គេថារកប្ដី ឬប្រពន្ធ កុំចង់បានអ្នកមានជាង ឬក្រជាងពេក សំខាន់ប្រហាក់ប្រហែលគ្នា សមរម្យ ល្អណាស់ហើយ។ ម្យ៉ាងវិញទៀត មិនថាមាន ឬក្រយ៉ាងណាក៏ដោយ ឱ្យតែមានចិត្តគំនិត និងអត្តចរិតមួយចំនួនដូចខាងក្រោមនេះដូចគ្នា ដឹងតែអាចសាងគ្រួសារមួយដ៏ល្អ មានបាន និងមានក្ដីសុខសុភមង្គល តដល់កូនចាំមួយជីវិតហើយ។
ខាងក្រោមនេះ គឺជាចំណុចមួយចំនួន ដែលអាចបញ្ជាក់បានថា អ្នកបានរើសគូជីវិតត្រូវ ឬបានជួបគូជីវិតដ៏ល្អ ឬដៃគូដ៏សក្តិសមម្នាក់ហើយ ទៅថ្ងៃក្រោយ មិនភ័យ មិនព្រួយនោះទេ ៖
១. មានចិត្តគំនិតចេះរក ចង់មានចង់បានដូចគ្នា
អ្នកណាថាលុយមិនសំខាន់ សម្រាប់ស្នេហា គឺប្រើចិត្ត និងបេះដូង តែសម្រាប់គ្រួសារ លុយក៏ជាចំណែកសំខាន់ទីពិរសម្រាប់ជីវិតប្ដីប្រពន្ធដែរ។ មនុស្សពីរនាក់ចាប់ដៃគ្នាសាងគ្រួសារ គឺត្រូវតែចេះគិត ចេះធ្វើការ ចេះមានគំនិតចង់មានចង់បាន ទើបអាចសាងគ្រួសារមួយដ៏ល្អ ថ្ងៃមុខមិនភ័យខ្លាចក្រ លំបាក ពិបាកមើលមុខញាតិបងប្អូននោះឡើយ ឱ្យតែមនុស្សពីរនាក់មានចិត្តគំនិត ចេះធ្វើការរកស៊ី គ្រួសារប្រាកដជាមានមុខមានមាត់ សប្បាយស៊ីចាយ ឆ្ងាញ់មាត់ គ្រួសារក៏សុខសាន្ត មិនភ័យមុខព្រួយក្រោយ។
២. ចិត្តទូលាយដល់គ្រួសារទាំងសងខាងដូចគ្នា
មិនថាគ្រួសារខាងណាទេ ឱ្យតែប្ដី ឬប្រពន្ធចេះគោរព និងឱ្យតម្លៃទៅគ្រួសារ ប៉ាម៉ាក់ទាំងសងខាង ចូលទៅខាងណាក៏ចុះចំណោម ដឹងតែការជួបជុំរីករាយ សប្បាយចិត្ត រាល់ពេលមានបុណ្យទាន ឬកម្មវិធីផ្សេងៗ។
ព្រោះថា គ្រួសារ ប៉ាម៉ាក់ខាងណាក៏ដោយ សុទ្ធតែជាមនុស្សសំខាន់ ជាអ្នកមានគុណ ដូចនេះ បើកូនៗ ចេះគោរព និងឱ្យតម្លៃទៅវិញទៅមក គ្រួសារយើងនឹងមានតែភាពរីករាយ សប្បាយចិត្ត។
៣. មិនចេះប្រកាន់ឫកពារដូចគ្នា
ជាប្ដីប្រពន្ធ កុំប្រកាន់ឫក លេងពារពេក ស្មើភាពគ្នា ស្មើដៃគ្នា ស្រុះស្រួលគ្នា ទើបមិនមានការថ្នាំងថ្នាក់ មិនបាច់ពិបាកផ្គាប់តម្រូវចិត្ត ឬត្រូវសម្របតាមម្ខាងណា។
ដូចដែលដឹងហើយថា ការតាមគាប់គួរ យកចិត្តនរណាម្នាក់មិនមែនជារឿងងាយទេ ដូច្នេះហើយ បើយើងធម្មតាៗ សាមញ្ញៗដូចគ្នាទៅ អាចចុះសម្រុងនឹងគ្នា ងាយនឹងយល់ពីគ្នាកាន់តែច្បាស់។
៤. ចូលចិត្តលេងសើចសប្បាយដូចគ្នា
ចំណុចនេះក៏សំខាន់ដែរ ធម្មតាទេ ប្ដីប្រពន្ធ មិនមែនគិតតែពីរក ធ្វើការ លក់ដូរនោះឡើយ យ៉ាងណាក៏ត្រូវតែមានពេលវេលាជុំគ្នា មិនថាតែក្នុងគ្រួសារ ឬសាច់ញាតិបងប្អូនខាងណាទេ ឱ្យតែចូលចិត្តសប្បាយ ចូលចិត្តលេងសើចដូចគ្នា បណ្ដើរគ្នាទៅជួបជុំផឹកស៊ីម្ដងម្កាល ពេញមុខពេញមាត់ មិនបាច់ត្រូវទៅណាមកណាម្នាក់ឯង មិនបាច់ឱ្យប្ដី ឬប្រពន្ធចាំមើលផ្លូវនៅឯផ្ទះ សំខាន់ ចេះផឹក ចេះស៊ី ចូលចិត្តសប្បាយដូចគ្នា។
៥. ចេះបែងចែកពេលវេលា និងគិតគូរដល់គ្នា
មិនថារវល់ធ្វើការរកស៊ី ឬនៅឆ្ងាយពីគ្នាបែបណាទេ អ្វីដែលសំខាន់នោះគឺ ចេះបែងចែកពេលវេលាសម្រាប់មនុស្សជាទីស្រឡាញ់ មានពេលដើរលេងជុំគ្នា មានដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ឬមិត្តភក្តិជាក្រុម ទៅទាំងត្រសង ចេះគិតគូរ និងខ្វល់ខ្វាយ បារម្ភសុខទុក្ខដល់គ្នា ទើបជាប្ដីប្រពន្ធដ៏មានសុភមង្គល។
៦. ដឹងខុសត្រូវ មានហេតុផលដូចគ្នា
ដូចគេថាអ៊ីចឹង បើគេជាភ្លើង យើងត្រូវជាទឹក ចេះពន្លត់គ្នាទៅវិញទៅមក ត្រចាក់ទើបអាចរម្ងាប់កម្ដៅបាន បើគេឡូឡាហើយ យើងនេះ ត្រូវស្ងៀមសិនទៅ ចាំគេរអ៊ូចប់ ចាំនិយាយគ្នា នេះបានគេហៅថា មានហេតុផល ចេះស្ដាប់ ចេះយល់ពីគ្នា ទើបបញ្ហាធំក្លាយមកជាតូច បញ្ហាតូច ក្លាយជាគ្មានបញ្ហា ធ្វើបាន ដឹងតែគ្រួសារអ្នកមិនមានពាក្យថា ប្ដីប្រពន្ធឈ្លោះទាស់ទែងនោះឡើយ។
៧. សុខចិត្តចាញ់រៀងខ្លួនដូចគ្នា
ពេលឈ្លោះ ពេលមានបញ្ហានឹងគ្នា ចង់ចាញ់ឈ្នះរៀងៗខ្លួន ទាំងសងខាងចូរសួរខ្លួនឯងសិនទៅថា " អញឈ្នះប្ដី ឬប្រពន្ធអញដើម្បីអ្វី " " ឈ្នះហើយបានអ្វីមកវិញ " " បើឈ្លោះឈ្នះហើយ ត្រូវអត់និយាយរកគ្នាច្រើនថ្ងៃ តើមានន័យអ្វីទៅ? " ប៉ុន្មានសំណួរហ្នឹង សមល្មមនឹងឱ្យអ្នកដឹងហើយថា សុខចិត្តចាញ់ទៅវាល្អជាង វាមានក្ដីសុខច្រើនជាង ការប្រកែកយកឈ្នះរៀងៗខ្លួន គឺជាជំហាន ឈានទៅរកបញ្ហាកាន់តែធំទៅវិញទេ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ