មនុស្សភាគច្រើននិយាយថា គេស្រឡាញ់លើអត្តចរិត ចិត្តគំនិត គេមិនគិតលើរូបសម្រស់ រូបរាងខាងក្រៅ ឬទ្រព្យធននោះឡើយ តែទាំងនេះ ប្រហែលគ្រាន់តែជាចម្លើយ ឆ្លើយឱ្យពីរោះស្ដាប់តែមប៉ុណ្ណោះ ព្រោះមនុស្សស្ទើរតែទាំងអស់គឺ សុទ្ធតែផ្ដោតលើរូបរាងខាងក្រៅជាមុនសិន មុននឹងឈានដល់លង់ស្រឡាញ់នូវ ចិត្តគំនិត និងអត្តចរិតរបស់គេ ចំណែកលុយកាក់ សម្ភារនិយមនោះ ក៏មានមនុស្សមួយចំនួនធំ គឺគេមិនបានគិត ឬប្រកាន់ពិតមែន។
ជាក់ស្ដែងវាជាការពិត រូបសម្បត្តិខាងក្រៅ វាពិតជាទាក់ទាញនូវក្រសែភ្នែក និងចំណាប់អារម្មណ៍របស់គ្រប់គ្នាមែន ហើយគ្រប់គ្នា រមែងដាក់ចិត្តស្រឡាញ់លើរូបខាងក្រៅនេះហើយ មុននឹងងាកសម្លឹងទៅមើល និងអង្កេតលើចរិយាសម្បត្តិ ចិត្តគំនិត អត្តចរិតរបស់គេ។
ពាក្យដំបូងដែលគេនិយាយ នៅពេលដែលគេស្រឡាញ់នរណាម្នាក់នោះគឺ " នាងស្អាត គាត់ស្អាត " ទើបឈានដល់និយាយថា " នាងល្អ គាត់ល្អ "។ ជាការពិត សម្រស់ពិតជាទាក់ទាញឱ្យគេឯងចាប់អារម្មណ៍មែន តែពេលដែលបាននៅជិតស្និទ្ធស្នាល ឬបានទាក់ទងគ្នា នោះច្បាស់ជាត្រូវមើលលើចិត្តគំនិត អត្តចរិត ទម្លាប់ជាប្រចាំហើយ។ មនុស្សខ្លះស្អាតពិត តែចិត្តគំនិត អត្តចរិតមិនកើត មារយាទសន្ដានមិនល្អ ទោះស្អាតប៉ុនណាក៏គេមិនចង់ខ្លួនទៅបៀតដែរ ក៏រឹតតែមិនចង់ជួប មិនចង់ក្បែរ មិនចង់បន្តទំនាក់ទំនងឡើយ។ តែសម្រាប់មនុស្សខ្លះ រូបមិនស្អាតក៏ពិតមែន តែជាក់ស្ដែង ចិត្តគំនិត អត្តចរិតមារយាទគេល្អ ទោះដំបូងគ្មានអ្នកស្រឡាញ់ តែយូរៗទៅ អាចឱ្យគេលង់ និងបំភ្លេចមិនបានទេ៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ
ប្រភពរូបភាព ៖ @Perfectlymi