ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មានមោទនភាពក្នុងការក្លាយជាអ្នកឧបត្ថម្ភធំនៃកម្មវិធីប្រកួតកីឡាវាយកូនហ្គោល Chambers & Friends Golf ដែលជាការប្រកួតកីឡាវាយកូនហ្គោលប្រចាំឆ្នាំសម្រាប់សភាពាណិជ្ជកម្ម និងថ្នាក់ដឹកនាំមកពីស្ថាប័នផ្សេងៗក្នុងប្រទេសកម្ពុជា។ រៀបចំដោយសភាពាណិជ្ជកម្មឥណ្ឌូនេស៊ីនៅកម្ពុជា (IndoCham) កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី5 ខែឧសភា នៅក្លឹបវាយកូនហ្គោលហ្គាឌិនស៊ីធី។ ពានរង្វាន់ Prince Cup ដែលជាពានរង្វាន់ឧបត្ថម្ភដោយក្រុមហ៊ុន ព្រីនស៍ គ្រុប ត្រូវបានប្រគល់ជូនដល់សមាជិកនៃសភាពាណិជ្ជកម្មកូរ៉េ (The Korean Chamber of Commerce Cambodia) នៅវគ្គបញ្ចប់នៃការប្រកួតដែលមានរយៈពេលមួយថ្ងៃ។
ការប្រកួតនេះមានការអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីននិងសង្គ្រោះជនពិកាដោយសារមីន ព្រមទាំងតំណាងសមាជិកសភាពាណិជ្ជកម្មទាំងប្រាំនៅកម្ពុជាផងដែរ។
លោក Dalton Wong ប្រធានសភាពាណិជ្ជកម្មឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា និង ជាអគ្គនាយកក្រុមហ៊ុន Speedwind Group បានមានប្រសាសន៍ថា៖ «យើងសូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលបានធ្វើការគាំទ្រដល់ការប្រកួតមួយនេះ ដែលបានធ្វើឲ្យអ្នកដឹកនាំមកពីស្ថាប័ននិងក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជាបានមកជួបជុំនិងបង្កើតទំនាក់ទងល្អជាមួយគ្នា។ ក្រុមហ៊ុន ព្រីនស៍ គ្រុប គឺជាកម្លាំងចលករមួយដ៏មានសារៈសំខាន់ ដែលបានជួយទៅដល់អាជីវកម្មអន្តរជាតិនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន»។
លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានធ្វើការប្រគល់ពានរង្វាន់ Prince Cup ទៅដល់ជ័យលាភីនៅចុងបញ្ចប់នៃការប្រកួត។
លោក Gabriel Tan បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន ព្រីនស៍ គ្រុប មានមោទនភាពក្នុងការឧបត្ថម្ភទៅដល់ការប្រកួតមួយនេះ ដែលជាកម្មវិធីផ្តល់ឱកាសឲ្យពួកយើងទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជាអបអរចំពោះភាពជោគជ័យរបស់ប្រទេសកម្ពុជាក្នុងការបើកព្រំដែនឡើងវិញ តាមរយៈកម្មវិធីដ៏ឱឡារិកមួយនេះ។ ក្នុងនាមយើងជាពហុក្រុមហ៊ុនរីកចម្រើនបំផុតមួយ ដែលមានបំណងធ្វើការជាមួយសហគមន៍ផ្សេងៗគ្នា និងជំរុញឲ្យមានសមាហរណកម្មនៅក្នុងប្រទេសកម្ពុជា យើងត្រេកអរចំពោះការសហការនិងសាមគ្គីភាពនៅក្នុងវិស័យសាជីវកម្ម ដែលជាការរួមចំណែកដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា»។
សមាជិកក្រុមហ៊ុនជាច្រើនផ្សេងទៀតដូចជា ធនាគារ ព្រីនស៍ និង Prince Brewing ក៏បានបង្ហាញពីការគាំទ្រសម្រាប់ព្រឹត្តិការណ៍នេះតាមរយៈការផ្តល់រង្វាន់ និងភោជនាយអាហារក្នុងកម្មវិធីផងដែរ៕