ភ្នំពេញ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២២៖ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (Credit Bureau (Cambodia) Co., Ltd (CBC))បានដាក់ឱ្យ ដំណើរការសេវាវិភាគទិន្នន័យកម្រិតខ្ពស់ដំបូងគេនៅក្នុង ប្រទេសដោយប្រើឧបករណ៍វិភាគទិន្នន័យធុរកិច្ច សម្រាប់ស្ថាប័នហិរញ្ញវត្ថុជាសមាជិកទាំងអស់ ដើម្បី តាមដានកម្រិតហានិភ័យឥណទាន នៅតាមទីតាំងភូមិសាស្ត្រជាច្រើន។ ផែនទីហានិភ័យឥណទាន គឺជាដំណោះស្រាយចុងក្រោយគេបង្អស់ពី ក្រុមហ៊ុន CBC ដែលបង្កើតឡើងក្នុងទម្រង់ជា ផែនទីអន្តរកម្ម និងរស់រវើក ដែលអាចឱ្យបណ្តាអគ្គនាយក និងគណៈគ្រប់គ្រងរបស់ស្ថាប័នផ្តល់កម្ចី កំណត់សម្គាល់លើ ហានិភ័យ ឥណទានរបស់ស្ថាប័នខ្លួន ពីទីតាំងមួយទៅទីតាំងមួយទៀត បានយ៉ាងងាយស្រួល។
ក្រុមហ៊ុន CBC តែងតែពង្រឹងបន្ថែមលើសេវាវិភាគទិន្នន័យ និងឧបករណ៍វិភាគ និងដំណោះស្រាយធុរកិច្ច តាមបច្ចេកវិទ្យា ដើម្បីបង្កើតគុណតម្លៃ ដល់សមាជិកជាស្ថាប័នហិរញ្ញវត្ថុទាំងអស់ ព្រមទាំងលើកកម្ពស់ ប្រព័ន្ធអេកូឡូស៊ីនៃឌីជីថលនីយកម្ម និងការធ្វើ សេចក្តីសម្រេចចិត្ត ដោយផ្អែកលើការវិភាគទិន្នន័យ ច្បាស់លាស់ នៅក្នុងប្រទេស។ នៅឆ្នាំ ២០២០ CBC បានអភិវឌ្ឍន៍បន្ថែមលើសេវាវិភាគទិន្នន័យ (DAR) របស់ ខ្លួនឱ្យក្លាយជាទម្រង់របាយការណ៍ឆ្លាតវៃមួយអាចឱ្យនាយកប្រតិបត្តិជាន់ខ្ពស់ នៅស្ថាប័នហិរញ្ញវត្ថុជាសមាជិក អាចអនុវត្តយុទ្ធសាស្ត្រ និងផែនការនៃការអនុវត្ត ទៅតាមស្ថានភាពប្រតិបត្តិការរបស់ពួកគេ។ ផែនទីហានិភ័យឥណទាន ត្រូវបានបង្កើតឡើង ដើម្បី ប្រើប្រាស់ ជាមួយគ្នានឹង សេវាវិភាគទិន្នន័យ (DAR) ជាជាង ជាឧបករណ៍ដាច់តែឯង ដើម្បីឱ្យស្ថាប័នហិរញ្ញវត្ថុអាចប្រើប្រាស់ ក្នុងការសម្រេចចិត្តលើ ផែនការយុទ្ធសាស្រ្ត របស់ស្ថាប័នដោយផ្អែកលើ ទិន្នន័យច្បាស់លាស់។
លោកអឿ សុធារ័ត្ន នាយកប្រធានប្រតិបត្តិនៃក្រុមហ៊ុន CBC ថ្លែងថា៖ «រយៈពេលប៉ុន្មានឆ្នាំមុននេះយើងបាន សង្កេតឃើញថាវិស័យហិរញ្ញវត្ថុនៅកម្ពុជាបានបត់បែនទៅតាមបរិបទនៃប្រព័ន្ធឌីជីថលនិងបានធ្វើការផ្លាស់ប្ដូរយ៉ាងគំហុកលើផ្នែកវិភាគទិន្នន័យ។ ជាមួយនឹងការរីកចម្រើនជាលំដាប់នៃទីផ្សារឥណទាន សព្វថ្ងៃនេះយើង មានសមាជិកសរុប១៨០ ស្ថាប័នដែលជាគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ ឥណទានជនបទ និងក្រុមហ៊ុន ភតិសន្យាហិរញ្ញវត្ថុ។ ម៉្យាងវិញទៀត សមាជិករបស់យើងកំពុងតែពង្រីកប្រតិបត្តិការ លើសេវា និងផលិតផល របស់ខ្លួន ទៅកាន់តំបន់ទីផ្សារថ្មីៗ ដែលជាហេតុធ្វើឲ្យពួកគេ មានតម្រូវការលើការវិភាគហានិភ័យលើកម្ចី នៅតាមតំបន់ ទាំងនោះ។ ដូច្នេះហើយទើប ឧបករណ៍វិភាគនេះគឺបង្កើតឡើង ដើម្បីបំពេញតម្រូវការរបស់ សមាជិកយើង។»
ផែនទីហានិភ័យឥណទាន មិនត្រឹមតែជាឧបករណ៍ចង្អុលបង្ហាញពី បច្ចុប្បន្នភាពនិន្នាការនៅក្នុងទីផ្សារ ប៉ុណ្ណោះទេ ថែមទាំងបំពេញតម្រូវការលើទិន្នន័យខ្នាតធំរបស់ស្ថាប័នហិរញ្ញវត្ថុផងដែរ។ ដោយគិតពីតម្រូវការ របស់សមាជិកទាំងអស់ CBC បានបន្ថែមមុខងារកំណត់សម្គាល់យ៉ាងស៊ីជម្រៅ ដោយបង្ហាញពីការអនុវត្ត ដល់កម្រិត ឃុំ/សង្កាត់ ប្រៀបធៀបគុណភាពឥណទានរបស់ស្ថាប័នមួយទៅស្ថាប័នមួយ និងការរៀបចំ រចនាសម្ព័ន្ធប្រតិបត្តិការកម្ចីឡើងវិញ ដោយធៀបទៅនឹងមធ្យមភាគកម្ចីនៅក្នុងវិស័យ បន្ទាប់មកទាញយក ទិន្នន័យលម្អិតពីផែនទីសម្រាប់ការវិភាគកាន់តែស៊ីជម្រៅ។
ជាមួយព័ត៌មាននៃប្រតិបត្តិការឥណទាន ប្រវត្តិនិងប្រតិបត្តិការរបស់អ្នកខ្ចីនៅថ្នាក់ឃុំ ស្រុក និងខេត្ត ស្ថាប័ន ហិរញ្ញវត្ថុអាចរៀបចំយុទ្ធសាស្រ្តឡើងវិញនូវហានិភ័យនៃផលបត្រឥណទាន យុទ្ធសាស្រ្តទីផ្សារ និងការធ្វើ ផែនការផលិតផលថ្មីៗ ដោយផ្អែកលើតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងភូមិសាស្ត្រគោលដៅផ្សេងៗ។ ដោយការផ្តល់ជូននូវរបាយការណ៍វិភាគទិន្នន័យលម្អិត ផែនទីហានិភ័យឥណទាន រួមជាមួយនឹងសេវាវិភាគ ទិន្នន័យ(DAR) នឹងបង្កើនភាពច្បាស់លាស់ ក្នុងការបញ្ជៀសហានិភ័យឥណទាន និងការស៊ើបសួរពីគណនី ដើម ហើយធ្វើឱ្យប្រាកដថា កម្ចីនីមួយៗកាន់តែមានសុវត្ថិភាព និងគុណភាពខ្ពស់ សម្រាប់ស្ថាប័នហិរញ្ញវត្ថុនានា តាមរយៈការផ្តល់ជូននូវព័ត៌មានទិន្នន័យឥណទាន។
សម្រាប់ព័ត៌មានបន្ថែម សូមអ៊ីម៉ែលមកកាន់យើង៖ [email protected] ឬចូលទៅកាន់៖ https://www.creditbureau.com.kh/km/corporate-products/credit-risk-heat-map/