នៅក្នុងរឿងស្នេហា ឬជីវិតគូ ចង់ប្រាប់អ្នកទាំងអស់គ្នាថា មិនចាំបាច់ចាយចិត្ត ចាយពេលវេលាដើម្បីដេញតាមស្នេហា ស្វែងរកមនុស្សដែលល្អត្រូវចិត្ត ឬដៃគូពិតប្រាកដនោះឡើយ ព្រោះមនុស្សដែលស្រឡាញ់អ្នកពិតប្រាកដ គេមិនឱ្យអ្នកហត់ដេញតាមគេទេ រឹតតែមិនបាច់ឱ្យអ្នកខាតពេលដើម្បីតាមផ្គាប់ផ្គន់ចិត្តគេនោះដែរ តែគេនឹងដើរចូលមកក្នុងជីវិតអ្នកដោយខ្លួនឯង។ យ៉ាងណាមិញ គន្លឹះពិសេសទាំង ៩ ចំណុចនេះ ល្អខ្លាំងសម្រាប់ស្រីៗ ដែលតែងតែជួបរឿងអាក្រក់ៗ និងបរាជ័យនៅក្នុងរឿងស្នេហា ឬជីវិតគូ។
១. ឈប់ស្ដាយស្រណោះ ឈប់ធ្វើបាបខ្លួនឯង ៖ ជាដំបូង អ្នកត្រូវតែបញ្ឈប់គំនិតគិតថាខ្លួនឯងមិនល្អ កុំគិតថាខ្លួនឯងអន់ ខ្លួនឯងមិនស្អាត ទើបគ្មានអ្នកណាចាប់អារម្មណ៍ ឈប់បន្ទោស ឬធ្វើបាបខ្លួនឯង។ អ្នកត្រូវដឹងថា ការគិតរបស់មនុស្សមិនដូចគ្នាទេ គេមិនស្រឡាញ់អ្នក មិនមែនអ្នកអន់ ឬមិនល្អទេ តែមកពីគេមើលមិនឃើញពីចំណុចល្អ ឬក៏ភាពសាមញ្ញរបស់អ្នកតែប៉ុណ្ណោះ។ ជំនួសឱ្យការសោកស្តាយ និងធ្វើបាបខ្លួនឯង អ្វីដែលអ្នកគួរធ្វើគឺរៀនពីរបៀបទាក់ទាញអ្នកដទៃដោយទំនុកចិត្តខ្ពស់បំផុត។ ដោយសារតែមនុស្សស្រីដែលមានទំនុកចិត្ត តែងតែមានមន្តស្នេហ៍ទាក់ទាញ ជាងមនុស្សស្រីដែលចូលចិត្តត្អូញត្អែរ ទួញសោក មើលងាយខ្លួនឯង។ ភាពជឿជាក់ទំនុកចិត្ត មិនត្រឹមតែធ្វើឱ្យអ្នកកាន់តែមានផាសុកភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអ្នកដទៃមើលឃើញថាអ្នកជានារីដែលមានភាពរីករាយ និងទាក់ទាញផងដែរ។ បើអ្នកមានអារម្មណ៍ថាគ្មានសុវត្ថិភាព ចូរធ្វើការដោយមានទំនុកចិត្តរហូតដល់អ្នកយល់ថា អ្នកមិនអន់ទេ។ ឱកាសគឺនៅពេលដែលអ្នកក្លាយជាមនុស្សស្រីដែលមានទំនុកចិត្តខ្ពស់ អ្នកនឹងឃើញភាពខុសគ្នានៅក្នុងវិធីដែលមនុស្សប្រាស្រ័យទាក់ទងជាមួយអ្នក។
២. កុំយំដោយសារតែមនុស្សប្រុស ៖ មិនថាដោយហេតុផលណាក៏ដោយ ប្រសិនបើមនុស្សប្រុសម្នាក់នោះ មិនខ្វល់ពីអ្នក មិនយកចិត្តទុកដាក់ចំពោះអ្នក តែងតែទុកអ្នកចោល ទោះអ្នកស្រឡាញ់គេខ្លាំងប៉ុនណាក៏ដោយ ដាច់ខាតកុំសម្រក់ទឹកភ្នែកដោយសារតែមនុស្សប្រុសម្នាក់នេះឱ្យសោះ។ ប្រាកដណាស់បន្ទាប់ពីទំនាក់ទំនងបរាជ័យមួយចំនួន អ្នកនឹងទទួលបាននូវអារម្មណ៍ឈឺចាប់ និងបាក់ទឹកចិត្ត ប៉ុន្តែអ្វីដែលអាក្រក់បំផុតនោះគឺការរក្សាអារម្មណ៍មិនល្អទាំងនោះនោះក្នុងខ្លួន មិនព្រមដោះលែង។ ដំបូន្មានរបស់ខ្ញុំចំពោះអ្នកក្នុងស្ថានភាពនេះ គឺត្រូវក្រោកឈរឡើងសម្រាប់ខ្លួនឯង។ អ្នកពិតជាអាចបង្ហាញកំហឹង និងភាពស្អប់ខ្ពើមចំពោះអ្នកដែលបានប្រព្រឹត្តអាក្រក់ចំពោះអ្នក ពីព្រោះអ្នកមិនបានធ្វើអ្វីខុសដើម្បីសមនឹងទទួលបានអំពើអាក្រក់បែបនេះ។ ប្រសិនបើអ្នកក្លាយជាមនុស្សស្រីដែលមានទំនុកចិត្ត និងមានភាពជឿជាក់ អ្នកនឹងជួបបុរសដែលចេះគោរព និងឱ្យតម្លៃអ្នក។
៣. ត្រូវចេះរក្សាអាថ៌កំបាំង ៖ នេះជាគោលការណ៍មួយ ហើយក៏ជាអាថ៌កំបាំងមួយសម្រាប់មនុស្សស្រីដែលអ្នកគួរតែធ្វើ នៅពេលដែលអ្នកចាប់ផ្ដើមមានស្នេហា។ នៅក្នុងដំណើរការនៃការកើតឡើង និងបង្កើតទំនាក់ទំនងណាមួយ វាជារឿងសំខាន់ក្នុងការបង្កើតបរិយាកាសនៃការសម្ងាត់ដើម្បីឱ្យអ្នកដទៃចង់ឈ្វេងយល់អំពីខ្លួនអ្នក។ ដូច្នេះ រហូតដល់អ្នកចាប់ផ្ដើមក្នុងទំនាក់ទំនងជាផ្លូវការ អ្នកត្រូវរក្សាខ្លួនឯងជាអាថ៌កំបាំង។ បុរសជាច្រើននិយាយថា ពួកគេមិនចាប់អារម្មណ៍នឹងមនុស្សស្រីដែល តាមពួកគេស្អិត បង្ហាញការស្រឡាញ់ឱ្យគេដឹងចិត្តអស់នោះឡើយ។ ពួកគេចូលចិត្តមនុស្សស្រីដែលមានពិភពខាងក្នុងដ៏សម្បូរបែប ដែលធ្វើឱ្យពួកគេចង់ដឹងចង់ឃើញកាន់តែខ្លាំង ព្រោះតែអាថ៌កំបាំងរបស់នាង។
៤. ដាក់ចិត្តត្រឹម ៣០% បានហើយ នៅក្នុងរឿងស្នេហា ៖ វាស្តាប់ទៅគួរឱ្យហួសចិត្ត ប៉ុន្តែនេះគឺជាគោលការណ៍មួយដ៏ល្អសម្រាបប់មនុស្សស្រីដែលមិនមានសំណាងក្នុងរឿងស្នេហា។ ប្រសិនបើអ្នកដាក់កាយដាក់ចិត្ត ១០០% នៅក្នុងរឿងស្នេហា ច្បាស់ណាស់ថា នៅពេលដែលអ្នកបរាជ័យ ស្នេហាមិនបានដូចចិត្ត អ្នកនឹងមានអារម្មណ៍ខកចិត្តខ្លាំងពេក ក៏អស់ជំនឿលើរឿងស្នេហា លែងចង់បាននរណាទៀតហើយ។
តាមការពិត អ្នកកាន់តែរំពឹងថានឹងមានស្នេហាតិច និងការខិតខំប្រឹងប្រែងតិចដែលអ្នកដាក់ក្នុងការស្វែងរកស្នេហា នោះអ្នកទំនងជាឈានដល់កម្រិតនៃសេចក្តីស្រឡាញ់មួយដែលជាក់លាក់។ នៅពេលដែលអ្នកស្ថិតនៅក្នុងទំនាក់ទំនងដែលគាត់មិនដាក់ការខិតខំប្រឹងប្រែងមកលើអ្នក មធ្យោបាយដ៏ល្អបំផុតគឺត្រូវបញ្ចប់វាឱ្យបានឆាប់។ ហើយនៅពេលដែលអ្នកនៅលីវ ចំណាយត្រឹមតែ ៣០% នៃការខិតខំប្រឹងប្រែងរបស់អ្នកដើម្បីស្វែងរកមនុស្សដែលសក្តិសម ការខិតខំប្រឹងប្រែងរបស់អ្នកដែលនៅសល់គួរតែត្រូវចំណាយលើការងារ គ្រួសារ មិត្តភក្តិ ការកែលម្អខ្លួនឯង និងពង្រីកទំនាក់ទំនងឱ្យបានច្រើន។
៥. ទុកឱ្យគេជាអ្នកមករកអ្នកវិញ ៖ នេះគឺជាបទពិសោធន៍មួយដែលទទួលបានពីមនុស្សស្រីជាច្រើនដែលមិនមានសំណាងក្នុងរឿងស្នេហា។ ពួកគេជឿថា បន្ទាប់ពីបរាជ័យក្នុងទំនាក់ទំនងស្នេហាជាបន្តបន្ទាប់ ស្ត្រីងាយនឹងវិវឌ្ឍន៍ផ្លូវចិត្តកាន់តែរឹងមាំ ដូច្នេះ នៅពេលដែលបុរសម្នាក់បង្ហាញចំណាប់អារម្មណ៍ចំពោះអ្នក សូមកុំបង្ហាញអារម្មណ៍អ្នកចំពោះគេ កុំព្យាយាមតោងជាប់គេអី។ មនុស្សស្រីត្រូវដឹងថា នៅពេលដែលអ្នកព្យាយាមតោងទាមមនុស្សប្រុសម្នាក់ គេនឹងចាប់ផ្ដើមធុញទ្រាន់នឹងអ្នកទៅវិញទេ។ ដូច្នេះហើយ មនុស្សស្រីអ្នកត្រូវតែរៀនចិត្តកំណាញ់បន្តិច កុំធ្វើឱ្យគេដឹងចិត្ត បុរសដែលមានស្នេហាពិតប្រាកដនឹងមិនស្ទាក់ស្ទើរក្នុងការផ្តួចផ្តើមគំនិតដើម្បីរើស និងរៀបចំគម្រោងណាត់ជួបមិត្តស្រីរបស់ខ្លួនឡើយ។
៦. កុំសួរដេញដោល សាំញុំាច្រើនពេក ៖ អ្នកគិតថាប្រសិនបើអ្នកបន្តជួបបុរសថ្មី អ្នកនឹងមានឱកាសច្រើនក្នុងការចូលទៅជិត និងយកឈ្នះគាត់។ នេះពិតជាមិនមែនជាដំបូន្មានសម្រាប់មនុស្សស្រីនោះឡើយ។ មិនថាអ្នកនៅជាមួយអ្នកណាទេ ចូរធ្វើដូចជាអ្នកជាមនុស្សស្រីដែលរវល់ជាមួយនឹងការងារ។ កុំចំណាយពេលវេលារបស់អ្នកទៅតាមសួរនាំ ដេញដោលមនុស្សប្រុសម្នាក់នោះឱ្យសោះ កុំធ្វើឱ្យគេមើលមកគិតថា អ្នកជាមនុស្សស្រីទំនេរ អត់ប្រយោជន៍ នាំឱ្យគេមើលងាយអ្នកតែប៉ុណ្ណោះ ព្រោះមនុស្សប្រុស គេមិនចូលចិត្តឱ្យមនុស្សស្រីសួរនាំគេច្រើនឡើយ ទោះនេះជាការបារម្ភ ឬស្រឡាញ់គេក៏ដោយ ក៏គេមិនដឹងដែរ គេមានតែធុញទ្រាន់នឹងអ្នកប៉ុណ្ណោះ។
៧. កុំទូរសព្ទទៅគេញឹកញាប់ពេក ៖ ដូចដែលបានរៀបរាប់ខាងលើ អ្នកមិនគួរបង្ហាញពីភាពប្រញាប់ប្រញាល់របស់អ្នកក្នុងការស្វែងរកស្នេហាទៅកាន់គេនោះទេ។ ហើយគោលការណ៍មួយក្នុងចំណោមគោលការណ៍ដែលត្រូវលាក់នោះ គឺកុំទូរស័ព្ទទៅគាត់មុនឱ្យសោះ លើកលែងតែគេ Call អ្នកមិនបានទទួល។ នៅពេលគាត់ផ្ញើសារ អ្នកមិនគួរឆ្លើយតបភ្លាមៗទេ។ ទោះបីជាអ្នកកំពុងរង់ចាំដោយអន្ទះសារក៏ដោយ អ្នកគួរតែយកពេលទៅធ្វើអ្វីផ្សេងជំនួសឱ្យការប្រញាប់ប្រញាល់ឆ្លើយតបសាររបស់គាត់។
បុរសងាយនឹងធុញទ្រាន់នឹងមនុស្សស្រីដែលទើបតែជួបពួកគេ ហើយបន្តទូរស័ព្ទ និងផ្ញើសារទៅពួកគេស្ទើរតែគ្រប់ពេល។ ទម្លាប់នេះ វានឹងបញ្ចប់ទំនាក់ទំនងដែលទើបតែចាប់ផ្តើមយ៉ាងឆាប់រហ័ស។ នៅពេលដែលទំនាក់ទំនងរវាងអ្នកទាំងពីរមានភាពស្និទ្ធស្នាលហើយ អ្នកនៅតែគួរតែឱ្យបុរសនោះជាអ្នកផ្តួចផ្តើមគំនិត Call មករកអ្នកឱ្យច្រើនជាងអ្នក Call ទៅគេ។ នោះបង្ហាញពីការខិតខំប្រឹងប្រែង និងបំណងប្រាថ្នារបស់គាត់សម្រាប់ទំនាក់ទំនងជាមួយអ្នក។
៨. កុំឆាប់ស្និទ្ធស្នាលពេក ៖ មូលហេតុមួយដែលធ្វើឱ្យមនុស្សស្រីជាច្រើន«បរាជ័យក្នុងរឿងស្នេហា» គឺដោយសារតែនាងងាយស្រួល និងស្និទ្ធស្នាលជាមួយបុរសលឿនពេក។ ដូច្នេះហើយ ដើម្បីបន្តកុំឱ្យបរាជ័យក្នុងរឿងស្នេហា អ្វីដែលអ្នកត្រូវធ្វើគឺរក្សាចម្ងាយរបស់អ្នកពីគាត់ក្នុងអំឡុងពេលដំណើរការនៃការណាត់ជួបគ្នា។ នៅពេលដែលអ្នកធ្វើសកម្មភាពស្និទ្ធស្នាលពេក វាងាយនឹងធ្វើឱ្យបុរសនោះឆាប់ធុញទ្រាន់នឹងអ្នក នៅពេលដែលគេដឹងចិត្តអ្នកហើយ គេក៏លែងគោរពឱ្យតម្លៃអ្នកដែរ នេះជាហេតុធ្វើឱ្យគេឆាប់ណាយចិត្តយ៉ាងឆាប់រហ័ស។
៩. រៀនពីទំនាក់ទំនងដែលបរាជ័យពីមុន ៖ ប្រឈមមុខនឹងទំនាក់ទំនងដែលបរាជ័យទាំងអស់ដែលអ្នកធ្លាប់ឆ្លងកាត់ ហើយវាយតម្លៃពីមូលហេតុដែលធ្វើឱ្យអ្នកបាក់បែកនោះ។ មនុស្សស្រីជាច្រើនគិតថា ពួកគេត្រូវបានគេបោះចោលដោយងាយដោយសារតែនាងមិនសូវស្អាត មិនសូវឆ្លាត ជាមនុស្សស្រីទន់ជ្រាយពេក ប៉ុន្តែទាំងនេះមិនមែនជាហេតុផលត្រឹមត្រូវនោះទេ។ ក្រឡេកទៅមើលទំនាក់ទំនងដែលបែកបាក់ អ្នកប្រហែលជាដឹងថាអ្នកកំពុងមានស្នេហាជាមួយបុរសដែលស្រឡាញ់អ្នកព្រោះតែអារម្មណ៍មួយឆាវតែប៉ុណ្ណោះ ឬអាចមកពីបញ្ហាជាច្រើនផ្សេងទៀត ដែលជាមូលហេតុដែលធ្វើឱ្យអ្នកគ្មានសំណាងក្នុងរឿងស្នេហាទៅវិញ៕