រាជធានីភ្នំពេញ, ថ្ងៃ អង្គារ ទី១ ខែ កុម្ភៈ ឆ្នាំ២០២២ - សហគ្រិនខ្មែរ, ក្រុមហ៊ុន OBOR, និង ស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា (រួមមាន ធនាគារ ABA, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK), ធនាគារ វីង (Wing), ធនាគារសហគ្រាសធុនតូចនិងមធ្យម (SME Bank), និងធនាគារ អេស៊ីលីដា (ACLEDA) ជួបជុំគ្នាកាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ ជាថ្ងៃសម្ពោធកម្មវិធី «ត្រៀមខ្លូនដើម្បីទទួលបានការវិនិយោគសម្រាប់សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជា» (Cambodia SME Investment Readiness (IR) Programme) ដែលនឹងផ្តោតលើការកំណត់អត្តសញ្ញាណនិងទំហំនៃសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេស ដើម្បីឱ្យពួកគេបង្កើនលទ្ធភាពក្នុងការពង្រីកដើមទុន ។
ក្នុងនាមជាស្ថាប័នក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហគ្រិនខ្មែរ ផ្តល់ការគាំទ្រដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនឲ្យមានប្រសិទ្ធិភាពនៅកម្ពុជា។ សសរស្តមមួយ ក្នុងចំណោមសសរស្តមនានារបស់សហគ្រិនខ្មែរ គឺ បង្កើនឱកាសនៃការទទួលបានការគាំទ្រថវិកា សម្រាប់សហគ្រាសធុនតូចនិងមធ្យម ហើយកម្មវិធី «ត្រៀមខ្លូនដើម្បីទទួលបានការវិនិយោគសម្រាប់សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជា» នេះនឹងធ្វើឱ្យសម្រេចបាននូវគោលដៅរបស់ សហគ្រិនខ្មែរ។
ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិរបស់ «សហគ្រិនខ្មែរ» បានថ្លែងថា៖ «ការឧបត្ថម្ភរបស់ស្ថាប័នធនាគារនៅក្នុងកម្មវិធីនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធផ្សេងៗគ្នានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិន ដើម្បីបង្កើនលទ្ធភាពក្នុងការទទួលបានការគាំទ្រហិរញ្ញវត្ថុ សម្រាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ហើយ សហគ្រិនខ្មែរ មានក្តីសោមនស្សរីករាយដែលបានក្លាយជាចលករមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងបែបនេះ។»
លោក គា បូរ៉ាន់ នាយកប្រតិបត្តិរបស់ «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK» បានលើកឡើងថា៖ «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK មានមោទនភាពក្នុងការគាំទ្រដល់កំណើន នៃសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាតាមរយៈគំនិតផ្តួចផ្តើមដ៏អស្ចារ្យនេះ បន្ថែមពីលើសេវាកម្មហិរញ្ញវត្ថុ ច្រើនទម្រង់របស់យើងដែលយើងបានផ្តល់ជូនដល់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។»
ចាប់តាំងពីបើកដំណើរការនៅខែធ្នូ ឆ្នាំ ២០២១ មក កម្មវិធី SME IR បានទទួលពាក្យស្នើសុំចូលរួមពីសហគ្រាសធុនតូចនិងមធ្យមយ៉ាងសន្ធឹកសន្ធាប់លើសពីការរំពឹងទុក។ កម្មវិធីទទួលបានពាក្យស្នើសុំជាង ៧០ ដែលក្នុងនោះ កម្មវិធីនឹងជ្រើសរើសយកតែ ២៥សហគ្រាសតែប៉ុណ្ណោះ។ សហគ្រាសធុនតូចនិងមធ្យមដែលបានដាក់ពាក្យស្នើសុំ ត្រូវតែឆ្លើយតបទៅនឹង លក្ខខ័ណ្ឌចាំបាច់មួយគឺរកប្រាក់ចំណូលប្រចាំឆ្នាំបានលើសពី ១០ម៉ឺនដុល្លារអាមេរិច ទើបមានលក្ខណៈវិនិច្ឆ័យជាសហគ្រាសដែលមានភាពចាស់ទុំ និងទទួលបានការពិចារណាថាមានសមត្ថភាពបង្កើនដើមទុន ដើម្បីឈានទៅដំណាក់កាលបន្ទាប់ក្នុងមុខរបរអាជីវកម្មរបស់ពួកគេ។
លោក Igor Zimarev ប្រធានផ្នែកទីផ្សាររបស់ «ធនាគារ ABA» លើកឡើងថា៖ «ការទទួលបានចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ គឺសំខាន់ណាស់សម្រាប់ការលូតលាស់ដោយចីរភាពនៃសហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មី។ ធនាគារ ABA ពិតជាមានក្តីសោមនស្សរីករាយក្នុងការចូលរួមចំណែកក្នុងកម្មវិធី SME IR ជាមួយ «សហគ្រិនខ្មែរ» ក្នុងការអនុវត្តកម្មវិធីជាមួយ OBOR ដើម្បីបង្កើតឱកាសនិងជួយដល់សហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាធុរកិច្ចបង្កើតថ្មី និងជួយដល់សហគ្រិនឲ្យរីកចម្រើន។ តាមរយៈការឧបត្ថម្ភនេះ ធនាគារ ABA បន្តបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យសហគ្រាសធុនតូចនិងមធ្យម ដែលជាធាតុផ្សំដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេលវែង។»
លោក Han Peng Kwang នាយកប្រតិបត្តិរបស់ «ធនាគារ វីង» បានលើកឡើងថា៖ “សហគ្រាសធុនតូចនិងមធ្យមដើរតួនាទីសំខាន់ក្នុងកំណើនសេដ្ឋកិច្ចជាតិ។ ពួកគេបង្កើតការងារសម្រាប់សហគមន៍, គាំទ្រក្រុមហ៊ុនធំៗ និងប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់ពួកគេដើម្បីដោះស្រាយបញ្ហានៅក្នុងសហគមន៍។ ការវិនិយោគលើសហគ្រាសធុនតូចនិងមធ្យម ជួយដល់ការលូតលាស់របស់សហគមន៍។» លោកបន្ថែមទៀតថា៖ «កម្មវិធី SME IR នឹងពង្រឹងសហគ្រាសធុនតូចនិងមធ្យមដែលចូលរួមជាមួយ ដោយចែករំលែកនូវចំណេះដឹងចាំបាច់ដែលអាចជួយអាជីវកម្មរបស់ពួកគេឱ្យទទួលបានភាពជោគជ័យជាងមុន។»
កម្មវិធី SME IR នឹងចាប់ផ្តើមការបណ្តុះបណ្តាលរបស់ខ្លួននៅដើមខែកុម្ភៈ ឆ្នាំ ២០២២នេះ សម្រាប់សហគ្រាសធុនតូច និងមធ្យមចំនួន ២៥ ដែលត្រូវបានជ្រើសរើស។ សិក្ខាសាលាមានរយៈពេលពី ២០ ដល់ ២៥ម៉ោង នឹងបណ្តុះបណ្តាលអំពីតម្រូវការវិនិយោគិន គម្រោងអាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ។ បន្ទាប់មក នៅជុំទីពីរ គម្រោងនឹងជ្រើសរើសសហគ្រាសធុនតូចនិងមធ្យមចំនួន៥ ដែលពួកគេនឹងទទួលបានការប្រឹក្សាផ្នែកហិរញ្ញវត្ថុ ១ទល់នឹង១ ដែលរៀបចំឡើងដើម្បីជួយពួកគេឲ្យសម្រេចគោលដៅបង្កើនដើមទុនអាជីវកម្ម។ ទន្ទឹមនឹងការបង្កើនដើមទុន ធនាគារ ABA, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK, ធនាគារ វីង និង ធនាគារ សហគ្រាសធុនតូចនិងមធ្យម ក៏បានរួមគ្នាបង្កើតកញ្ចប់ប្រាក់រង្វាន់ចំនួន ១៥,០០០ ដុល្លារ ដែលនឹងផ្តល់ជូនដល់សហគ្រាសដែលឈានមុខគេ ។
លោក លឹម អូន នាយកប្រតិបត្តិរបស់ «ធនាគារសហគ្រាសធុនតូចនិងមធ្យមនៃកម្ពុជា» មានប្រសាសន៍ថា៖ «ធនាគារសហគ្រាសធុនតូចនិងមធ្យម មានក្តីសោមនស្សរីករាយក្នុងការជួយដល់កម្មវិធី SME IR។ នេះជាកម្មវិធីដំបូងបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតលើការលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យម ដើម្បីទទួលបានការវិនិយោគពីដៃគូហិរញ្ញវត្ថុ និងពង្រីកអាជីវកម្មរបស់ពួកគេ។»
OBOR ជាមូលនិធិបណ្តាក់ទុនឈានមុខរបស់កម្ពុជា ដែលត្រូវបានចាត់តាំងជាអ្នកអនុវត្ត កម្មវិធី SME IR ។ OBOR ចាត់ទុកកម្មវិធីនេះជាវេទិកាមួយដើម្បីលើកកម្ពស់បំណងប្រាថ្នារបស់ខ្លួនក្នុងការក្លាយជាអ្នកជំរុញនិងលើកទឹកចិត្តវិនិយោគិន ក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យមនៅព្រះរាជាណចក្រកម្ពុជា។ OBOR ផ្តោតលើវិស័យសំខាន់ៗដូចជា ការគ្រប់គ្រងកាកសំណល់ ទឹកស្អាត ថាមពល និងកសិកម្ម។
លោក Shivam Tripathi នាយកប្រតិបត្តិ «ក្រុមហ៊ុន OBOR» ថ្លែងថា៖ «ការស្វែងរកហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូចនិងមធ្យម គឺជាបញ្ហាប្រឈមដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ យើងមានក្តីរំភើបដែលបានធ្វើការជាមួយ «សហគ្រិនខ្មែរ» ដើម្បីនាំយកសហគ្រាសធុនតូច និងមធ្យមបន្ថែមទៀតទៅកាន់ដំណាក់កាលគ្រប់លក្ខណៈសម្បត្តិសម្រាប់ទទួលបានការ វិនិយោគ។ ជាមួយនឹងកម្មវិធីនេះ យើងមានបំណងបង្កើតគំរូមួយដែលអាចប្រើប្រាស់សម្រាប់ជួយសហគ្រាសធុនតូចនិងមធ្យមផ្សេងទៀត ក្នុងការពង្រឹងខ្លួនទៅរកដំណាក់កាលគ្រប់ លក្ខណៈសម្បត្តិសម្រាប់ទទួលបានការវិនិយោគ។»