ប្រពន្ធដើម ជាប្រពន្ធដែលអាក្រក់បំផុត

គេថា ប្ដីមានស្រី ឬមានប្រពន្ធចុង ក៏មកពីប្រពន្ធដើមអាក្រក់ពេក ចង្អៀតចង្អល់ពេក កំណាញ់ពេក​ តឹងតែង ហួងហែង សាំញុំា ពូកែរករឿងឈ្លោះ សម្ដីមិនពីរោះ គំរោះគំរើយ សោះកក្រោះ មិនចេះផ្អែមល្ហែម ថែមទាំងបណ្ដែតបណ្ដោយឱ្យសម្រស់ធ្លាក់ចុះ ធ្វើឱ្យប្ដីងាយនឹងធុញទ្រាន់ កាន់តែចង់នៅឆ្ងាយ ក៏កាន់តែណាយចិត្ត នេះជាគំនិតរបស់មនុស្សមួយចំនួន ក៏ជាសំនួនសាសព្ទរបស់ប្ដីចរិតយ៉ាប់ដែរ។

ជាការពិត ប្រពន្ធដើម អាចនឹងមិនស្អាតទេ នាងប្រាកដជាធ្លាក់សម្រស់ ព្រោះតែការពពោះ ព្រោះតែការមមាញឹក យប់ព្រឹកល្ងាចថ្ងៃ នៅក្រៅផ្ទះជាថៅកែស្រី ជាអ្នកដឹកនាំម្នាក់ ជាមនុស្សស្រីខ្លាំងពូកែ អាចគ្រប់គ្រងគេឯង តែចូលដល់ក្នុងផ្ទះ នាងក៏នៅតែជាប្រពន្ធ ជាម្ដាយ ជាមេផ្ទះដដែល ជាអ្នកធ្វើកិច្ចការផ្ទះដដែល។ ជាប្រពន្ធដើម មានការងារច្រើនណាស់ដែលត្រូវទទួលយក និងប្រឈមមុខជាមួយ នាងប្រហែលជាមិនមានពេលច្រើន ដើម្បីនិយាយស្ដីលួងលោមបែបផ្អែមល្ហែមជាមួយប្ដីទេ តែគ្រប់សម្ដីដែលនាងនិយាយ គ្រប់អ្វីដែលនាងធ្វើ ១០០%គឺចង់ឱ្យប្ដីល្អ។

- ប្រពន្ធដើម នាងតឹងតែង នាងហួងហែង ព្រោះតែនាងខ្លាចប្ដីដើរផ្លូវខុស ខ្លាចប្ដីជ្រុលជ្រួស ភ្លើតភ្លើនសប្បាយភ្លេចខ្លួន។

- ប្រពន្ធដើម នាងសម្ដីសោះកក្រោះ ពេលខ្លះក៏គំរោះគំរើយ ក៏ព្រោះតែនាងហត់នឿយជាមួយការងារជាច្រើន នាងលំបាកខ្លាំង ប្រឈមមុខនឹងបញ្ហា ហើយត្រូវគិតច្រើនរឿងណាស់ ដើម្បីក្រុមគ្រួសារនាង។

- ប្រពន្ធដើម នាងប្រហែលជាធ្លាក់សម្រស់ លែងស្រស់ស្អាតដូចមុន ក៏ព្រោះតែនាងមានកូន នាងត្រូវមើលថែកូន ប្រើពេលវេលាដែលនាងមានដើម្បីកូន និងប្ដីអស់ហើយ ដូច្នេះគ្មានពេលច្រើនឡើយដើម្បីថែសម្រស់របស់ខ្លួនឯង។

0

ប្ដីដើម្បីតែតណ្ហារបស់ខ្លួន ប្ដីដើម្បីតែការសប្បាយរបស់ខ្លួន គិតថាខ្លួនឯងជាអ្នកធ្វើការរកលុយតែម្នាក់ឯង ហត់នឿយតេម្នាក់ឯង ទើបចេញទៅស្វែងរកស្រីខាងក្រៅ ដើម្បីកំដរអារម្មណ៍ ភ្លេចអស់ប្រពន្ធកូន ថ្នាំងថ្នាក់ដាក់មនុស្សក្នុងផ្ទះ ក៏ដើម្បីតែស្រី ដើម្បីតែប្រពន្ធចុង ប្រុសខ្លះ ហ៊ានទាំងបោះបង់កូនចៅ បាត់បង់ភាពជាប្ដី ជាឪពុក ជាមេគ្រួសារ រកលុយទៅចិញ្ចឹមស្រីកំណាន់ ហើយថែមទាំងមើលងាយប្រពន្ធកូន ធ្វើបាបចិត្តប្រពន្ធ នាំភាពអាម៉ាស់ដល់គ្រួសារ បំផ្លាញក្ដីសុខ សុភមង្គលក្នុងគ្រួសារ ថាប្រពន្ធមិនល្អ ប្រពន្ធអាក្រក់ មើលងាយ ធ្វើបាបសព្វគ្រប់បែបយ៉ាង នេះហើយជាចរិតមនុស្សប្រុសមួយចំនួន។

ប៉ុន្តែចុងក្រោយ ក៏នៅតែមិនអាចចៀសផុតពីប្រពន្ធអាក្រក់នេះបានដដែល។ មនុស្សប្រុសភាគច្រើនដែលក្បត់ប្រពន្ធកូន សប្បាយហ៊ឺហា ឱបក្រសោប ផ្គត់ផ្គង់ស្រី ក៏ព្រោះតែនៅមានលុយ មានកម្លាំង​ មានសមត្ថភាព​ តែចុងក្រោយនៃជីវិតគេ ក៏ត្រូវបកត្រឡប់មករកប្រពន្ធកូនដើមវិញ នៅពេលដែលឈឺខ្លាំងជិតស្លាប់ នៅពេលដែលធ្លាក់ខ្លួនអ្វីក៏មិនសល់ ត្រូវស្រី ឬប្រពន្ធចុងក្បត់ ទាត់ក្បាលចោល ពេលនោះហើយដែលប្ដីនោះ នឹកគិត និងចង់ត្រឡប់រកប្រពន្ធកូនដើម ប្រពន្ធកូនដែលអាក្រក់វិញ ហើយសោកស្ដាយនឹងរឿងដែលខ្លួនធ្វើកន្លងមក​ ទីបំផុត ប្រពន្ធអាក្រក់ មានតម្លៃ ក្នុងថ្អៃដែលប្ដីត្រូវស្រីទាត់ចោល និងអស់ទ្រព្យពីខ្លួន សល់តែជំងឺយកមកឱ្យប្រពន្ធកូនដើមវិញ៕

107525 R 1448419347971

Main Qimg 4e1e540c71fe07feca90e93afd88a3c0

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ