ការសន្សំសំចៃក្នុងជីវិតជាទម្លាប់ល្អដែលអ្នករាល់គ្នាគួររៀន និងធ្វើវាដើម្បីអនាគតល្អ។ តែទោះយ៉ាងណាក៏ដោយមានការចាយលុយចំនួន ៣ ខាងក្រោម ដែលគួរចំណាយ ព្រោះវាជារឿងល្អដែលអ្នកគួរធ្វើ ជាពិសេសបើអ្នកកាន់តែចាយទៅលើរឿង៣នេះ ជីវិតអ្នកនឹងកាន់តែទទួលបានពរជ័យ និងសំណាងត្រឡប់មកវិញ៖
១.លុយដើម្បីបង្ហាញការគោរពចំពោះឪពុកម្តាយ៖ ឪពុកម្តាយមិនត្រឹមតែផ្តល់កំណើតឱ្យយើងនោះទេ ប៉ុន្តែថែមទាំងខិតខំចិញ្ចឹមបីបាច់យើងឱ្យក្លាយជាមនុស្សល្អក្នុងសង្គមផងដែរ។ ឪពុកម្តាយគឺជាមនុស្សដែលយើងត្រូវដឹងគុណ និងគោរពបំផុតក្នុងជីវិតនេះ។ ឪពុកម្តាយគឺជាមនុស្សដែលស្មគ្រ័ចិត្តផ្តល់អ្វីៗគ្រប់យ៉ាងដល់យើង ទោះបីគាត់ក្រក៏ដោយ ពួកគេមិនទុកកូនឱ្យឃ្លាន ឬ រងទុក្ខឡើយ។ ដូច្នេះការចំណាយប្រាក់ដើម្បីជូនឪពុកម្តាយជារឿងល្អបំផុតដែលត្រូវធ្វើ។ ថ្វីត្បិតតែចំនួនលុយអាចតិចតួចក៏ដោយ វាក៏ជាទឹកចិត្តដ៏ល្អរបស់កូនៗ ហើយឪពុកម្តាយប្រាកដជាសប្បាយចិត្តជាខ្លាំង នៅពេលឃើញកូនចេះដឹងទុក្ខធុរៈគាត់បែបនេះ។
២.វិនិយោគលើចំណេះដឹង៖ អាចនិយាយបានថាវិធីដែលមានន័យបំផុតក្នុងការចំណាយលុយគឺការវិនិយោគលើខ្លួនឯង ប៉ុន្តែមិនមែនចំណាយវាទៅលើសម្ភារៈនិយមនោះទេ ប៉ុន្តែត្រូវវិនិយោគលើចំណេះដឹង។ ការវិនិយោគនេះគឺជាក់ស្តែង ងាយស្រួលរកប្រាក់ចំណេញបន្ថែមទៅថ្ងៃមុខ និងមានសុវត្ថិភាពបំផុត។ វិធីចាយលុយនេះ ទោះចំណាយច្រើនប៉ុណ្ណាក៏មិនខ្ជះខ្ជាយដែរ។ ការវិនិយោគលើចំណេះដឹង យើងនឹងទទួលបានផលចំណេញរយៈពេលវែង។ ការរៀនគឺមិនចេះចប់នោះទេ មិនថាអ្នកចាស់ ឬ ក្មេង ជាសិស្ស ឬ អ្នកធ្វើការក្នុងមុខតំណែងអ្វីនោះទេ រៀនកាន់តែចេះជំនាញច្រើន ជីវិតនឹងកាន់តែល្អប្រសើរ។
៣.ចំណាយលុយលើទំនាក់ទំនងសង្គម៖ មិនថាអ្នកមានអាយុប៉ុន្មានទេ អ្នកត្រូវតែរក្សាទំនាក់ទំនងសង្គម។ ក្នុងជីវិតមនុស្សគ្រប់រូបត្រូវមានមិត្តភ័ក្ដិ និងមនុស្សជំនិតដើម្បីទំនាក់ទំនងជាមួយ។ មិត្តគឺជាមនុស្សដែលមានឆន្ទៈចែករំលែក ស្តាប់ និងជឿជាក់លើអ្នក។ នៅពេលអ្នកសប្បាយចិត្ត មិត្តភក្តិរបស់អ្នកនឹងមកអបអរសាទរអ្នក រីឯនៅពេលអ្នកមានបញ្ហា មិត្តនឹងនៅទីនោះដើម្បីលើកទឹកចិត្តអ្នក និងឈរនៅក្បែរអ្នក។ ជីវិតដែលគ្មានមិត្តពិតជាគួរឱ្យធុញ និងសោកសៅ ដូច្នេះការចំណាយលុយដើម្បីទំនាក់ទំនងជាមួយមិត្តគឺពិតជាមិនខ្ជះខ្ជាយនោះទេ៕