ការសម្រកទម្ងន់មិនមែនជាដំណាក់កាលអនុវត្តដ៏ងាយស្រួលនោះទេ តែយ៉ាងណាសម្រាប់មនុស្សខ្ជិល ឬបងប្អូនយើងមានការងាររវល់ច្រើនដកឃ្លាមិនរួច បើចង់រំលងការហាត់ប្រាណ ហើយចង់ស្រកទម្ងន់ ក៏យើងមានវិធីដែរ ដោយអាចមកសាកល្បងចំណុចទាំង ៥ ខាងក្រោម៖
៥) ផឹកទឹកមុនពេលញុាំ
ការផឹកទឹក គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត ក្នុងការសម្រកទម្ងន់សម្រាប់មនុស្សខ្ជិល តែក៏ត្រូវជ្រើសរើសពេលវេលាឲ្យបានត្រឹមត្រូវផងដែរ។
នោះគឺត្រូវទម្លាប់ផឹកទឹកមួយកែវជានិច្ច មុនពេលទទួលទានអាហារ ដើម្បីជួយឲ្យអ្នកមានអារម្មណ៍ឆ្អែត ដូច្នេះវានឹងកាត់បន្ថយចំណង់អាហាររបស់អ្នកបានមួយផ្នែក។ អ្នកផឹកទឹកកាន់តែច្រើន កាឡូរីកាន់តែដុត ខ្លាញ់លើសកាន់តែឆាប់ស្រក។
៤) មិនត្រូវរំលងអាហារពេលព្រឹក
ខ្ជិលហាត់ប្រាណបាន តែកុំខ្ជិលទទួលទានអាហារពេលព្រឹកឲ្យសោះ ដោយវាសំខាន់ណាស់។ របបអាហារនេះសោត អ្នកត្រូវជ្រើសរើសប្រភេទអាហារមានប្រូតេអ៊ីន ដូចជាទ្រូងមាន់ ត្រី ស៊ុត... និងគ្រាប់ធញ្ញជាតិ ទឹកដោះគោជូរជាដើម។
៣) ពិនិត្យទម្ងន់របស់អ្នកជាប្រចាំ
មនុស្សដែលមានទំនោរពិនិត្យទម្ងន់របស់ខ្លួនឯងជារៀងរាល់ថ្ងៃ គឺពួកគេនឹងអាចដឹងច្បាស់ពីបម្រែបម្រួល ឬការអនុវត្តណាមួយ ថាធ្វើទៅត្រូវឬខុស។ នៅពេលអ្នកឃើញខ្លួនឯងស្រកទម្ងន់ នោះអ្នកនឹងកាន់តែមានឆន្ទៈក្នុងការចង់ស្រកបន្ថែមទៀត។ នេះក៏ជាវិធីសាស្ត្រជំរុញទឹកចិត្តមួយផងដែរ។
២) បន្ថែមសាឡាត់ទៅក្នុងរបបអាហារ
ទោះបីជាអ្នកតមអាហារយ៉ាងណា តែកុំរំលងនូវប្រភេទសាឡាត់ឲ្យសោះ ដោយវាមានផ្ទុកនូវជាតិសរសៃ ដែលជំរុញដល់ពោះវៀនឲ្យដំណើរការល្អ ធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែត ហើយក៏កាត់បន្ថយចំណង់អាហារមួយផ្នែកផងដែរ។
១) ជ្រើសរើសចានទទួលទានតូច
វិធីសាស្រ្តមួយទៀត គឺនៅពេលទទួលទានអាហារ ត្រូវជ្រើសរើសចានដែលយកមកទទួលទាននោះតូច ដែលនៅពេលអ្នកដាក់បាយឬ អាហារចូល និងរុញឲ្យអារម្មណ៍ ប្រាប់មកខួរក្បាលថា វាមើលទៅច្រើនលើសលប់ពេកហើយ។ ដូច្នេះវាក៏ជាវិធីមួយ ជំរុញឲ្យអ្នកទទួលទានតិចផងដែរ។ ទាំងនេះសុទ្ធតែជាវិធីល្អៗ សម្រាប់មនុស្សខ្ជិលហាត់ប្រាណ ដែលចង់សម្រកទម្ងន់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក