ជាទូទៅ ក្នុងរដូវក្ដៅ មនុស្សជាច្រើនតែងតែមានអារម្មណ៍ថា ក្ដៅក្នុងខ្លួន រាងកាយពោរពេញដោយចំហាយក្ដៅ បែកញើសញឹកញាប់ រហូតបណ្ដាលឲ្យខ្លួនមានក្លិនមិនល្អទៀតផង។ ប៉ុន្តែ ទោះបីជាក្ដៅយ៉ាងណាក៏ដោយ ហាមដាច់ខាតធ្វើរឿងទាំង ៥ ដូចខាងក្រោមនេះ៖
ផឹកទឹកត្រជាក់ ញ៉ាំអាហារត្រជាក់៖ ទឹកត្រជាក់អាចបំបាត់ការស្រេកទឹក និងកំដៅបានយ៉ាងលឿន ប៉ុន្តែវាក៏បានរារាំងមិនឱ្យញើសហូរចេញពីរាងកាយ។ ការមានញើសក្នុងខ្លួនអាចនឹងមិនល្អសម្រាប់ចរាចរឈាម បង្កើនហានិភ័យនៃការឆ្លងមេរោគផ្លូវដង្ហើម ឈឺបំពង់ក ក្តៅខ្លួន រលាកសួតជាដើម។ លើសពីនេះ ការញ៉ាំអាហារត្រជាក់ ផឹកទឹកត្រជាក់ នៅពេលដែលរាងកាយកំពុងតែក្តៅ នឹងបណ្ដាលឱ្យក្រពះ និងពោះវៀនស្ពឹក បង្កើនហានិភ័យនៃការឈឺពោះធ្ងន់ធ្ងរ។
អង្គុយបែរមុខដាក់កង្ហារ ឬម៉ាស៊ីនត្រជាក់៖ នៅពេលដែលខ្លួនក្ដៅខ្លាំងពេក មនុស្សជាច្រើនចូលចិត្តអង្គុយបែរមុខដាក់កង្ហារ ឬម៉ាស៊ីនត្រជាក់ដើម្បីឱ្យរាងកាយទទួលបានខ្យល់ត្រជាក់។ ប៉ុន្តែការធ្វើតាមវិធីនេះ អាចធ្វើឱ្យរាងកាយបាត់បង់ជាតិទឹកយ៉ាងឆាប់រហ័ស និងនាំឱ្យអតុល្យភាពនៃកំដៅ ធ្វើឱ្យឈាមរត់មិនប្រក្រតី វិលមុខ ជាពិសេស ងាយកើតជំងឺដូចជា ហៀរសំបោរ ឈឺក្បាល ឈឺបំពង់ក។
អង្គុយក្រោមម៉ាស៊ីនត្រជាក់ភ្លាមៗ ក្រោយមកពីក្រោមកម្ដៅថ្ងៃ៖ ជាធម្មតា នៅពេលដែលអ្នកត្រឡប់ពីនឿយហត់ក្រោមពន្លឺព្រះអាទិត្យ ហើយអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ភ្លាមៗវានឹងធ្វើឲ្យខ្លួនអ្នកមានភាពស្រស់ស្រាយណាស់។ ប៉ុន្តែ ទោះបីជាយ៉ាងនេះមែន អ្នកក៏ត្រូវដឹងថា លទ្ធផលដែលទទួលបានក៏មិនស្រាលដែរ ដោយសារ នៅពេលដែលរាងកាយប៉ះពាល់ភ្លាមៗទៅនឹងបរិយាកាសសីតុណ្ហភាពទាប នឹងធ្វើឲ្យសីតុណ្ហភាពរាងកាយធ្លាក់ចុះភ្លាមៗ បង្ខាំងញើសមិនឲ្យហូរចេញបាន រហូតបណ្ដាលឱ្យខូចប្រព័ន្ធប្រសាទ ស្ទះច្រមុះស្រាលធ្ងន់ធ្ងរ។ ជាក់ស្ដែង គ្រោះថ្នាក់នេះភាគច្រើនកើតលើចំពោះមនុស្សចាស់ និងកុមារតូចៗ។
ងូតទឹកភ្លាមៗនៅពេលមកពីក្រោមកម្ដៅថ្ងៃ៖ ទឹកត្រជាក់ជាវិធីដ៏អស្ចារ្យមួយអាចជួយធ្វើឲ្យកម្ដៅក្នុងខ្លួនត្រជាក់បានយ៉ាងងាយ។ ជាការពិតណាស់ នៅពេលដែលអ្នកត្រលប់មកពីក្រោមកម្ដៅព្រះអាទិត្យ រាងកាយនឹងពោរពេញដោយញើស ហើយរន្ធញើសក៏រីកធំដែរ ដូច្នេះ ប្រសិនបើអ្នកងូតទឹកភ្លាមៗ នឹងបណ្ដាលឱ្យរាងកាយត្រជាក់ស្រួល ប៉ុន្តែងាយបង្កជាជំងឺដូចជា ឈឺក្បាល ក្តៅខ្លួន រហូតបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល។
ដេកលើឥដ្ឋត្រជាក់៖ នៅពេលដែលរាងកាយមានកម្ដៅ និងបែកញើសខ្លាំង អ្នកមិនគួរដេកនៅលើឥដ្ឋត្រជាក់នោះទេ ដោយសារនៅពេល រន្ធញើសនៅលើដងខ្លួនរួមតូចកាន់តែលឿន ងាយនាំឲ្យកើតជំងឺផ្តាសាយ។
*ដោយឡែក ប្រសិនបើអ្នកចង់ឲ្យរាងកាយមានសភាពត្រជាក់ក្នុងអំឡុងរដូវក្ដៅ អ្នកគ្រាន់តែផឹកទឹកឱ្យបានគ្រប់គ្រាន់ ត្រាំជើងជាមួយជីអង្កាម ញ៉ាំប្រទាលកន្ទុយក្រពើ ទឹកដោះគោ ស្លៀកសំលៀកបំពាក់រលុងៗសមរម្យ៕
ប្រភព៖ បរទេស