សារធាតុជាតិខ្លាញ់គឺកើនឡើងជាលំដាប់ជារៀងរាល់ថ្ងៃ ដែលបង្កអោយទៅជាបញ្ហានៃការឡើងទម្ងន់ខុសពីធម្មតា។ វាក៏អាចបង្កទៅជាផលប៉ះពាល់ជាច្រើនដល់សុខភាពប្រចាំថ្ងៃរបស់អ្នកផងដែរ ជាពិសេសវាអាចក្លាយទៅជាជំងឺខ្លាញ់រុំបេះដូង និង ប៉ះពាល់ដល់អាយុជីវិតរបស់អ្នកថែមទៀតផង។ ដូច្នេះថ្ងៃនេះយើងសូមណែនាំអំពីអាហារសម្រាប់ដុតរំលាយជាតិខ្លាញ់នៅក្នុងរាយរបស់អ្នក ដែលងាយស្រួលរកបំផុតនៅតាមទីផ្សារ និង មិនចំណាយប្រាក់ច្រើននោះទេ។
១.កាហ្វេ
កាហ្វេគឺជាភេសជ្ជៈដ៏ពេញនិយមបំផុតនៅទូទាំងពិភពលោក វាគឺជាប្រភពដ៏អស្ចារ្យមួយនៃជាតិកាហ្វេអ៊ីនដែលអាចជួយបង្កើនអារម្មណ៍ និង ធ្វើឱ្យប្រសើរឡើងនូវដំណើរការផ្លូវចិត្ត និង រាងកាយផងដែរ។ នៅក្នុងការសិក្សាមួយបានបង្ហាញថាកាហ្វេគឺជាភេសជ្ជៈដែលអាចជួយដុតរំលាយជាតិខ្លាញ់នៅក្នុងខ្លួនរបស់អ្នកត្រឹមរយ:ពេលដ៏ខ្លី។ ដូចនេះអ្នកគួរតែផឹកកាហ្វេមួយកែវជារៀងរាល់ថ្ងៃ និង មុនពេលអ្នកហាត់ប្រាណ ដែលវាជាពេលដ៏ល្អក្នុងការដុតរាល់ជាតិខ្លាញ់អាក្រក់នៅក្នុងខ្លួនរបស់អ្នក។
២.ស៊ុត
ស៊ុតគឺជាថាមពលដែលមានផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនដែលមានសារ:សំខាន់បំផុតចំពោះមនុស្សគ្រប់គ្នា។ យោងតាមការសិក្សាបានបង្ហាញថា ការបរិភោគស៊ុតគឺពិតជាជួយដុតនូវរាល់ជាតិខ្លាញ់ដ៏ច្រើនលើសលុបនៅក្នុងខ្លួនរបស់អ្នកត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ។ ព្រោះថាស៊ុតគឺជាប្រភពដ៏ល្អនៃប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ដោយអាចបង្កើនអត្រាមេតាប៉ូលីសប្រហែល ២០-៣៥% ក្នុងរយៈពេលជាច្រើនម៉ោងបន្ទាប់ពីទទួលទានអាហារ និង មិនធ្វើអោយអ្នកឆាប់ឃ្លាននោះទេ។ ម្យ៉ាងទៀត វានឹងជួយសម្រកទម្ងន់របស់អ្នកផងដែរ ដែលសាកសមបំផុតសម្រាប់អ្នកដែលមានបំណងចង់សម្រកទំងន់។
៣.ដំឡូងបារាំង
ដំឡូងបារាំងមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលធ្វើឱ្យកម្រិតជាតិស្ករនៅក្នុងឈាមមានស្ថេរភាព និង ភាពធន់នឹងអាំងស៊ុយលីនដែលជួយឱ្យរាងកាយរបស់អ្នកបម្លែងកាឡូរីទៅជាថាមពលជាជាងរក្សាទុកជាខ្លាញ់។ ហើយវាពិតជាជួយអ្នកក្នុងការដុតរំលាយជាតិខ្លាញ់នៅក្នុងសារពាង្គកាយ និង ព្រមទាំងជួយផ្តល់នូវសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតផង។
៤.អយស្ទ័រ
អយស្ទ័រគឺជាប្រភពអាហារដ៏ល្អបំផុតមួយនៃសារធាតុស័ង្កសី និងសារធាតុរ៉ែដែលធ្វើការជាមួយអរម៉ូនឡេបទីនដើម្បីគ្រប់គ្រងចំណង់អាហាររបស់អ្នក។ ការស្រាវជ្រាវបានបង្ហាញថាមនុស្សដែលលើសទម្ងន់គឺមានទំនោរទៅរកកម្រិតឡេបទីនខ្ពស់ និង កម្រិតស័ង្កសីទាបជាងមនុស្សស្លីម។ ដូច្នេះការបរិភោគអយស្ទ័រជាជម្រើសដ៏ល្អមួយ ដើម្បីជួយកាត់បន្ថយចំណងអាហារ និង ជួយដុតរំលាយជាតិខ្លាញ់។
៥.បាយដំណើបខ្មៅ
ជាទូទៅបាយដំណើបខ្មៅគឺមិនសូវមានអ្នកនិយមបរិភោគនោះទេ ប៉ុន្តែផ្ទុយទៅវិញវាគឺមានផ្ទុកនូវសារធាតុចិញ្ចឹម វីតាមីនជាច្រើន និង ព្រមទាំងសារធាតុប្រឆាំងអុកស៉ីតកម្មថែមទៀតផង។ ហើយសម្រាប់អ្នកដែលចង់ដុតរាល់បញ្ហាជាតិខ្លាញ់គឺគួរតែជ្រើសរើសបរិភោគបាយដំណើបខ្មៅ ដើម្បីកាត់បន្ថយជាតិខ្លាញ់របស់អ្នក៕
ប្រភព ៖ បរទេស
ប្រែសម្រួល៖ Sreynoch Long
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក