សួតជាសិរីរាង្គសំខាន់មួយដែលមានតួនាទីចាំបាច់ណាស់ក្នុងរាងកាយ ប៉ុន្តែប្រសិនបើសួតអ្នកមានបញ្ហាដោយប្រការណាមួយ មានន័យថា សុខភាពរាងកាយអ្នកទាំងមូលក៏ប៉ះពាល់ធ្ងន់ធ្ងរដែរ។ ដូច្នោះដើម្បីដឹងថា សួតអ្នកមានសុខភាពល្អឬអត់ សូមសាកល្បង វិធីទាំងបួនខាងក្រោមនេះ៖
១.លំហាត់ដកដង្ហើម
ប្រសិនបើអ្នកអាចទប់ដង្ហើមរបស់អ្នកយូរជាង 50 វិនាទី នោះបានន័យដា សួតរបស់អ្នកមានសុខភាពល្អខ្លាំងណាស់។ មុខងាររបស់សួតដំណើរការបានល្អ ដោយផ្តល់បរិមាណអុកស៊ីសែនគ្រប់គ្រាន់ទៅក្នុងឈាម ដើម្បីចិញ្ចឹមសរីរាង្គផ្សេងៗដូចជា ខួរក្បាល បេះដូង ថ្លើម។ ប៉ុន្តែបើនិយាយចំពោះអ្នកជក់បារីរយៈពេលយូរ មុខងារសួតត្រូវបានចុះខ្សោយ ប្រហែលជាមិនអាចទប់ដង្ហើមលើសពី ៤០ វិនាទីបានទេ។
ប្រសិនបើអ្នកទប់ដង្ហើមតិចជាង ៣០ វិនាទី សូមប្រយ័ត្នព្រោះវាកំពុងបង្ហាញថា សួតមិនមានសុខភាពល្អប៉ុន្មានទេ។ ក្នុងករណីនេះ អ្នកគួរតែទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យសុខភាព។
២.ផ្លុំទៀន
អ្នកអុជទៀន រួចដាក់ចម្ងាយមាត់របស់អ្នកប្រហែល ១៥ សម បន្ទាប់មកអ្នកដកដង្ហើមវែងៗ ហើយផ្លុំខ្លាំងៗចូលទៅកាន់ទៀន ប្រសិនបើទៀនរលត់បន្ទាប់ពីផ្លុំ ១ ដង សួត និងប្រព័ន្ធដកដង្ហើមរបស់អ្នកនៅតែមានសុខភាពល្អ។
ប៉ុន្តែប្រសិនបើអ្នកដាក់ទៀននៅចម្ងាយត្រឹមតែ ១០សម ពីមាត់របស់អ្នក ហើយអ្នកមិនអាចផ្លុំឲ្យទៀនរលត់បាន មានន័យថាមុខងារសួតរបស់អ្នកកំពុងធ្លាក់ចុះ អ្នកត្រូវយកចិត្តទុកដាក់ចំពោះជំងឺសួត។
៣.ដើរនិងឡើងជណ្តើរ
នេះគឺជាការធ្វើតេស្តដ៏សំខាន់ដែលអាចជួយអ្នកឱ្យដឹងថា តើមុខងារសួតរបស់អ្នកដំណើរការបានត្រឹមត្រូវឬអត់? ចូលព្យាយាមដើរឡើងជណ្តើរទៅជាន់ទី ៣ ក្នុងល្បឿនដើរធម្មតា។ ប្រសិនបើអ្នកមិនចាំបាច់ឈប់សម្រាក ឬដកដង្ហើមទេ មានន័យថា សួតរបស់អ្នកគឺល្អ។
ប៉ុន្តែប្រសិនបើអ្នកត្រូវឈប់ ឬមានអារម្មណ៍ដកដង្ហើមខ្លី ឈឺទ្រូង អ្នកត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះសួត និងប្រព័ន្ធផ្លូវដង្ហើមរបស់អ្នក ជាពិសេសគួរតែទៅជួបគ្រូពេទ្យ ជាបន្ទាន់។
៤.វាស់ចង្វាក់បេះដូង
ជាមួយនឹងការធ្វើតេស្តនេះ អ្នកអាចរត់នៅមួយកន្លែងរហូតដល់អត្រាបេះដូងរបស់អ្នកកើនឡើងដល់ ១០០-១២០ ចង្វាក់ក្នុងមួយនាទី។ បន្ទាប់មកអ្នកឈប់រត់ ប្រសិនបើក្នុងរយៈពេល ៥-៦ នាទី ចង្វាក់បេះដូងអាចត្រលប់មកធម្មតាវិញ ៦០-១០០ ចង្វាក់/នាទី មុខងារបេះដូងរបស់អ្នកមិនមានបញ្ហាទេ។
ប្រភព៖ បរទេស