រាជធានីភ្នំពេញ – ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២២
ជាផ្នែកមួយនៃកម្មវិធី ”លើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា” ដែលបានទទួលការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈមជ្ឈមណ្ឌលសាមគ្គីភាព អង្គការមូលនិធិបង្ការរបួសអាស៊ី សូមគោរពអញ្ជើញអ្នកសារព័ត៌មានចូលរួមក្នុងសន្និសីទសារព័ត៌មានប្រកាសផ្តើមអនុវត្ត “យុទ្ធនាការហ៊ាននិយាយ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត” នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២។
វិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងរបស់ប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ចុងក្រោយនេះមានកំណើនគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែសុវត្ថិភាពរបស់កម្មករនិយោជិតនៅតែជាបញ្ហាប្រឈម ក្នុងនោះរួមមានគ្រោះថ្នាក់ពេលធ្វើដំណើរទៅមកបំពេញការងារ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសក្នុងចំនួនច្រើន។
ជារៀងរាល់ថ្ងៃ នៅប្រទេសកម្ពុជាមានកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណជាង ៧០០.០០០នាក់ ដែលប្រថុយប្រថានអាយុជីវិតខ្លួននឹងហានិភ័យក្នុងការធ្វើដំណើរទៅមកកន្លែងការងារនៅលើផ្លូវដែលមានចរាចរណ៍កកស្ទះ និងប្រឈមនឹងគ្រោះថ្នាក់ដើម្បីស្វែងរកចំណូលផ្គត់ផ្គង់ដល់គ្រួសារខ្លួន។ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រមាណជិត ២០%គឺជាកម្មករនិយោជិត (គ្រប់វិស័យ និងការធ្វើដំណើរទាំងទៅមកបំពេញការងារ និងដំណើរឯកជនផ្ទាល់ខ្លួន) ហើយក្នុងនោះមួយភាគធំគឺជា ស្រ្តី។ កម្មវិធី ”លើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា” មានគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរឥរិយាបទរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង និងអ្នកបើកបររថយន្តដឹកកម្មករ តាមរយៈសកម្មភាពនានា ដូចជា ការផ្សព្វផ្សាយផ្តល់ព័ត៌មាននៅកម្រិតរោងចក្រ (factory based-information sessions) កិច្ចសន្ទនា និងការបង្កើត និងអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍នៅកម្រិតរោង ចក្រ។ យុទ្ធនាការតាមរយៈប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនឹងជួយពង្រឹង និងពង្រីកតម្រូវការសម្រាប់ ការផ្លាស់ប្តូរនេះ ចំពោះកម្មករនិយោជិតដែលមានហានិភ័យខ្ពស់។
សូមអញ្ជើញចូលរួមជាមួយយើងខ្ញុំ ក្នុងសន្និសីទសារព័ត៌មានប្រកាសផ្តើមអនុវត្ត “យុទ្ធនាការហ៊ាននិយាយ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត” ដែលមានរយៈពេល ពេញមួយព្រឹកដ៏មានសារៈសំខាន់នេះ។
កម្មវិធីៈ សន្និសីទសារព័ត៌មានប្រកាសផ្តើមអនុវត្ត “យុទ្ធនាការហ៊ាននិយាយ” ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត”
អ្នកចូលរួម: ជនបង្គោលសុវត្ថិភាពចរាចរណ៍ (Speak Up Champion) នៅតាមរោងចក្រគោលដៅរបស់កម្មវិធី
អ្នកមានឥទ្ធិពលក្នុងប្រព័ន្ធផ្សព្វផ្សាយ (Influencer)– ឌីជេ ណាណា
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា
លោក William Conklin នាយកម្មវិធីប្រចាំប្រទេសកម្ពុជានៃមជ្ឈមណ្ឌលសាមគ្គីភាព
និងភ្ញៀវកិត្តិយកអញ្ជើញមកពីស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន តំណាងសហជីព តំណាងរោងចក្រគោលដៅ ជនបង្គោលសុវត្ថិភាពចរាចរណ៍ (Speak Up Champion) តាមរោងចក្រគោលដៅ ភាគីពាក់ព័ន្ធ និងអ្នកសារព័ត៌មាន។
កាលបរិច្ឆេទ: ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២
ទីកន្លែង: ហ្វេកតូរីភ្នំពេញ (សាលប្រជុំ Banquet) ផ្លូវជាតិលេខ២ រាជធានីភ្នំពេញ
គោលបំណង ១. ជូនដំណឹងឱ្យបានទូលំទូលាយដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយអំពី យុទ្ធនាការហ៊ាននិយាយ
២. កៀរគរការយកចិត្តទុកដាក់ពីប្រព័ន្ធផ្សព្វផ្សាយ និងធានាថាប្រព័ន្ធផ្សព្វផ្សាយជា យន្តការដ៏មានឥទ្ធិពល ក្នុងការការគ្របដណ្តប់ការផ្សព្វផ្សាយព័ត៌មានអំពី យុទ្ធនាការហ៊ាននិយាយ យ៉ាងទូលំទូលាយ
៣.ផ្សព្វផ្សាយអំពីកម្មវិធី និងលើកទឹកចិត្តឱ្យសម្លេងរបស់ជនបង្គោលសុវត្ថិភាពចរាចរណ៌ (Speak Up Champion) ត្រូវបានឮ និងយកចិត្តទុកដាក់ឆ្លើយតប
៤. ពង្រឹងទំនាក់ទំនង និងលើកកម្ពស់កិច្ចសហការ និងសកម្មភាពរួមគ្នារវាងភាគីពាក់ព័ន្ធដែលខិតខំរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង
###
អំពី USAID
USAID ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦១ ដោយប្រធានាធិបតី John F. Kennedy និងមានតួនាទីជាទីភ្នាក់ងារនាំមុខរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកផ្នែកលើជំនួយអន្ដរជាតិ។ ចាប់តាំងពីឆ្នាំ១៩៩២ USAID បានផ្ដល់ជំនួយជាង ១ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។
អំពីមជ្ឈមណ្ឌលសាមគ្គីភាព
មជ្ឈមណ្ឌលសាមគ្គីភាពជាអង្គការសហរដ្ឋអាមេរិកធំបំផុតផ្នែកសិទ្ធិកម្មករនិយោជិតអន្តរជាតិ ដែលជួយដល់កម្មករនិយោជិតសម្រេចនូវបរិស្ថានការងារដែលមានសុវត្ថិភាព និងផាសុកភាព ប្រាក់ឈ្នួលដែលផ្គត់ផ្គង់ទាំងគ្រួសារ សេចក្ដីថ្លៃថ្នូរពេលបំពេញការងារ និងសមភាពខ្ពស់ជាងនៅកន្លែងការងារ និងនៅក្នុងសហគមន៍។
អំពីអង្គការមូលនិធិបង្ការរបួសអាស៊ី
អង្គការមូលនិធិបង្ការរបួសអាស៊ី គឺជាអង្គការមិនមែនរដ្ឋាភិបាល និងមិនស្វែងរកប្រាក់ចំណេញដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ការការរងរបួស និងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងបណ្តាប្រទេសដែលមាន ចំណូលទាប និងមធ្យម។ អស់រយៈពេលជាង២២ឆ្នាំមកហើយដែលអង្គការមូលនិធិបង្ការរបួសអាស៊ី បានអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍ដ៏មានប្រសិទ្ធភាពនៅបណ្តា ប្រទេសជាច្រើនរួមមាននៅទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក។ ដើម្បីស្វែងយល់បន្ថែមសូមចូលទស្សនាគេហទំព័រ www.aip-foundation.org ឬភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំនៅលើ Twitter @AIPFoundation ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោក គឹម បញ្ញា
នាយកប្រចាំព្រះរាជាណាចក្រកម្ពុជា
អង្គការមូលនិធិបង្ការរបួសអាស៊ី
ផ្ទះលេខ ១៨បេអឺ ផ្លូវលេខ ៣៤៨ សង្កាត់ទូលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
ទូរស័ព្ទលេខ៖ (៨៥៥) ១២ ៤២៤ ២៣៤
អ៊ីម៉ែល៖ ៖ [email protected] ៕