ប្រសិនបើអ្នកកំពុងប្រើថ្នាំបញ្ចុះសម្ពាធឈាម ការទទួលទានខ្ញីក្នុងរយៈពេលយូរអាចធ្វើឱ្យសរសៃឈាមរីកធំ ដែលនាំឱ្យសម្ពាធឈាមចុះទាប។ ខ្ញីគឺជាគ្រឿងផ្សំដែលមានមុខងារជាច្រើន ក្រៅពីជាអាហារ និងគ្រឿងទេស វាក៏ជាគ្រឿងបន្ថែមរសជាតិ និងជាគ្រឿងផ្សំឱសថផងដែរ។
ខ្ញីត្រូវបានប្រើប្រាស់ជាឱសថបុរាណក្នុងប្រទេសជាច្រើនអស់រយៈពេលជាង 3,000 ឆ្នាំមកហើយ ដើម្បីព្យាបាលការឈឺក្បាល ចង្អោរ ក្អួត ឈឺពោះពេលមករដូវ រាគ ផ្តាសាយ និងជំងឺជាច្រើនមុខ។ វាក៏មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាកផងដែរ ហើយការសិក្សាថ្មីៗជាច្រើនបង្ហាញថា វាអាចជួយបញ្ចុះកូឡេស្តេរ៉ុល សម្ពាធឈាម និងគ្រប់គ្រងជាតិស្ករក្នុងឈាម ដើម្បីការពារបេះដូង។
ខ្ញីអាចមានអត្ថប្រយោជន៍សុខភាពជាសក្តានុពល ប៉ុន្តែប្រសិនបើអ្នកលេបថ្នាំមួយក្នុងចំណោមថ្នាំខាងក្រោម សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក មុនពេលបង្កើនការទទួលទានខ្ញីរបស់អ្នក ឬ ប្រើថ្នាំបន្ថែម។
១.ថ្នាំបញ្ចុះឈាម៖ សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងខ្ញី (gingerol, shogaol, zingiberene និង bisabolene) ពួកវាក៏មានលក្ខណៈសម្បត្តិជាឱសថផងដែរ។ សមាសធាតុទាំងនេះអាចរំខានដល់សារធាតុម្យ៉ាងហៅថា thromboxane ។ ដោយ "Thromboxane ត្រូវបានផលិតដោយកោសិកាឈាមតូចៗហៅថាប្លាកែត។ នៅក្នុងព្រឹត្តិការណ៍នៃការហូរឈាម thromboxane បង្កឱ្យប្លាកែតប្រមូលផ្តុំគ្នាដើម្បីបង្កើតជាដុំឈាមនៅកន្លែងរបួស។ សារធាតុនេះក៏ជួយកាត់បន្ថយលំហូរឈាមទៅកាន់មុខរបួសដោយការរឹតបន្តឹងសរសៃឈាមផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យនៃការហូរឈាមត្រូវបានកើនឡើង ដោយសារតែខ្ញីអាចប៉ះពាល់ដល់ thromboxane ដែលរំខានដល់ដំណើរការនៃការកកឈាមតាមធម្មជាតិ។ ម្យ៉ាងវិញទៀត ខ្ញីអាចមានលក្ខណៈសម្បត្តិធ្វើឱ្យឈាមស្តើង បង្កើនហានិភ័យនៃការហូរឈាមនៅពេលទទួលទានជាមួយនឹងថ្នាំបញ្ចុះឈាម។
២ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម៖ ខ្ញីអាចកាត់បន្ថយជាតិស្ករក្នុងឈាមលឿន និងធ្វើអោយប្រសើរឡើងនូវភាពប្រែប្រួលអាំងស៊ុយលីន និងកម្រិត A1C ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ប៉ុន្តែប្រសិនបើអ្នកកំពុងប្រើថ្នាំបញ្ចុះជាតិស្ករក្នុងឈាម ដូចជា metformin និងអាំងស៊ុយលីន ការទទួលទានខ្ញីអាចបន្ថយជាតិស្ករក្នុងឈាមរបស់អ្នកបន្ថែមទៀត។
៣.ថ្នាំ Antiarrhythmic៖ ប្រសិនបើអ្នកមានចង្វាក់បេះដូងលោតខុសប្រក្រតី ខ្ញីក៏អាចមានប្រតិកម្មជាមួយនឹងថ្នាំប្រឆាំងនឹងចង្វាក់បេះដូងដូចជា amiodarone (Pacerone, Cordarone) ផងដែរ។ កោសិកាបេះដូងរបស់អ្នកមានបណ្តាញកាល់ស្យូមដែលជួយដល់សមត្ថភាពបេះដូងក្នុងការដំណើរការ។ សមាសធាតុដែលមាននៅក្នុងខ្ញីអាចរារាំងកាល់ស្យូមមិនឱ្យចូលទៅក្នុងកោសិកាបេះដូង ដែលអាចកាត់បន្ថយសម្ពាធឈាម។
៤.ថ្នាំបញ្ចុះសម្ពាធឈាម៖ ខ្ញីអាចបង្កើនប្រសិទ្ធភាពថ្នាំបញ្ចុះសម្ពាធឈាម។ វាមានសក្តានុពលក្នុងការរំខានដល់ angiotensin ដែលជាអរម៉ូនដែលគ្រប់គ្រងសម្ពាធឈាម និងបរិមាណសារធាតុរាវក្នុងរាងកាយ។ ក្នុងរយៈពេលវែង នេះអាចធ្វើអោយសរសៃឈាមរីកធំ ដែលនាំអោយមានសម្ពាធឈាមទាបថែមទៀតផង។
+ ផលប៉ះពាល់នៃខ្ញីលើការស្រូបយកថ្នាំ
បន្ថែមពីលើការធ្វើអន្តរកម្មជាមួយនឹងថ្នាំខាងលើ ខ្ញីអាចបង្កើនឥទ្ធិពលនៃថ្នាំនៅពេលទទួលទានជាមួយគ្នា។ ដូច្នេះ ប្រសិនបើអ្នកទទួលទានខ្ញី ឬ លេបថ្នាំបន្ថែមខ្ញី រួមជាមួយនឹងថ្នាំ ហើយជួបប្រទះនូវផលប៉ះពាល់ដូចជា បែកញើស ញ័រ ភ័យ ថប់អារម្មណ៍ និងវិលមុខភ្លាមៗ៕
ប្រភព៖ បរទេស
ប្រែសម្រួលដោយ៖ ក្នុងស្រុក