យុវជនជិះម៉ូតូបានក្លាយជានិមិត្តរូបមួយ នៅតាមដងផ្លូវនៃតំបន់អាស៊ីអាគ្នេយ៍។ ទស្សនីយភាពរបស់សិស្សសាលាជិះម៉ូតូតូចៗដ៏ស្រស់ស្អាត ធ្វើដំណើរទៅសាលារៀននៅពេលព្រឹក បង្ហាញពីភាពរីកចម្រើនឆ្ពោះទៅរកអនាគតកាន់តែប្រសើរក្នុងតំបន់។ សំឡេងម៉ាស៊ីន និងស៊ីភ្លេរបស់ពួកគេ គឺជាការស្វាគមន៍មួយបន្ថែមលើសំឡេងទ្រហឹងក្នុងអំឡុងម៉ោងមានចរាចរណ៍មមាញឹក។ យុវជនដែលមានចំនួនប្រហែលមួយភាគប្រាំនៃចំនួនប្រជាជន ឥឡូវនេះកំពុងធ្វើដំណើរនៅពាសពេញដងផ្លូវនៅតំបន់អាស៊ីអាគ្នេយ៍។
ប៉ុន្តែវាក៏មានន័យថា យុវជនមានឥទ្ធិពលក្នុងការប្រែក្លាយផ្លូវថ្នល់ឲ្យកាន់តែមានសុវត្ថិភាព។
អង្គការមូលនិធិបង្ការរបួស អាស៊ី (AIP Foundation) បាននឹងកំពុងអំពាវនាវឱ្យនិស្សិតសកលវិទ្យាល័យនៅទូទាំងប្រទេសកម្ពុជា ថៃ វៀតណាម និងហ្វីលីពីនឲ្យចូលរួមនៅក្នុងកម្មវិធីប្រកួតផលិតវីដេអូអប់រំផ្សព្វផ្សាយសេវាសាធារណៈ (PSA) ហៅថា Heads Up! ដែលមានគោលបំណងបង្កើនការយល់ដឹងអំពីសុវត្ថិភាពនៃមួកសុវត្ថិភាពក្នុងចំណោមអ្នកធ្វើដំណើរដោយម៉ូតូ។ វីដេអូដែលជាជ័យលាភី នឹងទទួលបានថវិកាចំនួន ១,០០០ ដុល្លារអាមេរិក និងការគាំទ្រផ្នែកបច្ចេកទេសដើម្បីអភិវឌ្ឍលទ្ធផលវីដេអូរបស់ខ្លួនទៅជាយុទ្ធនាការពេញលេញដែលនឹងក្លាយជាផ្នែកមួយនៃយុទ្ធនាការជាសកល។
ការលើកកម្ពស់វប្បធម៌ពាក់មួកសុវត្ថិភាព
ទន្ទឹមនឹងការកើនឡើងនូវចំនួនម៉ូតូនៅលើដងផ្លូវ ក៏មានការកើនឡើងនូវហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ ដោយការប៉ះទង្គិចគ្នាអាចកើតឡើងនៅគ្រប់វេលានៅលើដងផ្លូវហាយវេដែលសំបូរទៅដោយម៉ូតូ ការលើកកម្ពស់ការប្រើប្រាស់មួកសុវត្ថិភាពបានក្លាយជាបេសកកម្មដ៏ចាំបាច់មួយរបស់អង្គការមូលនិធិបង្ការរបួស អាស៊ី AIP។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ហេដ្ឋារចនាសម្ព័ន្ធមិនល្អនៅអាស៊ីអាគ្នេយ៍ និងការគ្រប់គ្រងចរាចរណ៍មិនបានត្រឹមត្រូវ បានឆក់យកជីវិតមនុស្សប្រហែល ៣០០,០០០ នាក់ក្នុងមួយឆ្នាំ។ អង្គការសុខភាពពិភពលោក បានកត់សម្គាល់បន្ថែមទៀតថា ការរងរបួសតាមដងផ្លូវគឺជាមូលហេតុចម្បងនៃការស្លាប់របស់មនុស្សអាយុចន្លោះពី៥ទៅ២៩ឆ្នាំ។ វាជា «ជំងឺរាតត្បាតលាក់មុខ» ដែលបាននឹងកំពុងធ្វើឱ្យប៉ះពាល់ក្នុងតំបន់អស់ជាច្រើនទសវត្សរ៍មកហើយ ហើយតួលេខនេះត្រូវបានគេមើលឃើញថា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
មួកសុវត្ថិភាពសម្រាប់ម៉ូតូត្រូវបានរចនាឡើង ដើម្បីការពារក្បាលរបស់អ្នកពាក់មិនឱ្យមានការប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរ។ យោងតាមការសិក្សាបានបង្ហាញថា មួកសុវត្ថិភាពជួយសម្រាលផលប៉ះពាល់អំឡុងពេលដួល ឬប៉ះទង្គិច។ មួកសុវត្ថិភាពកាត់បន្ថយហានិភ័យនៃការរងរបួសក្បាលយ៉ាងហោចណាស់ ៤៥% របួសខួរក្បាល ៣៣% របួសមុខ ២៧% និងរបួសបណ្តាលឱ្យបាត់បង់ជីវិតចំនួន ២៩% ។
នៅប្រទេសកម្ពុជា ថៃ ហ្វីលីពីន និង វៀតណាម ដែលជាប្រទេសមានចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងជំងឺអេដស៍ បានអនុវត្តវិធានការពាក់មួកសុវត្ថិភាពយ៉ាងតឹងរ៉ឹងអស់ជាច្រើនឆ្នាំមកហើយ។ ច្បាប់ត្រូវបានអនុម័ត ប៉ុស្តិ៍ត្រួតពិនិត្យត្រូវបានធ្វើឡើងជាទៀងទាត់ ព្រមទាំងយុទ្ធនាការត្រូវបានដាក់ជំរុញបន្ថែម។
ទោះជាយ៉ាងណា ការសិក្សាបានបង្ហាញថា អ្នកជិះម៉ូតូភាគច្រើនប្រើមួកសុវត្ថិភាពដែលមានគុណភាពទាបដែលផ្តល់ការការពារតិចតួច ឬមិនប្រើមួកសុវត្ថិភាពតែម្តង។
នៅប្រទេសថៃ មានអ្នកប្រើម៉ូតូតែ ៤៥% ប៉ុណ្ណោះដែលពាក់មួកសុវត្ថិភាព។ ព្រះរាជាណាចក្រកម្ពុជា បានរាយការណ៍ថា មានអ្នកពាក់មួកសុវត្ថិភាពចំនួន ៤៣% ប៉ុណ្ណោះក្នុងចំណោមអ្នកជិះម៉ូតូរាប់លាននាក់ ដែលនៅកកកុញតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ។
ទន្ទឹមនឹងនោះ បើយោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយ អង្គការមូលនិធិបង្ការរបួស អាស៊ី AIP នៅក្នុងប្រទេសវៀតណាម ត្រឹមតែមួយភាគដប់ប៉ុណ្ណោះនៃអ្នកបើកបរដែលពាក់មួកសុវត្ថិភាពដែលមានគុណភាព ។ នេះមានន័យថា ៩០% នៃអ្នកប្រើយានជំនិះពិតជាមានគ្រោះថ្នាក់នៅលើដងផ្លូវ។ ប្រទេសហ្វីលីពីន ដែលជាសាធារណរដ្ឋសំបូរទៅដោយផ្លូវខ្វាត់ខ្វែង និងផ្លូវតូចចង្អៀតរាប់លាន មានច្បាប់ពាក់មួកសុវត្ថិភាពយ៉ាងតឹងរ៉ឹង ប៉ុន្តែមិនមែនអ្នកប្រើយានជំនិះទាំងអស់សុទ្ធតែពាក់មួកសុវត្ថិភាពនោះទេ។
លោក Greig Craft ប្រធាន FIA ប្រចាំតំបន់ទី ២ (អាស៊ីប៉ាស៊ីហ្វិក) បានមានប្រសាសន៍ថា៖ «នៅពេលដែលប្រទេសកំពុងអភិវឌ្ឍបន្តជួបប្រទះការផ្លាស់ប្តូរសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយងាកទៅរកការចល័តតាមម៉ូតូ ការប៉ះទង្គិចតាមដងផ្លូវនឹងបន្តបង្កគ្រោះថ្នាក់ដល់ប្រជាជនស្លូតត្រង់របស់យើង ជាពិសេសកុមារ និងយុវជន។ មួកសុវត្ថិភាពដែលមានគុណភាពទាប និងមិនផ្តល់ការការពារក្បាល បន្តវាយលុកទីផ្សារក្នុងស្រុករបស់យើង ដែលបានធ្វើឱ្យមនុស្សជាទីស្រឡាញ់របស់យើង ស្លាប់បាត់បង់ជីវិត និងរងរបួស។ នេះជារឿងអសីលធម៌ហើយវាប្រៀបបាននឹងការលក់ឱសថក្លែងក្លាយដែរ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់អង្គការនានា ដូចជាអង្គការមូលនិធិបង្ការរបួស អាស៊ី AIP សមាគមន៍ FIA និង មូលនិធិ FIA ពិភពលោកកំពុងយល់ថា មានយើងនៅមានដំណោះស្រាយ»។
តាមរយៈកម្មវិធីដែលផ្តោតលើថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ជាតិ អង្គការមូលនិធិបង្ការរបួស អាស៊ី AIP សមាគមន៍ FIA និង មូលនិធិ FIA ធ្វើការលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់មួកសុវត្ថិភាព និងសុវត្ថិភាពចរាចរណ៍ ដោយផ្តោតលើប្រជាសាស្រ្តដែលរងផលប៉ះពាល់ខ្លាំងបំផុត ពោលគឺអ្នកប្រើយានជំនិះវ័យក្មេង។ អង្គការនានាក៏ចូលរួមយ៉ាងសកម្មផងដែរ ក្នុងកិច្ចខិតខំប្រឹងប្រែងតស៊ូមតិអន្តរជាតិ ដើម្បីជំរុញមេដឹកនាំពិភពលោកឱ្យផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងសុវត្ថិភាពផ្លូវថ្នល់នៅក្នុងគម្រោងអភិវឌ្ឍន៍នានា។
ការជំរុញឆ្ពោះទៅមុខ
សំឡេងរបស់យុវជនគឺជាយានដ៏មានឥទ្ធិពលបំផុត ឆ្ពោះទៅរកការផ្លាស់ប្តូរដ៏អស្ចារ្យ។ ហើយសំឡេងទាំងនេះដែលពោរពេញដោយទឹកចិត្តក្លៀវក្លា ភាពច្នៃប្រឌិត និងកម្លាំងចិត្ត នឹងឆ្លុះបញ្ចាំងនៅក្នុងគម្រោងយុទ្ធនាការ Heads Up! ថ្មី ។
អនុវត្តដោយអង្គការមូលនិធិបង្ការរបួស អាស៊ី AIP និង មូលនិធិ AA Vietnam និងគាំទ្រដោយកម្មវិធីជំនួយសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់សមាគមន៍ (Fédération Internationale de l'Automobile - FIA) FIA ប្រចាំតំបន់ទី ២ និងមូលនិធិ FIA យុទ្ធនាការ Heads Up! គឺជាការប្រកួតប្រជែងស្តីពីការប្រកាសសុវត្ថិភាពសាធារណៈក្នុងតំបន់ សម្រាប់និស្សិតមកពីសកលវិទ្យាល័យល្បីៗនៅទូទាំងប្រទេសទាំងបួន។ អ្នកចូលរួមនឹងមានភារកិច្ចបង្កើតគំនិត និងវីដេអូប្រកបដោយភាពច្នៃប្រឌិត ដែលមានលក្ខណៈគ្រប់ជុងជ្រោយ ស្តីអំពីសារៈសំខាន់នៃការប្រើប្រាស់មួកសុវត្ថិភាពដែលមានគុណភាព និងសុវត្ថិភាពមួកសុវត្ថិភាពក្នុងចំណោមយុវជន។
លោក Jimmy Tang ប្រធានផ្នែកអភិវឌ្ឍន៍ និងភាពជាដៃគូយុទ្ធសាស្ត្រនៃអង្គការមូលនិធិបង្ការរបួស អាស៊ី AIP បានមានប្រសាសន៍ថា៖ «បេសកកម្មចម្បងនៃកម្មវិធី Heads Up! គឺដើម្បីជំរុញការចូលរួម និងអប់រំយុវជនអំពីសារៈសំខាន់នៃការប្រើប្រាស់មួកសុវត្ថិភាព និងសុវត្ថិភាពនៃមួកសុវត្ថិភាពជាទូទៅ។ យើងមានជំនឿយ៉ាងមុតមាំថា អ្នកដឹកនាំវ័យក្មេងសព្វថ្ងៃ មានទឹកចិត្តក្លៀវក្លា និងគំនិតច្នៃប្រឌិតយ៉ាងខ្លាំង។ ការប្រកួតផលិតវីដេអូរបស់យើងផ្តល់ឱ្យយុវជននូវវេទិកាមួយ ដើម្បីធ្វើជាទូតសុច្ឆនៈផ្នែកសុវត្ថិភាពនៃមួកសុវត្ថិភាព តាមរយៈការបង្កើតសារដ៏មានអានុភាពដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងមិត្តភក្ដិរបស់ពួកគេ»។
កម្មវិធី Heads Up! គឺជាវេទិកាដំបូងមួយដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមក្នុងតំបន់ ដែលយុវជនមកពីប្រទេសអាស៊ានទាំងបួនអាចតភ្ជាប់ រៀនសូត្រ និងផ្លាស់ប្តូរទស្សនៈគ្នាអំពីសុវត្ថិភាពចរាចរណ៍ក្នុងតំបន់ និងសារៈសំខាន់នៃការសង្គ្រោះអាយុជីវិតរបស់មួកសុវត្ថិភាព។ តាមរយៈការប្រកួតប្រជែង តំបន់នេះនឹងឃើញមានយុទ្ធនាការប្រកបដោយភាពច្នៃប្រឌិតដែលបានរៀបចំឡើង និងសម្របសម្រួលដើម្បី «អ្នកបើកបរ» នាពេលអនាគត។
ការដាក់ពាក្យចូលរួមគួរធ្វើឡើងតាមរយៈអ៊ីម៉ែល ទៅកាន់អាសយដ្ឋាន៖ [email protected] និង [email protected] ជាមួយនឹងឈ្មោះអ្នកចូលរួម បញ្ជីសមាជិកក្រុម (ប្រសិនបើដាក់ពាក្យជាក្រុម) និងឈ្មោះសាលា។ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ៥ ល្ងាច (ម៉ោងនៅឥណ្ឌូចិន)។
រង្វាន់រួមមាន៖
- រង្វាន់ទី១៖ ទឹកប្រាក់ ១,000 ដុល្លារ និងការគាំទ្រផ្នែកបច្ចេកទេសដើម្បីអភិវឌ្ឍលទ្ធផលវីដេអូរបស់ខ្លួនទៅជាយុទ្ធនាការពេញលេញដែលនឹងក្លាយជាផ្នែកមួយនៃយុទ្ធនាការជាសកល
- រង្វាន់ទី២៖ ទឹកប្រាក់ ៥00 ដុល្លារ
- រង្វាន់ទី៣៖ ទឹកប្រាក់ ៣00 ដុល្លារ
បេក្ខជនឬក្រុមដែលទទួលជ័យលាភីក៏នឹងទទួលបានវិញ្ញាបនបត្រដែលទទួលស្គាល់ដោយ សមាគមន៍ FIA ប្រចាំតំបន់ទី ២ និង អង្គការមូលនិធិបង្ការរបួស អាស៊ី AIP ដែលទទួលស្គាល់ការរួមចំណែករបស់ពួកគេក្នុងការលើកកម្ពស់សុវត្ថិភាពមួកសុវត្ថិភាពក្នុងតំបន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
បេក្ខជនដែលត្រូវបានជ្រើសរើស ក៏នឹងទទួលបានគណនីសមាជិក MasterClass ចំនួន ១៥ (ដែលមានតម្លៃ USD ១៨០/ឆ្នាំ/គណនី) ដើម្បីផ្តល់លទ្ធភាពដល់ពួកគេក្នុងការចូលរួមវេទិកាបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកដឹកនាំក្នុងឧស្សាហកម្មជាង ១០០ លើផ្នែកតាក់តែងនិពន្ធ អាជីវកម្ម របៀបរស់នៅ សុខភាពផ្ទាល់ខ្លួន និងវិស័យជាច្រើនទៀត។ ថ្នាក់រៀនតាមវីដេអូទាំងនេះនឹងក្លាយជាឱកាសដ៏ពិសេសមួយ ដើម្បីរៀនសូត្រ និងអភិវឌ្ឍភាពច្នៃប្រឌិតរបស់ពួកគេជាបណ្តើរៗ។
សម្រាប់ព័ត៌មានលម្អិតអំពីការប្រកួតប្រជែង សូមចូលមើលគេហទំព័រផ្លូវការរបស់ កម្មវិធី Heads Up!
###
អំពីអង្គការមូលនិធិបង្ការរបួស អាស៊ី AIP
អង្គការមូលនិធិបង្ការរបួស អាស៊ី AIP គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិកលេខ ៥០១ (ស៊ី) (៣) ដែលមានគោលដៅបង្ការទប់ស្កាត់ការរងរបួស និងការស្លាប់បាត់បង់អាយុជីវិតនៅលើដងផ្លូវ នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។ អស់រយៈពេល ២០ ឆ្នាំមកហើយដែល អង្គការមូលនិធិបង្ការរបួស អាស៊ី AIP បាននឹងកំពុងផ្តល់នូវកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រកបដោយប្រសិទ្ធភាពនៅក្នុងទីតាំងនានាទូទាំងតំបន់អាស៊ី និងអាហ្វ្រិក។ ការងារនេះរួមមានការជំរុញភាពជាដៃគូរវាងរដ្ឋ និង ឯកជនជាមួយរដ្ឋាភិបាលជាតិ អង្គការអន្តរជាតិ មូលនិធិសប្បុរសធម៌ និងសាជីវកម្មពហុជាតិ ដើម្បីលើកកម្ពស់បេសកកម្មរបស់ខ្លួន។
សម្រាប់ការសាកសួរសារព័ត៌មាន សូមទំនាក់ទំនង៖
Victoria Jönsson
មន្ត្រីផ្នែកទំនាក់ទំនង
អង្គការមូលនិធីបង្ការរបួស អាស៊ី AIP
ទូរសព្ទ៖ (+84) 91 598 75 84
អ៊ីម៉ែល៖ [email protected]