ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២៖ ជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩ នាពេលថ្មីៗនេះ ហើយមនុស្សទូទាំងពិភពលោកចំណាយពេលវេលាកាន់តែច្រើនលើអ៊ីនធឺណិតដើម្បីរក្សាទំនាក់ទំនងនឹងគ្នា អ្នកបោកប្រាស់តាមអ៊ីនធឺណិតបានបង្កើនសកម្មភាពរបស់ពួកគេ ហើយសកម្មភាពបោកប្រាស់របស់ពួកគេកាន់តែមានភាពឆ្លាតវៃឡើង។
ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមកម្ពុជានូវចំណេះដឹងអំពីរបៀបការពារខ្លួនពីការបោកប្រាស់តាមអ៊ីនធឺណិត ក្រុមហ៊ុន Meta បានដាក់ដំណើរការយុទ្ធនាការប្រឆាំងការបោកប្រាស់ថ្មីមួយក្រោមប្រធានបទ «តោះ! និយាយអំពីការបោកប្រាស់តាមអ៊ីនធឺណិត» ដើម្បីលើកកម្ពស់ការយល់ដឹង និងផ្តល់ដំបូន្មាននិងគន្លឹះសាមញ្ញៗ អំពីរបៀបដោះស្រាយនឹងការបោកប្រាស់តាមអ៊ីនធឺណិតប្រកបដោយទំនុកចិត្ត និងជំរុញបទពិសោធឌីជីថលកាន់មានសុវត្ថិភាពជាងមុន។
លោក ហេង ភក្តី ប្រធានផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta មានប្រសាសន៍ថា៖ «ក្រុមហ៊ុន Meta ដឹងយ៉ាងច្បាស់ថា មានមនុស្សប្រើប្រាស់អ៊ីនធឺណិតក្នុងគោលបំណងមិនល្អ ហើយយើងកំពុងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីការពារអ្នកប្រើប្រាស់ភ្លែតហ្វមរបស់យើង ជាពិសេស Facebook, Whatsapp និង Instagram។ នោះហើយគឺជាមូលហេតុដែលយើងបានចាប់ផ្តើមបង្កើតមាតិកាជាភាសាខ្មែរជាច្រើនក្នុងរយៈពេលពីរខែ ដើម្បីជូនដំណឹងអំពីប្រភេទផ្សេងគ្នានៃការបោកប្រាស់តាមអ៊ីនធឺណិត រួមជាមួយនឹងការណែនាំអំពីរបៀបការពារខ្លួនអ្នក »។
ការបោកប្រាស់តាមអ៊ីនធឺណិតអាចមានច្រើនរូបភាពដូចជាការផ្តល់ប្រាក់កម្ចី លេងឆ្នោតផ្សងសំណាង ការផ្តល់ជូនការងារធ្វើ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការបោកប្រាក់បែបលួងលោងស្នេហា និងការលួចចូលគណនីដើម្បីលួចយកព័ត៌មានរបស់អ្នកប្រើប្រាស់ជាដើម។
នៅក្នុងវីដេអូជាស៊េរីទាំងនេះ ទស្សនិកជនអាចស្វែងយល់អំពីជំហានសុវត្ថិភាពសំខាន់បំផុត ដើម្បីជៀសវាងពីការបោកប្រាស់ មិនថានៅក្នុងពិភពឌីជីថល ឬនៅក្នុងពិភពខាងក្រៅនោះទេ។ យុទ្ធនាការនេះអំពាវនាវឱ្យប្រជាជនចងចាំជំហានសាមញ្ញចំនួនបី រួមមាន «កំណត់អត្តសញ្ញាណ ពិនិត្យ និងរាយការណ៍» ដើម្បីរក្សាការប្រុងប្រយ័ត្នក្នុងការកំណត់អត្តសញ្ញាណ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីអ្នកបោកប្រាស់លុយកាស។
មាតិកាទាំងអស់ត្រូវបានបង្ហោះនៅលើទំព័រ Meta ផ្លូវការថ្មីសម្រាប់ប្រទេសកម្ពុជា ដែលបានដាក់ដំណើរការកាលពីប៉ុន្មានសប្តាហ៍មុន។
លោក ហេង ភក្តី បានបន្ថែមថា៖ «ដើម្បីនាំយកព័ត៌មានអំពីនិន្នាការ គន្លឹះ និងល្បិចថ្មីបំផុតអំពីរបៀបប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឱ្យកាន់តែប្រសើរឡើង និងដើម្បីណែនាំមាតិកាដែលគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកប្រើប្រាស់កម្ពុជា ក្រុមហ៊ុនបានបង្កើតទំព័រ Metaផ្លូវការសម្រាប់កម្ពុជា ដែលមានមាតិកាជាភាសាខ្មែរ។ យើងសង្ឃឹមថា យុទ្ធនាការនេះនឹងជួយជំរុញឱ្យមានការសន្ទនាក្នុងចំណោមប្រជាជនកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង អប់រំ លើកទឹកចិត្តឱ្យមានការត្រិះរិះពិចារណា និងផ្តល់សិទ្ធិអំណាចឱ្យពួកគេចាត់វិធានការតាមរយៈការរាយការណ៍អំពីការបោកប្រាស់ទៅកាន់អាជ្ញាធរពាក់ព័ន្ធ»។
រហូតមកដល់ពេលនេះ យុទ្ធនាការនេះបានទទួលជោគជ័យយ៉ាងខ្លាំង ដោយមានមនុស្សជាង ៣,៥លាននាក់បានប្រើប្រាស់មាតិកានេះ ចូលរួមយ៉ាងសកម្ម និងចែករំលែកគន្លឹះខ្លីៗ និងគំនិតជាមួយមិត្តភក្តិនិងក្រុមគ្រួសាររបស់ពួកគេ។ ដើម្បីស្វែងយល់បន្ថែមអំពីយុទ្ធនាការរបស់ក្រុមហ៊ុន Meta និងរបៀបអនឡាញប្រកបដោយសុវត្ថិភាព សូមចូលទៅកាន់ទំព័រក្រុមហ៊ុន Meta ផ្លូវការសម្រាប់កម្ពុជា៕