ប៉េងប៉ោះគឺជាគ្រឿងផ្សំដែលភាគច្រើនគេចូលចិត្តយកមកច្នៃធ្វើជាម្ហូបសម្រាប់ទទួលទានណាស់ ជារឿយៗមនុស្សមានទម្លាប់ទិញប៉េងប៉ោះ ហើយរក្សាទុកក្នុងទូទឹកកក។ តែការធ្វើបែបនេះមិនមែនជាវិធីល្អបំផុតដើម្បីរក្សាប៉េងប៉ោះអោយនៅស្រស់ល្អនោះទេ ព្រោះសីតុណ្ហភាពទាបអាចប៉ះពាល់ដល់រសជាតិនៃប៉េងប៉ោះ។ លើសពីនេះ ការទុកប៉េងប៉ោះនៅក្នុងទូទឹកកកក៏ធ្វើឱ្យប៉េងប៉ោះងាយស្រួលស្រូបយកក្លិនពីអាហារផ្សេងៗផងដែរ។ ដូច្នេះហើយ អ្នកគួរតែកំណត់ការរក្សាទុកប៉េងប៉ោះនៅក្នុងទូទឹកកក ពោលគឺមានតែប៉េងប៉ោះទុំប៉ុណ្ណោះដែលត្រូវដាក់ក្នុងទូរទឹកកក។
ខាងក្រោមនេះជាវិធីរក្សាទុកប៉េងប៉ោះអោយនៅស្រស់ល្អ និងមិនធ្វើអោយប៉េងប៉ោះបាត់បង់រសជាតិ៖
១.ហាមលាងប៉េងប៉ោះ៖ ប៉េងប៉ោះដែលបានទិញមក មិនចាំបាច់ត្រូវលាងសម្អាតទេ។ប្រសិនបើអ្នកឃើញដីខ្សាច់នៅលើប៉េងប៉ោះរបស់អ្នក គ្រាន់តែប្រើកន្សែងស្ងួតជូតវាឱ្យស្អាត។ បន្ទាប់មកដាក់វាក្នុងកន្ត្រកតូចមួយគឺជាការស្រេច ដែលវិធីនេះនឹងរក្សាប៉េងប៉ោះនៅស្រស់ល្អបានរយៈពេលពីរបីថ្ងៃ។ ហើយដើម្បីរក្សាប៉េងប៉ោះក្នុងបរិយាកាសខាងក្រៅឱ្យបានយូរជាងនេះ អ្នកអាចជ្រើសរើសវិធីមួយទៀត ដោយប្រើកន្សែងជូតទឹកប៉េងប៉ោះឱ្យស្អាត បន្ទាប់មកប្រើកាសែតដើម្បីរុំផ្ឡែប៉េងប៉ោះទាំងនោះ ហើយទុកក្នុងកន្លែងម្លប់ និងស្ងួត ជាពិសេសគឺដាក់អោយឆ្ងាយពីពន្លឺព្រះអាទិត្យ។
+ របៀបជ្រើសរើសប៉េងប៉ោះស្រស់
- មើលពណ៌
ប៉េងប៉ោះល្អនឹងប្រែជាក្រហម និងលឿងយ៉ាងឆាប់រហ័ស។ ដោយសារផ្នែកផ្សេងៗនៃផ្លែឈើត្រូវបានប៉ះពាល់នឹងបរិមាណពន្លឺខុសៗគ្នា ស្បែកប៉េងប៉ោះច្រើនតែមិនមានពណ៌ដូចគ្នាទេ។ នៅតំបន់ដែលមានពន្លឺព្រះអាទិត្យច្រើន សំបកនឹងមានពណ៌ក្រហមជាងកន្លែងដែលនៅសល់។
- មើលទង
ទងផ្លែប៉េងប៉ោះត្រូវតែស្រស់ និងជាប់នឹងផ្លែ។ កុំទិញផ្លែប៉េងបោះដែលជ្រុះទង ព្រោះនោះជាសញ្ញាបញ្ជាក់ថាផ្លែប៉េងប៉ោះត្រូវបានកាត់ជាយូរមកហើយ ម្យ៉ាងវាក៏លែងមានរសជាតិឆ្ងាញ់ទៀតដែរ។- ពិនិត្យទម្ងន់របស់ប៉េងប៉ោះ
ត្រូវរើសប៉េងប៉ោះរឹងហើយធ្ងន់ ព្រោះវាបញ្ជាក់ថាជាតិទឹកនៅក្នុងប៉េងប៉ោះនៅមានល្អ មិនខ្សោះ មិនឆាប់ទន់។
- ក្លិនប៉េងប៉ោះ
ប៉េងប៉ោះទុំធម្មជាតិនឹងមានក្លិនក្រអូបស្រាល តែប៉េងប៉ោះដែលមិនមានក្លិន ឬ មានក្លិនស្អុយចម្លែក គឺអាចបណ្តាលមកពីប៉េងប៉ោះនោះត្រូវបានគេត្រាំក្នុងសារធាតុគីមី។
ជាចុងក្រោយប្រសិនបើអ្នកចង់រក្សាទុកវាឱ្យបានយូរសម្រាប់ការប្រើប្រាស់នៅពេលក្រោយ អ្នកគួរតែជ្រើសរើសប៉េងប៉ោះដែលនៅមានពណ៌បៃតងបន្តិច នោះវានឹងជួយបន្លាយរយៈពេលសម្រាប់អ្នកក្នុងការរក្សាវាទុកដើម្បីធ្វើម្ហូបថ្ងៃក្រោយ៕
ប្រភព៖ បរទេស
ប្រែសម្រួលដោយ៖ ក្នុងស្រុក