នៅថ្ងៃទី២ ខែឧសភាព ឆ្នាំ២០២២ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីធនាគារចល័តតាមទូរស័ព្ទថ្មី ដែលមានឈ្មោះថា “FTB Mobile” សំរាប់អតិថិជនបុគ្គល និងដើម្បីជំនួសកម្មវិធីធនាគារចល័តតាមទូរស័ព្ទចាស់ ដែលមានឈ្មោះថាមហាបុត្រ (MohaBot)។ ការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីធនាគារចល័តតាមទូរស័ព្ទថ្មីនេះគឺជាការឆ្លើយតបនឹងតម្រូវការកើនឡើង នៃសេវាកម្មធនាគារឌីជីថល ពោលគឺសេវាធនាគារចល័តតាមទូរស័ព្ទ។ ឥឡូវនេះ កម្មវិធីធនាគារចល័តតាមទូរស័ព្ទថ្មី FTB Mobile មាននៅលើ Google Play Store និង App Store ។
“ភាពច្នៃប្រឌិតគឺជាផ្នែកមួយដ៍សំខាន់នៅក្នុងបេសកកម្មរបស់ធនាគារFTB ហើយដែលបានជួយជំរុញឱ្យធនាគារបន្តវិវត្តន៍ប្រកបដោយជោគជ័យ និងទទួលបានការពេញចិត្តពីសំណាក់អតិថិជនគ្រប់រូប និងគ្រប់ជំនាន់“ លោកសយ សត្យា នាយកសេវាធនាគារឌីជីថលរបស់ធនាគារ FTB បានមានប្រសាសន៍ថា “FTB Mobile ត្រូវបានបង្កើតឡើងដោយផ្អែកលើធាតុស្នូលបី៖ សុវត្ថិភាព ងាយស្រួល និងរហ័ស។ ជាមួយនឹង FTB Mobile ធនាគារFTBមានគោលដៅបំពេញតាមតម្រូវការរបស់អតិថិជន អោយបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រួលដល់ការប្រើប្រាស់ និងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង និងប្រកបដោយទំនុកចិត្ត ក្នុងយុគសម័យឌីជីថលនេះ។“
នៅឆ្នាំ២០១៧ ធនាគារFTB បានដាក់ឱ្យដំណើរការមហាបុត្រ (MohaBot) ជាកម្មវិធីធនាគារចល័តមួយក្នុងចំណោមកម្មវិធីដំបូងគេមួយចំនួន ដែលបានចាប់ផ្តើមនៅក្នុងទីផ្សារកម្ពុជានាពេលនោះ ។ ក្នុងកំឡុងពេល៥ ឆ្នាំកន្លងទៅនេះ កម្មវិធី MohaBot បានផ្តល់ជូនអតិថិជននូវនឹងមធ្យោបាយងាយស្រួល និងសុវត្ថិភាពក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ ឥឡូវនេះ MohaBot ត្រូវបានជំនួសដោយកម្មវិធីទំនើបថ្មី " FTB Mobile " ដែលត្រូវបានបង្កើតឡើងជាមួយបច្ចេកវិទ្យាចុងក្រោយបំផុត រួមទាំងមុខងារប្រើប្រាស់សំបូរបែបច្រើនបន្ថែមទៀត លើសពីនេះក៏មានរចនារូបរាងថ្មីទាំងស្រុង ប៉ុន្តែនៅតែតំណាងឱ្យអត្តសញ្ញាណ និងម៉ាកសញ្ញាអាជីវកម្មរបស់ធនាគារFTB ។
លោកសត្យាបានបន្តទៀតថា៖ “ធនាគារFTB សម្រេចបាននូវភាពច្នៃប្រឌិតប្រកបដោយការយកចិត្តទុកដាក់ខ្ពស់លើការបំពេញតាមតម្រូវការរបស់អតិថិជន។ នៅពីក្រោយភាពច្នៃប្រឌិតនេះ ក្រុមការងារទទួលបន្ទុកគំរោងរបស់ធនាគារបានបំពេញភារកិច្ចយ៉ាងជិតស្និតជាមួយដៃគូពាក់ព័ន្ធដើម្បីសម្រេចឱ្យបាននូវការអភិវឌ្ឍន៍ ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងអ្នកប្រើប្រាស់។ មូលហេតុទាំងនេះហើយដែលជាមួយនឹងFTB Mobile ធនាគារFTB ប្តេជ្ញាផ្តល់សេវាជូនអតិថិជនដោយមានការយកចិត្តទុកដាក់ខ្ពស់ ហើយព្រមទាំងមានបុគ្គលិកផ្នែកថែទាំអតិថិជននៅរង់ចាំគំាទ្រ និងផ្តល់សេវាជូន២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍។“
សេវាកម្មជាច្រើនសំបូរបែបដែលផ្តល់ជូនដោយ FTB Mobile ហើយអតិថិជនអាចធ្វើការពិនិត្យសមតុល្យ ផ្ទេរប្រាក់រវាងគណនីនៅក្នុងធនាគារFTB ផ្ទេរប្រាក់ទៅគណនីនៅធនាគារក្នុងស្រុក ធ្វើកាលវិភាគទូទាត់វិក្កយបត្រ ផ្ទេរប្រាក់ទៅក្រៅប្រទេស បង់ថ្លៃទំនិញ សេវាតាមរយៈការស្កេន QR និងការស្នើសុំកម្ចីនៅលើកម្មវិធី FTB Mobile ផងដែរ។
អំពី FTB
ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជាដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារ FTB បានដើរតួនាទី យ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។ ផ្អែកលើមូលដ្ឋានគ្រឹះអាជីវកម្មដ៍រឹងមាំ និងសក្តានុពលនៃការអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក ធនាគារFTBបានកំណត់ទិសដៅអាជីវកម្មរយៈពេលវែងមួយក្រោមចក្ខុវិស័យ ដើម្បីក្លាយជាធនាគារពាណិជ្ជដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។