នៅក្នុងបរិយាកាសការងារនាពេលបច្ចុប្បន្ននេះ មនុស្សភាគច្រើនមានឧត្តមគតិថា ការព្យាយាមធ្វើខ្លួនឱ្យរវល់ គឺជាលក្ខណៈនៃមនុស្សជោគជ័យ។ ជាការពិតណាស់ ប្រសិនបើបុគ្គលិកម្នាក់អាចបញ្ចប់កិច្ចការត្រឹមតែរយៈពេល២ ម៉ោង ( ធ្វើការលឿន) ហើយបន្ទាប់មកមានពេលទំនេរពេញមួយថ្ងៃ ពួកគេនឹងមិនត្រូវបានអ្នកដទៃអោយតម្លៃនោះទេ។
ជារឿយៗ “មេ” តែងតែចូលចិត្តបុគ្គលិកដែលធ្វើការ ៨ ម៉ោងទៅលើកិច្ចការដូចគ្នា ព្រោះគាត់គិតថា ពួកគេសកម្ម និងឧស្សាហ៍ព្យាយាម។ ដោយសារវប្បធម៌បែបនេះហើយ ទើបនៅកន្លែងធ្វើការគេអោយអទិភាពទៅលើគុណតម្លៃខុស ពោលមនុស្សមួយចំនួនចាប់ផ្តើមធ្វើជា “ រវល់ក្លែងក្លាយ” (សូម្បីតែពេលខ្លះ ពួកគេមិនដឹងខ្លួនផងថាពួកគេកំពុងតែធ្វើបែបនេះ) ដើម្បីយកចិត្តមេកើយ ហើយឱ្យគ្រប់គ្នាយល់ពីតម្លៃខ្លួន ។
# តើ “ រវល់ក្លែងក្លាយ ឬ Fake Busy ” គឺជាអ្វី?
រវល់ក្លែងក្លាយ គឺជាពេលដែលអ្នកធ្វើពុតជារវល់ ដោយធ្វើការទៅលើរឿងអត់ប្រយោជន៍ច្រើនជាងរឿងដែលមានប្រយោជន៍ ហើយធ្វើដូចជាខ្លួនឯងសកម្មអញ្ចឹង ហើយយើងខ្ញុំជឿថា អ្នកណាក៏ប្រហែលជាធ្លាប់ធ្វើជារវល់ក្លែងក្លាយដែរ ដូចជាតែងតែមានការប្រជុំរាល់ចុងសប្តាហ៍ដែលវាចំណាយពេលពី ៤ ទៅ ៨ម៉ោង។
អ្វីដែលគួរឱ្យអស់សំណើចនោះគឺថា រឿងដែលបានមកពីការប្រជុំនោះមិនបានជួយអ្វីនោះទេ ហើយប្រជុំរួចក៏មិនដែលយកវាមកមើលដែរ។ វាបានចោទជាសំនួរឡើងថា « តើអ្វីទៅដែលជាចំណុចសំខាន់នៃការប្រជុំ បើវាមិនអាចជួយអ្វីដល់អ្នកបានសោះនោះ? គួរអោយស្តាយណាស់ នេះពិតជាឆ្លុះបញ្ចាំងពីតម្លៃនៃវប្បធម៌ធ្វើការរបស់យើង » ។
ហើយជឿថាមានមនុស្សជាច្រើនណាស់ ដែលមានមោទនភាព ថាខ្លួនមិនមែនជាមនុស្សទំនេរ។ ប៉ុន្តែការពិតនោះ ការរវល់ក្លែងក្លាយបែបនេះ គឺវាគ្មានតម្លៃនោះទេ ហើយវាក៏អាចធ្វើអោយប៉ះពាល់សុខភាពផ្លូវចិត្តរបស់អ្នកផងដែរ ។
ដូច្នេះតើអ្វីដែលជាសញ្ញារបស់អ្នក ឬ អ្នកគ្រប់គ្រងរបស់អ្នកដែលធ្វើជា រវល់ក្លែងក្លាយ?
#តាមបទពិសោធន៍របស់មនុស្សជាច្រើន ទាំងនេះជាសញ្ញាទូទៅនៃមនុស្សដែលធ្វើជារវល់ក្លែងក្លាយ៖
១. គិតតែប្រជុំៗ ហើយមានការប្រជុំមិនចាំបាច់ជាច្រើន (រាល់ថ្ងៃ ឬរៀងរាល់សប្តាហ៍)
២. តាមដាននោះតាមដាន មានការត្រួតពិនិត្យហួសហេតុពេក (តាមដានពីរបីដងក្នុងមួយថ្ងៃ )
៣. មានការតិចតួច តែគិតតែចង់និយាយគ្នាផ្ទាល់ ទោះជាការងារខ្លះ ពិភាក្សាតាមឆាតបានក៏ដោយ
៤. ហៅឱ្យអ្នកមកធ្វើការ ទោះបីវាជាម៉ោងដែលអ្នកសម្រាកពីការងារក៏ដោយ
៥. អួតពីភាពមមាញឹករបស់ពួកគេ ហើយមោទកភាពពីការងាររវល់របស់ពួកគេ
៦. និយាយពន្លើសពីការងាររបស់ពួកគេ ហាក់បីដូចជាមានទំហំធំធេងណាស់អ៊ីចឹង ទាំងដែលរឿងខ្លះជារឿងតូចតាច ឬមិនចាំបាច់ផង
៧. តែងតែធ្វើអីដោយតក់ក្រហល់ ស្លន់ស្លោរៗ ហើយប្រញាប់ប្រញាល់ ឱ្យមើលមកថាខ្លួនឯងជាមនុស្សសកម្មនឹងការងារ
៨. ចូលចិត្តធ្វើខ្លួនឱ្យមានភាពមមាញឹកខ្លាំងជាមួយនឹងការងារដែលគ្មានប្រយោជន៍
៩. ស្តីបន្ទោសមនុស្សគ្រប់គ្នាថាជាមនុស្សអសមត្ថភាព និងអត់បានការ ប្រសិនបើពួកគេមិនធ្វើតាមវប្បធម៌ និងទម្លាប់ធ្វើការងាររបៀប “រវល់ក្លែងក្លាយ” ដូចខ្លួន ។
# ប្រសិនបើអ្នករកឃើញថាខ្លួនឯង ឬមេរបស់អ្នក ជាមនុស្ស “រវល់ក្លែងក្លាយ” តើអ្នកគួរធ្វើបែបណា?
អ្វីដែលយើងខ្ញុំចង់ណែនាំនោះគឺ៖
១. រៀនផ្តល់អាទិភាពដល់រឿងសំខាន់ៗ ហើយឈប់ខ្វាយខ្វល់ពីរឿងតូចតាច
២. រៀនចំណាយពេលវេលាក្រៅពីការងាររបស់អ្នក (អាចជួបជាមួយមិត្តភក្តិ ឬលេងហ្គេម)
៣. ថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នក ដើម្បីចៀសវាងនូវអារម្មណ៍ឆេវឆាវ
៤. លាលែងពីតំណែង ប្រសិនបើវាពិបាកសម្រាប់អ្នកពេក។
បន្ទាប់ពីបានអានអត្ថបទនេះហើយ តើអ្នកយល់យ៉ាងណាដែរ ?
ប្រែសម្រួលជាខេមរភាសា៖ Sreynoch Long
ប្រភពអត្ថបទ៖ Kjel Niyey