រព្យខ្មែរ ពីព្រោះតែកាលពីអតីតកាល ក៏ដូចជាបច្ចុប្បន្ន ប្រជាជនខ្មែរដែលស្គាល់ ឬឮឈ្មោះរបាំព្រះរាជទ្រព្យ តែងតែនឹកឃើញជានិច្ចដល់ព្រះនាមរបស់ទ្រង់ ដែលជាអ្នកសម្តែងរបាំដ៏ប៉ិនប្រសប់នេះ រួមជាមួយសម្រស់ដ៏ស្រស់សោភា តែគួរឱ្យសោកស្តាយ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម៧៧ព្រះវស្សា នាវេលាម៉ោង១២៖៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយព្រះរោគាពាធ ដែលជាទុក្ខសោកយ៉ាងធំធេងសម្រាប់ប្រជាជនខ្មែរ ជាពិសេសកូនចៅនាថការីរបាំទាំងអស់៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Botramohar Art