គេថាខ្ញុំខ្ជះខ្ជាយចូលចិត្តដើរលេងច្រើន! ខ្ញុំតបទៅថា លុយរកបានមកវិញ តែពេលវេលាមិនអាចទាញត្រលប់មកវិញនោះទេ!

ជឿទេមនុស្សភាគច្រើនចំណាយពេលវេលាច្រើននៅក្នុងការធ្វើការ និងរកលុយ ស្ទើរតែពេញមួយជីវិត ព្រោះតែពួកគេមានគំនិតគិតថា ធ្វើអ្វីក៏ត្រូវការលុយ លុយគឺជាអ្វីៗទាំងអស់ លុយអាចធ្វើឱ្យមានក្តីសុខបាន លុយនឹងធ្វើឱ្យកូនចៅអ្នកជំនាន់ក្រោយរស់នៅស្រួលជាងអ្នកកាលពីមុន។

តែបើអ្នកងាកត្រលប់ថយក្រោយ ទម្រាំតែអ្នកស្កប់ស្កល់នឹងការងារ និងការរកលុយមនុស្សនៅជុំវិញខ្លួនអ្នកបានបាត់បង់ម្តងម្នាក់ៗ ហើយវ័យរបស់អ្នកក៏កាន់តែវិវឌ្ឍន៍ទៅមុខ ដែលអាចនិយាយបានថាទម្រាំអ្នកយល់ថា អ្នកមានអ្វីគ្រប់យ៉ាង អ្នកអាចនឹងបាត់បង់មនុស្សនៅជិតខ្លួន ហើយអ្នកក៏គ្មានកម្លាំងក្នុងការចាយលុយដែលអ្នករកបាននោះដែរ។

62339164_10156015179130124_8586250635341463552_n

- ធ្វើការល្មមៗបានហើយ ទុកពេលសម្រាកខួរក្បាលខ្លះ និងចេះរកសេចក្តីសុខឱ្យខ្លួនឯង

- ចំណាយពេលវេលាជាមួយគ្រួសារ និងមនុស្សជាទីស្រលាញ់ឱ្យបានច្រើន ព្រោះថាអ្នកនឹងមិនដឹងថា អ្នកអាចមានពួកគេនៅក្បែរដល់ពេលវេលាណាមួយនោះទេ

- មិនបាច់លោភលន់ទៅណាពេកនោះទេ ព្រោះស្លាប់បាត់អ្នកមិនអាចយកលុយទៅតាមសូម្បីតែមួយកាក់មួយសេន

- មិនបាច់ខ្វល់ពីកូនចៅជំនាន់ក្រោយរបស់អ្នកពេកនោះទេ គ្រាន់តែចាប់ផ្តើមបង្រៀនប្រៀនប្រដៅ និងផ្តល់ចំណេះដឹងឱ្យបានត្រឹមត្រូវ ពួកគេនឹងមានគំនិតចេះរកចិញ្ចឹមខ្លួនឯងដោយមិនដាច់បាយហើយ។

ទាំងនេះហើយជាហេតុផល ដែលខ្ញុំចូលចិត្តដើរលេង រកពេលកម្សាន្តសប្បាយ និងញ៉ាំអាហារឆ្ងាញ់ៗ សម្រាប់ខ្លួនឯង និងចំណាយពេលវេលាជាមួយក្រុមគ្រួសារឱ្យបានច្រើនទៅតាមលទ្ធភាពដែលមាន។ ដឹងថាមានមនុស្សមួយចំនួននិយាយថា «ដើរចាយវាយចឹងបាននៅតែក្រ » «គិតតែដើរលេងចឹងបានជាមិនមានដូចគេ» !

ពិតហើយ ខ្ញុំដើរលេង ព្រោះខ្ញុំដឹងថា លុយខ្ញុំរកគឺសម្រាប់តែចាយ និងដើម្បីរកសេចក្តីសុខឱ្យខ្លួនឯង តែពេលដែលខ្ញុំចាយហើយ ខ្ញុំអាចត្រលប់មករកលុយវិញបាន ចំណែកឯពេលវេលាដែលហួសបាត់ទៅហើយ ទោះជាខ្ញុំប្រឹងរកលុយច្រើនប៉ុណ្ណា ក៏ពេលវេលាមិនអាចត្រលប់មកដូចដើមជារៀងរហូត៕

អត្ថបទដោយ៖ កវីលាក់ស្នេហ៍

រក្សាសិទ្ធ៖ ក្នុងស្រុក

62062323_10156015179005124_2055467057469718528_n