កណ្តាល៖ ជាធម្មតាមនុស្សយើងទោះបីជាការងារ និងការសិក្សាសំខាន់យ៉ាងណាក្តី តែយើងនៅតែត្រូវការសម្រាក និងពេលលំហែអារម្មណ៍ខ្លះ ដើម្បីបង្កើនភាពរីករាយ និងបំបាតស្ត្រេសផងដែរ ដោយភាគច្រើនយើងតែងតែរកកន្លែងដើរលេងសប្បាយៗនានាដើម្បីទៅកម្សាន្ត។
ពេលនេះមិនបាច់ទៅដល់ខេត្តឆ្ងាយនោះទេ សម្រាប់អ្នកដែលមិនសូវមានពេលវេលាច្រើន និងមិនចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយ រមណីយដ្ឋានមួយកន្លែងបើកថ្មីនៅជិតបង្កើយ ដ៏ស្រស់ស្អាតកំពុងតែរង់ចាំលោកអ្នកហើយនោះគឺ រមណីយដ្ឋាន « ភូមិផ្កាត្រកួន»។
រមណីយដ្ឋានមួយនេះ មានអាកាសធាតុត្រជាក់បរិសុទ្ធដែលបានមកពីជំនោរទឹកទន្លេនៅជុំវិញ ថែមទាំងមានការរៀបចំទីកន្លែងដោយសួនផ្កា និងដំណាំបន្លែយ៉ាងស្រស់ស្អាតប្លែកគួរជាទីមនោរ្យផងដែរលើផ្ទៃដីធំល្វឹងល្វាយដល់ទៅជាង ៦០ហិចតា។ កាន់តែពិសេសអ្នកដែលមកលេងកម្សាន្តអាចដើរលេងថតរូបកម្សាន្តបានយ៉ាងរីករាយជាមួយនឹងទិដ្ឋភាពក្នុងរមណីយដ្ឋាននេះផ្ទាល់ អាចជិះទូកលេងកម្សាន្ត អង្គុយកញ្ចុះមាត់ទឹកទទួលទានអាហារឆ្ងាញ់ៗបែបអ្នកស្រុក និងអាចទស្សនាថ្ងៃរៀបលិចដ៏អស្ចារ្យនៅពេលល្ងាចបានទៀតផង។
សម្រាប់អ្នកដែលចង់មកកម្សាន្ត រមណីយដ្ឋាន « ភូមិផ្កាត្រកួន» នេះមានទីតាំងស្ថិតនៅក្នុង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល មានចម្ងាយប្រមាណជា ២៧គីឡូម៉ែត្រ ពីរាជធានីភ្នំពេញប៉ុណ្ណោះ ដោយជិះវាងកោះអន្លុងចិន និង ជិះកាត់តាមកោះក្របី ៕