បុរាណដាស់តឿន ហាមដាច់ខាតរាប់អានអ្នកជិតខាង និង ញាតិមិត្ត ៣ ប្រភេទនេះ

មនុស្សគ្រប់រូបមិនអាចរស់នៅតែឯងទេក្នុងពិភពលោកដ៏ធំនេះ តែងតែត្រូវការមិត្តភក្តិ ញាតិមិត្ត ដើម្បីជួយសម្រួលបន្ទុក និងជួយគ្នាទៅវិញទៅមក។ ប៉ុន្តែក្នុងនោះ បុរាណក៏បានដាស់តឿនហាមយើងដែរថារាប់អានត្រូវតែមើលមនុស្សឱ្យច្បាស់ ហាមរាប់អានចំពោះអ្នកជិតខាង៣ប្រភេទ និងគួរចៀសវាងសាច់ញាតិ ៣ ប្រភេទខាងក្រោមនេះ៖

Cover Copy

#ប្រភេទអ្នកជិតខាង៣ប្រភេទដែលអ្នកមិនគួរសេពគប់

១.មនុស្សចូលចិត្តនិយាយដើមគេ៖ ប្រាកដណាស់ មនុស្សជាច្រើនធ្លាប់បានឮ ឬ ធ្លាប់ជួបការសន្ទនាប្រភេទនេះ ជាពិសេសស្ត្រី និងអ្នកជិតខាង ដែលអាចប្រមូលផ្ដុំគ្នាជជែកគ្នាអំពីបញ្ហាអ្នកដទៃ ពីខាងក្នុងផ្ទះ រហូតដល់ផ្លូវលំ។ តាមពិតការចែករំលែកមិនអាក្រក់ទេ តែបើអង្គុយតែជីកកកាយរឿងអ្នកដ៏ទៃ វាជាទង្វើអាក្រក់បំផុតដែលមិនគួរមាន។

២.ប្រភេទមនុស្សដែលចូលចិត្តសុំជំនួយពីអ្នកដទៃ៖ មនុស្សគ្រប់រូបមានពេលវេលានៅក្នុងជីវិតនៅពេលដែលពួកគេជួបប្រទះការលំបាក និងត្រូវការជំនួយ។ បើអ្នកជិតខាងល្អនោះគេនឹងចេះយល់ពីគ្នា ហើយជួយគ្នាទៅវិញទៅមក។ ប៉ុន្តែក្រៅពីនោះ ក៏មានអ្នកជិតខាងដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ពេលគេចង់បានអ្វីពីអ្នក គេនឹងមកសុំឱ្យអ្នកធ្វើដើម្បីគេ មិនថាអ្នកមានសមត្ថភាពឬអត់ទេ តែពេលអ្នកត្រូវការជំនួយពីពួកគេវិញ គេបែរជាធ្វើមិនដឹងមិនឮ។

៣.មនុស្សចិត្តចង្អៀត៖ ជាអ្នកជិតខាងរស់នៅក្បែរគ្នា ពេលខ្លះអាចនឹងមានជម្លោះ និងការយល់ច្រលំរវាងគ្នា។ ប៉ុន្តែមនុស្សភាគច្រើនគេនឹងឆាប់បំភ្លេចចោលនូវរឿងវិវាទ និងប្រែជាល្អនឹងគ្នាវិញ។ តែប្រសិនបើពួកគេជាអ្នកជិតខាងដែលមានចិត្តចង្អៀត ពួកគេចូលចិត្តខឹងនឹងរឿងតូចតាច មិនព្រមអត់ឱនឱ្យគ្នា ទោះបីជាច្រើនឆ្នាំបានកន្លងផុតទៅក៏ដោយ ក៏ពួកគេនៅតែចងចាំពីកំហុសតូចមួយរបស់យើង ហើយក្លាយជាគំនុំនៅក្នុងចិត្ត។

IMG_0868

#ប្រភេទញាតិមិត្ត៣ប្រភេទដែលអ្នកគួរជៀសវាង

១.មនុស្សខ្ចីលុយគេ តែមិនសងវិញ៖ វាជារឿងធម្មតាទេដែលសមាជិកគ្រួសារត្រូវចេះជួយគ្នា ប៉ុន្តែគ្រាន់តែជួយគ្នាក្នុងករណីដែលអ្នកដទៃមានបញ្ហា ឬ មានអាសន្នធំ ជាជាងមិនខំប្រឹងរកលុយចាំតែលាដៃខ្ចី ឬ សុំពីបងប្អូន។ ញាតិមិត្តខ្លះឃើញបងប្អូនមានលុយបន្តិចមិនបាន ដឹងតែពីរត់មកសុំជំនួយ យកលេសជាបងប្អូនខ្ចីលុយមិនដែលសង គ្មានរអៀសចិត្តបន្តិចឡើយ។

២.ខ្ជិល៖ គេថាសុខចិត្តបង្រៀនមនុស្សអោយចេះរកត្រី ជាជាងអោយត្រីស្រាប់ទៅពួកគេ! ព្រោះញាតិមិត្តខ្លះ ខ្ជិលណាស់ ហើយបើយើងទម្លាប់ជួយ នោះពួកគេនឹងចង់ឱ្យយើងជួយរហូត លែងចេះរស់ដោយខ្លួនឯងចាំតែពឹងដង្ហើមយើង ដូច្នេះបើមើលទៅឃើញថាមនុស្សនោះកែមិនឡើង ខ្ជិលអូសគូថមិនរួច មិនមានចិត្តចង់មានបាននឹងគេទេ យើងគួរតែនៅឲ្យឆ្ងាយពីបុគ្គលនោះ។ ដោយសារតែថាមពលអវិជ្ជមាននេះអាចឆ្លង និងប៉ះពាល់ដល់យើងថែមទៀតផង។

៣.ប្រភេទនៃមនុស្សស៊ីពែ៖ ពេលអ្នកមានលុយ សាច់ញាតិជិតឆ្ងាយនឹងឧស្សាហ៍មកលេងអ្នកណាស់ ព្រោះគេរំពឹងថាអ្នកអាចអោយប្រយោជន៍ខ្លះទៅកាន់ពួកគេ។ ប៉ុន្តែនៅពេលដែលអ្នកមិនមានលុយ ហើយប្រឈមមុខនឹងការលំបាក បើទោះបីជាអ្នកស្រែកហៅពួកគេ ក៏ពួកគេមិនខ្ចីមករកអ្នកដែរ ព្រោះខ្លាចអ្នកធ្វើឱ្យពួកគេពិបាក។ ត្រូវចាំថាចំពោះមនុស្សប្រភេទនេះល្អបំផុតនៅឱ្យឆ្ងាយ កុំរាប់ជាញាតិឱ្យសោះ៕

IMG_0869