តាកែវ៖ ខេត្តតាកែសម្បូរទៅដោយទីកន្លែងកម្សាន្តបែបធម្មជាតិ និងប្រវត្តិសាស្រ្តជាច្រើន ដូចជាតំបន់ភ្នំ បឹងបួរ ទន្លេ និងសួនធម្មជាតិជាច្រើនកន្លែងឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តរាល់ថ្ងៃសម្រាក។
សម្រាប់ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំទីកន្លែងកម្សាន្តថ្មីមួយកន្លែងទៀតហើយ ធានាថាថ្មីហើយប្លែក ដែលស្ថិតនៅក្នុងខេត្តតាកែវមានឈ្មោះថា « គឹម លី ភ្នំដា »។
សួនកម្សាន្ត គីមលី ភ្នំដា គឺជាកន្លែងកម្សាន្តបែបកែច្នៃមួយដោយទីតាំងអំណោយផលស្ថិតនៅជិតភ្នំដាតែម្តង ដោយមានទេសភាពធម្មជាតិព័ទ្ធជុំវិញខៀវស្រងាត់ និងមានទឹកបឹងថ្លាឆ្វេងផ្តល់នូវអារម្មណ៍ស្រស់ស្រាយត្រជាក់ស្រេបទៀតផង។
លើសពីនេះ កន្លែងកម្សាន្តមួយនេះមានខ្ចុះអង្គុយកម្សាន្តគយគន់ទេសភាព និងមានបម្រើអាហារឆ្ងាញ់ៗបែបស្រុកស្រែ សាកម្តងពិតជាមិនខកបំណងនោះឡើយ ជាពិសេសពេលល្ងាចៗថែមទាំងមានបម្រើស្រាក្រឡុក និងកន្លែងអង្គុយលេងតុបតែងដោយភ្លើងពណ៌ស្រស់ស្អាតយ៉ាងរ៉ូមេនទិកផងដែរ។
គួរឱ្យដឹងផងដែរថា សួនកម្សាន្ត គីមលី ភ្នំដា ស្ថិតនៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ នៅខាងជើងស្ពានភ្នំដា ចម្ងាយ ១០០ម៉ែត្រ ខាងលិចផ្លូវជាតិ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក