នៅក្នុងដៃនាង៖ ទស្សនាវដ្តីសម្រាប់សហគ្រិនស្ត្រី
ភ្នំពេញ - ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២២ - ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និង អង្គការផេកកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់នូវទស្សនាវដ្តី នៅក្នុងដៃនាង ដែលផ្តល់ឱ្យសហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជានូវឧបករណ៍សម្រាប់កសាងអាជីវកម្ម របស់ពួកគេ។
តាមរយៈការផ្តល់ជូននូវធនធានសំខាន់ៗ និងករណីសិក្សា ទស្សនាវដ្តីនេះដើរតួជាការណែនាំពីរបៀបដែលអាចឱ្យសហគ្រិន ដោះស្រាយបញ្ហាប្រឈមដែលពួកគេជួបប្រទះនៅក្នុងអាជីវកម្មរបស់ពួកគេ ដូចជារបៀបចុះឈ្មោះជាមួយបេឡាជាតិរបបសន្តិសុខសង្គម ជាដើម។ ទស្សនាវដ្តីនេះមានជាភាសាខ្មែរ និងភាសាអង់គ្លេស ហើយរៀបរាប់លម្អិត អំពីជំហានសំខាន់ៗដែលត្រូវការដើម្បីប្រែក្លាយអាជីវកម្មក្រៅផ្លូវការតូចមួយទៅជាសហគ្រាសស្របច្បាប់ដែលមានសក្ដានុពលកំណើនខ្ពស់ និងការការពារផ្លូវច្បាប់។
លោកស្រី ហាន វ៉ឹន (Hanh Nguyen) នាយកបេសកកម្មស្តីទីរបស់ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំនៅប្រទេសកម្ពុជា មានប្រសាសន៍ថា “ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ គាំទ្រយ៉ាងខ្លាំងដល់ការចូលរួមរបស់ពលរដ្ធ និង ផ្នែកសេដ្ឋកិច្ច របស់ស្ត្រីហើយការទទួលបានព័ត៌មានពិតជាសំខាន់ចំពោះការចូលរួមនោះ។ ទស្សនាវដ្តីនេះ នឹងផ្តល់ឱ្យសហគ្រិនស្ត្រីកម្ពុជានូវព័ត៌មានដែលពួកគេត្រូវការដើម្បីចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់ពួកគេ។"
លោកស្រី សាប៊ីន យ៉ៅគ្គឺស (Sabine Joukes) នាយកប្រចាំប្រទេសរបស់អង្គការផេកកម្ពុជាបានមានប្រសាសន៍ថា“ទស្សនាវដ្តីនេះគាំទ្រសហគ្រិនស្ត្រីក្នុងការធ្វើឱ្យអាជីវកម្មក្នុងក្តីសុបិន របស់ពួកគេក្លាយជាការពិត។ ទស្សនាវដ្ដីនេះបង្ហាញ រឿងរ៉ាវជីវិតពិតរបស់សហគ្រិនស្ត្រី អំពីបញ្ហាប្រឈមរបស់ពួកគេ និងផ្តល់នូវជំហានជាក់ស្តែងក្នុងការដោះស្រាយបញ្ហានានា ដើម្បីឱ្យសហគ្រិនស្ត្រីអាចដោះស្រាយបញ្ហាទាំងនោះបាន។"
###
សម្រាប់ព័ត៌មានបន្ថែម៖
ទ្រី ឡេង អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងរបស់អង្គការផេកកម្ពុជា។
០៧៧៦៦៧៦៧៦