ថៃ៖ បើនិយាយពីដំណើរកម្សាន្តឆ្លងប្រទេស របស់ប្រជាជនខ្មែរយើង ភាគច្រើនបំផុតគឺឆ្លងទៅលេងប្រទេស ថៃ និងវៀតណាម ដោយសារតែទីតាំងហាត់នៅជិតបង្កើយនឹងប្រទេសកម្ពុជា ហើយការចំណាយក៏ធូរថ្លៃខ្លាំងដែរ។
សម្រាប់ប្រទេសថៃ ភាគច្រើនបំផុតដំណើរកម្សាន្តមានតែដើរលេងទីកន្លែងកម្សាន្តកែច្នៃនិងការដើរ Shopping ទិញទំនិញតែប៉ុណ្ណោះ តែប្រទេសមួយនេះ ក៏មានកន្លែងកម្សាន្តបែបធម្មជាតិស្អាតៗជាច្រើនកន្លែងផងដែរ ជាពិសេសនៅតាមព្រំដែនតែម្តង។
Mae Hong Sorn (แม่ฮ่องสอน) គឺជាខេត្តមួយដែលរាងដាច់ស្រយាលបន្តិចពីទីក្រុង ស្ថិតនៅភាគខាងជើងប្រទេសថៃ និងមានព្រំដែនជាប់នឹងប្រទេសមីយ៉ាន់ម៉ា តែធនធានធម្មជាតិពិតជាស្រស់ស្អាតណាស់ ផ្លូវថ្នល់ក៏រៀបចំបានស្អាត ជាពិសេសធម្មជាតិព្រៃភ្នំតូចធំខៀវខ្ចី បឹងទន្លេត្រជាក់ស្រេបពេញដោយធម្មជាតិពិតៗ ចំណែកផ្កាពេលរីកនៅតាមដងផ្លូវម្តងៗពិតជាស្រស់គួរជាទីគយគន់ណាស់។
បើទោះបីជាខេត្តនេះរាងស្ងប់ស្ងាត់ និងដាច់ស្រយាលក៏ពិតមែន តែការទៅកម្សាន្តមិនមែនជាបញ្ហាទេ តែវារឹតតែពិសេសសម្រាប់អ្នកដែលចង់ចាកឆ្ងាយពីទីក្រុងដ៏គួរឱ្យធុញទ្រាន់មកជួបនឹងបរិយាកាសធម្មជាតិពិតៗ ហើយកុំបារម្ភ នៅទីនោះសម្បូរទៅដោយផ្ទះស្នាក់នៅ រីហ្សត ហាងកាហ្វេបែបធម្មជាតិ និងហាងតូចជាជាច្រើន ដែលមិនធ្វើឱ្យអ្នកមិនបាច់ព្រួយថាដាច់បាយ ឬខ្វះខាតនោះឡើយ។
គួរឱ្យដឹងផងដែរថា Mae Hong Sorn (แม่ฮ่องสอน) មានចម្ងាយពីទីក្រុងបាងកកដល់ទៅ ៩២៤ គីឡូម៉ែត្រ ត្រូវការជិះយន្តហោះជាចាំបាច់ ជាពិសេសគឺត្រូវឆ្លងកាត់ការហោះហើរពីខេត្ត ឈៀងម៉ៃជាមុនសិន៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក