អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា បានចុះសួរសុខទុក្ខសិស្សានុសិស្សនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាព្រីនស៍ (Prince Horology) ដែលកំពុងទទួលការបណ្តុះបណ្តាលលើវិស័យនាឡិកាស្វីស។
និស្សិតកម្ពុជាទាំង៦រូប ដែលបច្ចុប្បន្នស្ថិតក្រោមអាហារូបករណ៍ដ៏ពេញលេញមួយ រួមទាំងទទួលបានប្រាក់ឧបត្ថម្ភផងនោះ បានគ្រោងនឹងបញ្ចប់ការសិក្សាដើម្បីក្លាយជាអ្នកផលិតនាឡិកាដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលមានសមត្ថិភាពជួសជុល និងផ្គុំនាឡិកាតាមស្តង់ដារប្រទេសស្វីស ដែលត្រូវបានចាត់ទុកថាជាស្តង់ដារលំដាប់នៃប្រភេទនាឡិកាប្រណីត។
អ្នកឧកញ៉ា ចេន ហ្ស៊ី បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិទ្យាស្ថាននេះ ដែលមានការគាំទ្រតាមរយៈជំនួយសប្បុរសធម៌នៃមូលនិធិ ព្រីនស៍ (Prince Foundation) ដែលជាផ្នែកមូលនិធិសប្បុរសធម៌របស់គ្រុប។ មជ្ឈមណ្ឌលនេះបង្កើតបានជាគន្លឹះដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់គ្រុប ក្នុងការលើកកម្ពស់វិស័យអប់រំនៅទូទាំងប្រទេសកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងគំនិតផ្តួចផ្តើមផ្សេងៗនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។
អ្នកឧកញ៉ា ចេន ហ្ស៊ី បានមានប្រសាសន៍ថា "កាលពីបីឆ្នាំមុន នេះគ្រាន់តែជាចក្ខុវិស័យប៉ុណ្ណោះ"។ លោកបានបន្តថា "ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវឌ្ឍនភាពដែលបានកើតឡើងចាប់តាំងពីពេលដែលយើងបានបង្កើតសាលានេះមកនាមុនពេលជំងឺរាតត្បាតបានចាប់ផ្តើម ហើយខ្ញុំទន្ទឹងរង់ចាំការកកើតនៃអ្នកផលិតនាឡិកាដំបូងគេបង្អស់របស់ប្រទេសកម្ពុជា ដែលបានទទួលការបណ្តុះបណ្តាលតាមស្តង់ដារប្រទេសស្វីស"។
រាល់ការសិក្សាទាំងអស់អំពីការផលិតនាឡិកានៅមជ្ឈមណ្ឌលមួយដែលមានបំពាក់នូវឧបករណ៍លំដាប់ខ្ពស់បំផុត រួមទាំងអ្នកជំនាញលំដាប់អន្តរជាតិផងនោះ អ្នកឧកញ៉ា ចេន ហ្ស៊ី សង្ឃឹមថាចំណង់ចំណូលចិត្តរបស់អ្នកផលិតនាឡិកានាពេលអនាគតទាំងនេះ អាចក្លាយជាការបំផុសគំនិតសម្រាប់សិប្បកម្មផលិតនាឡិកាលំដាប់ខ្ពស់នៅទូទាំងប្រទេសកម្ពុជា។
លោក Sack-Man Loui នាយកផ្នែកប្រតិបត្តិនៃសាលាផលិតនាឡិកា Prince Horology មានប្រសាសន៍ថា "សាលាបាននាំមកនូវគ្រឿងបរិក្ខារលំដាប់ពិភពលោក ដែលមានភាពប្រកួតប្រជែងជាមួយនឹងកន្លែងផ្សេងៗក្នុងប្រទេសស្វីស ដែលមានតែមួយគត់សម្រាប់ប្រទេសកម្ពុជា"។ លោកបានបន្តថា "ក្នុងនាមយើងជាគ្រូបង្ហាត់ យើងចង់លើកកំពស់នូវវប្បធម៌សិល្បៈហត្ថកម្មរបស់វិចិត្រករបន្ថែមទៀត រួមទាំងមិនចាំបាច់ចំណាយអ្វីទាំងអស់ ដើម្បីធានាបានថាសិស្សានុសិស្សកម្ពុជារបស់យើងទទួលបានការការបណ្តុះបណ្តាលដ៏ល្អបំផុត"។