គេថា មនុស្សពីរនាក់ស្រលាញ់គ្នា ដាច់ខាតកុំលាក់បាំង កុំភូតកុហកគ្នា វាជាការពិត តែរឿងអតិតខ្លះ ជាពិសេសគឺ រឿងសង្សារចាស់របស់យើង តើយើងគួរប្រាប់គេដែរឬក៏អត់? វាជាសំណុរដែលពិបាកនឹងឆ្លើយពិតមែន យើងមិនចង់កុហកមនុស្សយើងស្រឡាញ់ទេ តែបើប្រាប់គេ ខ្លាចគេប្រកាន់រឿងកាលពីមុន ខ្លាចគេគិតច្រើន បើបែបហ្នឹង តើគួរសម្រេចចិត្តបែបណា?
ត្រូវហើយ ចម្លើយគឺ មិនគួរកុហក ឬលាក់បាំងទេ ព្រោះនៅលើលោកនេះ គ្មានឡើយអាថ៌កំបាំង ម្យ៉ាងវិញទៀត បើយើងស្មោះចំពោះគេមែន ក៏គ្មានរឿងអីត្រូវលាក់ដែរ លើកលែងតែយើងមិនត្រង់ ចិត្តនៅតែនឹកអាល័យអ្នកចាស់។
រឿងកាលពីមុន មិនថាល្អ ឬអាក្រក់ រឿងទាក់ទងនឹងសង្សារចាស់ ក៏គ្មានអ្វីត្រូវខ្មាសដែរ មនុស្សដែលយើងស្រលាញ់ យើងប្រាកដជាទុកចិត្តគេ ជឿជាក់គេ គោរព និងឱ្យតម្លៃគេ ហើយបើយើងជាមនុស្សដែលគេស្រឡាញ់ដែរ មិនថាអតីតកាលយើងបែបណា មិនថាកាលពីមុន យើងធ្លាប់ទាក់ទងអ្នកណាខ្លះ ក៏គេនៅតែអាចទទួលយកបានដូចគ្នា។ មនុស្សពីរនាក់ស្រឡាញ់គ្នា គឺគិតពីពេលបច្ចុប្បន្ន ទៅអនាគត គេមិនខ្វល់ពីអតិតកាលដែលកន្លងផុតទៅនោះឡើយ។
អ្នកណាៗ ក៏ធ្លាប់មានអតិតកាលដែរ តែអ្វីដែលសំខាន់ គឺបច្ចុប្បន្ន តទៅអនាគត សំខាន់ពេលនេះ យើងស្មោះនឹងគេ យើងមានតែគេ ចំណែកសង្សារចាស់ គឺគ្រាន់តែជាមនុស្សយើងធ្លាប់ស្រឡាញ់ប៉ុណ្ណោះ ម្ល៉ោះហើយ! ក៏គ្មានអ្វីដែលត្រូវលាក់បាំងគ្នាដែរ។ រៀនស្មោះត្រង់ចំពោះដៃគូ រៀនឱ្យតម្លៃមនុស្សដែលយើងស្រឡាញ់ក្នុងពេលបច្ចុប្បន្ន ដូច្នេះ គេក៏នឹងជឿជាក់លើយើងវិញដូចគ្នា៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ