មនុស្សយើងអាចមើលដឹងថាទៅថ្ងៃមុខ ក្លាយជាអ្នកមាន ឬ អ្នកក្រ តាមរយៈសម្តី កាយវិការ និងការគិត ជាពិសេសបុគ្គលិកលក្ខណៈគឺសំខាន់បំផុតក្នុងការរុញច្រានអ្នកទៅរកភាពជោគជ័យ។ ក្នុងនោះផងដែរ គេបានរកឃើញចំណុចអវិជ្ជមាន៣យ៉ាង ដែលអ្នកគួរតែចៀសវាង បើមិនចង់ក្លាយជាអ្នកក្រនាពេលអនាគត ព្រោះទម្លាប់ទាំងនេះផ្តល់ផលអាក្រក់ ក៏ដូចជាជះឥទ្ធិពលបំផុតដល់ជីវិតរស់នៅរបស់អ្នក៖
១.មិនខ្វល់ពីអារម្មណ៍ និងតម្រូវការរបស់អ្នកដទៃ៖ មនុស្សឆ្លាតគឺជាមនុស្សដែលចេះយល់ចិត្តអ្នកដទៃយ៉ាងច្បាស់។ ពួកគេមិនច្រានចោលអារម្មណ៍ និងយោបល់របស់អ្នកដទៃឡើយ ដូច្នេះពួកគេយល់ពីទស្សនៈផ្សេងគ្នា ហើយសម្លឹងមើលស្ថានភាពមួយពីទស្សនៈជាច្រើន ដោយពិនិត្យមើលបញ្ហាដោយចំហ។ ដោយសារមនុស្សឆ្លាតច្រើនតែមានទសន្សៈវិជ្ជមាន ដូច្នេះនៅពេលដែលពួកគេធ្វើការជាមួយគ្នា ពួកគេតែងតែជឿជាក់លើមិត្តរួមការងារ ហើយមានឆន្ទៈក្នុងការប្រគល់ភារកិច្ចសំខាន់ៗទៅអោយអ្នកដទៃធ្វើ ជៀសជាងដណ្តើមការងារគ្នាយកមុខមាត់។ ខុសពីមនុស្សដែលមានវាសនាមិនល្អ ដែលជាធម្មតាចូលចិត្តមានភាពជឿជាក់លើខ្លួនឯង ហើយតែងតែព្យាយាមចាប់កំហុសអ្នកដទៃ ប្រសិនបើធ្វើការជាក្រុមគឺមិនអនុញ្ញាតអោយអ្នកដទៃបញ្ចេញយោបល់ឡើយ ដោយពួកគេតែងតែគិតថាមានតែគំនិតខ្លួនទេដែលត្រឹមត្រូវជាងអ្នកដទៃ។
២.មើលឃើញតែប្រយោជន៍៖ មនុស្សមួយចំនួនគិតថាប្រសិនបើអ្វីមួយមិនផ្តល់ផលប្រយោជន៍ដល់ពួកគេ វាមិនសមនឹងអោយពួកគេមកយកចិត្តទុកដាក់នោះទេ។ ថ្វីត្បិតតែការគិតបែបនេះអាចថាមិនអាក្រក់ក៏ដោយ តែប្រសិនបើមនុស្សម្នាក់អាត្មានិយមហួសហេតុពេក ជីវិតគាត់នឹងមិនបានប្រសើរឡើយ។ ទាំងនេះគឺជាមនុស្សអាត្មានិយម ដែលស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនយកចិត្តទុកដាក់ ឬ គិតពីអារម្មណ៍របស់អ្នកដទៃនោះទេ។ មនុស្សបែបនេះតែងតែមានជម្លោះជាមួយអ្នកដទៃ។ ហើយគ្មាននរណាចង់ធ្វើជាមិត្តនឹងមនុស្សបែបនេះទេ ព្រោះមនុស្សទាំងនេះរាប់អានដើម្បីតែកេងយកផលចំណេញតែប៉ុណ្ណោះ។
៣.មនុស្សមិនស្តាប់ហេតុផល៖ បុរសដែលមានវាសនាអន់ តែងតែភ័យខ្លាចថាអ្នកដទៃមើលងាយពួកគេ ដូច្នេះពួកគេតែងតែយកចិត្តទុកដាក់ចំពោះមុខមាត់របស់ខ្លួន។ មនុស្សប្រភេទនេះពេលពិភាក្សាគ្នាតែងតែចង់ឲ្យអ្នកដទៃយល់ស្របនឹងអ្វីដែលគាត់និយាយ។ បើគេមិនទទួលស្គាល់ទេ គាត់នឹងប្រើពាក្យគំរោះគំរើយ ដើម្បីបញ្ជាក់ថាគាត់ត្រូវ ព្រោះធ្វើបែបនេះនឹងមិនបាក់មុខឡើយ។ បុរសអសមត្ថភាពបែបនេះមិនដែលទទួលយកការពិតថាជាកំហុសរបស់ខ្លួនឡើយ ប៉ុន្តែតែងតែបន្ទោសអ្នកដទៃ។ ខុសពីមនុស្សដែលមានទេពកោសល្យ ឆ្លាត និងខ្លាំង ដែលតែងតែសម្លឹងមើលឃើញកំហុសខ្លួនឯងច្រើនជាងអ្នកដទៃ៕