បាត់ដំបង៖ ដូចដែលយើងបានដឹងរួចហើយថា ខេត្តបាត់ដំបងសម្បូរទៅដោយកន្លែងកម្សាន្តច្រើនកន្លែងរាប់មិនអស់ ហើយសុទ្ធតែសប្បាយៗផងដែរ។
តែកន្លែងកម្សាន្តដែលមិនអាចខ្វះបានរាល់ពេលទៅលេងខេត្តបាត់ដំបងនោះ គឺការ ជិះឡូរី លើផ្លូវរថភ្លើងគយគន់ទេសភាពតាមដងផ្លូវ។ ដែលការជិះឡូរីនេះ ទទួលបានការពេញនិយមមែនទែនពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តមិនដែលដាច់នោះទេ សូម្បីតែប្រជាជននៅក្នុងខេត្តបាត់ដំបងក៏ប្រកបរបរបើកឡូរីដឹកភ្ញៀវកម្សាន្តក៏កាប់កបគ្រប់គ្នាដែរ។
អ្វីដែលពិសេស មានឡូរីមួយកន្លែងរឹតតែពិសេសទៀត នោះគឺឡូរី ក្បែរជើងភ្នំបាណន់ ដែលកន្លែងនេះហាក់មានភាពទំនើប និងពិសេសជាងឡូរីដទៃទៀត ដោយសារតែឡូរីមានការកែច្នៃពិសេសស្អាតជាងមុន ឯផ្លូវធ្វើដំណើរចេញមកក៏មានការដាំលំអផ្កា និងរៀបចំសួនស្រស់ស្អាតប្លែក ហើយផ្លូវធ្វើដំណើរពោរពេញទៅដោយធម្មជាតិស្រស់បំព្រងគួរជាទីគយគន់ ដូចជាអាចទស្សនាព្រៃព្រឹក្សា និងទេសភាពភ្នំតូចធំយ៉ាងសប្បាយអារម្មណ៍ទៀតផង។
គួរឱ្យដឹងផងដែរថា ផ្លូវឡូរីថ្មីនេះមានទីតាំង ជាប់ជើងភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដោយផ្លូវនេះមានរយៈចម្ងាយជាង ១៦គីឡូម៉ែត្រ និងអាចជិះកម្សាន្តបានរយៈពេល ៣០នាទី ក្នុងតម្លៃប្រមាណជា ១០០០០៛ ទៅ ២០០០០៛ ៕
រក្សាសិទ្ធអត្ថបទ៖ក្នុងស្រុក
ប្រភពរូបភាព៖ ហ្វេសប៊ុក