រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២៖ ស្របតាមការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ យុទ្ធនាការលើបណ្តាញសង្គមមួយដែលត្រូវបានស្គាល់ថា «ខ្ញុំសន្សំ» ឬ «iSave» ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រសិទ្ធភាពថាមពល។ តាមរយៈការស្វែងយល់និងអនុវត្តទម្លាប់ងាយៗ អ្នកប្រើប្រាស់តាមផ្ទះនិងម្ចាស់អជីវកម្មនឹងអាចកាត់បន្ថយការប្រើប្រាស់ថាមពល ចំណេញថវិកា និងរួមចំណែកបង្កើតបរិស្ថានប្រកបដោយសុខភាព។ «ខ្ញុំសន្សំ» នឹងត្រូវដាក់ឲ្យដំណើរការរយៈពេល ៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២២។
កិច្ចផ្តួចផ្តើមមួយនេះមានគោលបំណងពន្លឿនការផ្លាស់ប្តូរក្នុងប្រទេសកម្ពុជាក្នុងការធន់ទៅនឹងអាកាសធាតុ កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ប្រទេសកម្ពុជាបានប្តេជ្ញាក្នុងការចូលរួមចំណែកកាត់បន្ថយការបំពុលជាសកល ទៅតាមលទ្ធភាពនិងធនធានរបស់ខ្លួន។ កម្ពុជាក៏បានបង្ហាញពីទស្សនវិស័យនិងយុទ្ធសាស្ត្រដែលជាត្រីវិស័យដឹកនាំប្រទេសទៅកាន់សេដ្ឋកិច្ចដែលមានតុល្យភាពកាបូនទូទាំងប្រទេសនៅត្រឹមឆ្នាំ២០៥០។
ត្រូវបានគាំទ្រដោយ ការិយាល័យ Foreign Commonwealth and Development Office (FCDO)របស់រដ្ឋាភិបាលចក្រភពអង់គ្លេស យុទ្ធនាការ «ខ្ញុំសន្សំ» ត្រូវបានរៀបចំដោយក្រុមហ៊ុន Carbon Trust ដែលជាផ្នែកមួយនៃកម្មវិធីកាត់បន្ថយកាបូនក្នុងតំបន់អាស៊ាន និងអនុវត្តដោយដៃគូ រួមមាន ស៊ី អ៊ិនវេសមិន ដែលជាសហគ្រាសសង្គមផ្តល់ការគាំទ្រដល់សហគ្រាស ធុនតូចរបស់សហគ្រិនស្រ្តីនៅក្នុងប្រទេសកម្ពុជា។
លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ «ការផ្លាស់ប្តូររបត់ទៅកាន់ថាមពលស្អាតដែលដើរទន្ទឹមគ្នានឹងប្រសិទ្ធភាពថាមពលក្លាយជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពដែលធានានូវសន្តិសុខអាកាសធាតុនិងថាមពល និងភាពរុងរឿងសម្រាប់ប្រទេសកម្ពុជានិងពិភពលោកទាំងមូល»។
លោកជំទាវបានបន្តថា៖ «សន្និសីទក្រុងប៉ារីសលើកទី២៦ របស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុបានទទួលភាពជោគជ័យដ៏ធំមួយនៅក្នុងទីក្រុង ក្លាសហ្គូ ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីភាគីចំនួន ១៩៧ភាគីបានយល់ព្រមនៅក្នុងកតិកាសញ្ញាអាកាសធាតុទីក្រុងក្លាសហ្គូ មូលមតិគ្នាទៅលើភាពចាំបាច់នៃសកម្មភាពលើអាកាសធាតុ។ ដើម្បីបន្តភាពជោគជ័យមួយនេះនៅក្នុងឆ្នាំ២០២២ និងឆ្លើយតបនឹងគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ការផ្លាស់ប្តូរជាសកលក្នុងការប្រើប្រាស់ថាមពលស្អាតនិងប្រកបដោយប្រសិទ្ធភាពពិតជាមានការចាំបាច់ខ្លាំងណាស់។ នៅស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ពួកយើងពិតជាមានសេចក្តីរីករាយក្នុងការបន្តការគាំទ្ររបស់យើងទៅលើប្រទេសកម្ពុជា ក្នុងការឆ្លើយតបនឹងតម្រូវការសម្រាប់សន្តិសុខថាមពលនៅថ្ងៃនេះនិងនាពេលអនាគត»។
«ខ្ញុំសន្សំ» មានគោលបំណងជំរុញនិងលើកទឹកចិត្តដល់សហគ្រិនជាស្រ្តី យុវជន និង សាធារណៈជនអំពីការប្រើប្រាស់ថាមពលប្រកបដោយទំនួលខុសត្រូវ។ តាមរយៈទំព័ររបស់ខ្លួន «ខ្ញុំសន្សំ» នឹងផ្តល់វិធីសាស្ត្រងាយៗ សាមញ្ញ ក៏ដូចជាព័ត៌មាននានា ដែលអាចឲ្យប្រជាជនតាមផ្ទះឬសហគ្រិនអាចប្រើប្រាស់ជាក្បួនណែនាំស្តីពីការប្រើប្រាស់និងការសម្រេចចិត្តប្រចាំថ្ងៃទាក់ទងនឹងថាមពល មានដូចជា៖
«ខ្ញុំសន្សំ» ក៏នឹងដើរតួជាវេទិកាមួយដែលដៃគូនានាក្នុងប្រទេសកម្ពុជាដូចជា ស៊ី អ៊ិនវេសមិនជាដើម ក្នុងការ អាចចូលរួមចែករំលែកចំណេះដឹង បច្ចេកវិទ្យា និង គំនិតៗថ្មីទាក់នឹងប្រសិទ្ធភាពថាមពល ទៅដល់សហគមន៍របស់ខ្លួនក្នុងប្រទេសកម្ពុជាដែលធ្វើអាជីវកម្មដែលពឹងផ្អែកលើអគ្គិសនីក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេ។
ការរកឃើញពីការពិភាក្សាក្រុមជាមួយក្រុមគោលដៅ (FGD) ដែលត្រូវបានដំណើរការនៅមុនពេលនៃការបង្កើតយុទ្ធនាការនេះ បានបង្ហាញថា បើទោះបីជាពាក្យថា «ប្រសិទ្ធភាពថាមពល» គឺហាក់នៅតែអ្វីដែលថ្មីសម្រាប់ប្រជាជនកម្ពុជាភាគច្រើន វាក៏នៅមានឱកាសដើម្បីពង្រឹងការយល់ដឹងរបស់ពួកគេ ដោយការចាប់ផ្តើមពីគំនិតដែលងាយយល់ជាងនេះគឺ «ការសន្សំថាមពល»។
លោក Chris Stephen នាយកនៃក្រុមហ៊ុន Carbon Trust ប្រចាំតំបន់អាស៊ី និង អាហ្វ្រិក បានឲ្យដឹងថា៖ «មតិដែលបានត្រឡប់មកពីការពិភាក្សាក្រុមបានបង្ហាញថា បើទោះបីជាពួកគេមានការចាប់អារម្មណ៍លើការសន្សំថាមពលក៏ដោយ កង្វះព័ត៌មានដែលទាក់ទងនឹងប្រសិទ្ធភាពថាមពលនៅតែជាបញ្ហាចោទ។ «ខ្ញុំសន្សំ» មានគោលបំណងជួយលុបគម្លាតនេះដោយផ្តល់នូវព័ត៌មាននិងមាតិកាដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ដើម្បីធ្វើឱ្យវាងាយស្រួលសម្រាប់ពួកគេក្នុងការទទួលបានដំបូន្មានដែលពួកគេត្រូវការដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពថាមពល និងដើម្បីដឹងពីអត្ថប្រយោជន៍នៃថាមពលជាដើម»។
ការស្រាវជ្រាវក៏បានលើកឡើងពីតួនាទីសំខាន់ដែលស្ត្រីដើរតួក្នុងការលើកកម្ពស់ការអនុវត្តថាមពលប្រកបដោយនិរន្តរភាពនៅផ្ទះ និងនៅកន្លែងធ្វើការ។ វាត្រូវបានគេរកឃើញថាស្ត្រីដើរតួជាអ្នកគ្រប់គ្រងផ្ទះ ដោយពួកគេបានចំណាយពេលភាគច្រើននៅផ្ទះ និងជាមូលហេតុដែលពួកគេប្រើប្រាស់ថាមពលសំខាន់ៗតាមរយៈការងារប្រចាំថ្ងៃរបស់ពួកគេ ដូចជាការសម្អាត ចម្អិនអាហារ បោកគក់ និងអ៊ុត ក្នុងចំណោមកិច្ចការផ្សេងទៀតដែលប្រើប្រាស់អគ្គិសនី។ ពួកគេក៏មានការយល់ដឹងច្រើនជាងសមាជិកគ្រួសារផ្សេងទៀត ដូចជាស្វាមី និងកូនៗរបស់ពួកគេ អំពីថាតើឧបករណ៍អ្វីខ្លះត្រូវបានប្រើប្រាស់ញឹកញាប់ និងប្រើប្រាស់ថាមពលច្រើនជាង។ តាមរយៈការយល់ដឹងនេះ ស្ត្រីពិតជាមានឥទ្ធិពលយ៉ាងខ្លាំងលើគ្រួសាររបស់ពួកគេ និងលើកទឹកចិត្តពួកគេឱ្យកាត់បន្ថយការប្រើប្រាស់ថាមពល ដែលជាកត្តាសន្សំថវិកាដើម្បីប្រើប្រាស់សម្រាប់ការចំណាយផ្សេងទៀតក្នុងគ្រួសារ។
ក្នុងភាពជាដៃគូជាមួយ ស៊ី អ៊ិនវេសមិន «ខ្ញុំសន្សំ» នឹងរៀបចំសិក្ខាសាលាលើបណ្តាញសង្គមដែលផ្តោតជាពិសេសលើសហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្ត្រី។ សម្ភារៈធនធាន និងវីដេអូបណ្តុះបណ្តាលស្តីពីប្រសិទ្ធភាពថាមពលក៏នឹងមានផងដែរតាមរយៈគេហទំព័ររបស់ ស៊ី អ៊ិនវេសមិន៕
អំពី Carbon Trust
ពួកយើងគឺជាយើងជាអ្នកផ្តល់ការណែនាំដ៏អ្នកជំនាញនិងប្រកបដោយជឿទុកចិត្តរបស់អ្នកនៅលើដំណើរឆ្ពោះទៅកាន់ការកាត់បន្ថយការបញ្ចេញឧស្ម័នឲ្យមកនៅត្រឹមកម្រិតសូន្យ ដោយចែករំលែកបទពិសោធរបស់យើងពីជួរមុខនៃការប្រែប្រួលអាកាសធាតុ។ យើងជាអ្នកត្រួសត្រាយផ្លូវជាង 20 ឆ្នាំ ដែលជំរុញឱ្យមានការផ្លាស់ប្តូរពិតប្រាកដជាមួយនឹងអាជីវកម្មឈានមុខគេ រដ្ឋាភិបាល និងអង្គការនានា។
ពួកយើងបានប្រើប្រាស់បទពិសោធរបស់អ្នកជំនាញអន្តរជាតិជាង 300 នាក់ ក្នុងការបង្កើនល្បឿនវឌ្ឍនភាព និងផ្តល់ដំណោះស្រាយចំពោះវិបត្តិអត្ថិភាពនេះ។ យើងបានគាំទ្រអង្គការជាង 3,000 នៅក្នុងប្រទេសចំនួន 50 ជាមួយនឹងផែនការសកម្មភាពអាកាសធាតុរបស់ពួកគេ ដោយសហការជាមួយដៃគូ 150+ ក្នុងការកំណត់គោលដៅផ្អែកលើវិទ្យាសាស្ត្រ និងគាំទ្រទីក្រុងនានានៅទូទាំង 5 ទ្វីបក្នុងការធ្វើដំណើរទៅកាន់ការកាត់បន្ថយការបញ្ចេញឧស្ម័នឲ្យមកនៅត្រឹមកម្រិតសូន្យ។
អំពី ស៊ី អ៊ិនវេសមិន
ស៊ី អ៊ិនវេសមិន បាននឹងកំពុងបង្កើតប្រព័ន្ធអេកូឡូស៊ីដែលឆ្លើយតបនឹងតម្រូវការយេនឌ័រដើម្បីជួយសហគ្រាស ធុនតូចរបស់សហគ្រិនស្រ្តីនៅក្នុងប្រទេសកម្ពុជា ដើម្បី ពង្រីកទំហំនៃផលជះទៅលើសេដ្ឋកិច្ច សង្គម និងបរិស្ថានរបស់សហគមន៍។ សកម្មភាពសំខាន់ៗរបស់ SHE រួមមាន វគ្គអភិវឌ្ឍន៍អាជីវកម្មថ្នាក់មូលដ្ឋាន ថ្នាក់មធ្យម ប្រព័ន្ធឌីជីថលថ្នាក់មូលដ្ឋាន ចំណេះដឹងហិរញ្ញវត្ថុ និងកម្មវិធីត្រៀមខ្លួនសម្រាប់ការវិនិយោគ។ កម្មវិធីទាំងនេះត្រូវបានរៀបចំឡើងសម្រាប់ស្ត្រី ក៏ដូចជាការណែនាំអំពីឧបករណ៍ឌីជីថល និងធនធានថ្មីៗ ពន្លឿនសន្ទុះការងើបឡើងវិញពីវិបត្តិកូវីដ និងឱកាសបង្កើតបណ្តាញផ្សេងៗសម្រាប់ស្ត្រី។ ទីស្នាក់ការកណ្តាលរបស់ SHE មាននៅក្នុងទីក្រុងភ្នំពេញ និងការិយាល័យផ្សេងទៀត ដែលកំពុងប្រតិបត្តិការនៅខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងកំពតផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង
Two Way Public Relations
Unit FO-1711 (17th Floor), Flatiron by Meridian Building, Street 102, Phnom Penh City Center,
Phum 1, Sangkat Srah Chak, Khan Doun Penh, Phnom Penh.
023 221 878