ភ្នំពេញ, ខែធ្នូ ឆ្នាំ២០២១—ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (ហៅកាត់ថា ស៊ីប៊ីស៊ី) ទទួលបានពានរង្វាន់ "ក្រុមហ៊ុនល្អបំផុតសម្រាប់បុគ្គលិកនៅអាស៊ី ប្រចាំឆ្នាំ២០២១" នៅកម្ពុជា ផ្តល់ដោយ HR Asia ដែលជាទស្សនាវដ្តីធនធានមនុស្ស បោះផ្សាយរៀងរាល់ពីរខែម្តង ជាមួយនឹងការផ្សព្វផ្សាយទូទាំង ១២ ប្រទេសនៅតំបន់អាស៊ី។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនចំនួន ១៧៥ បានដាក់ពាក្យស្នើ សុំ ដោយក្នុងនោះមានតែ ៩% ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ ក្រុមហ៊ុនល្អបំផុតសម្រាប់បុគ្គលិកនៅក្នុងតំបន់អាស៊ី រួមទាំងស៊ីប៊ីស៊ី ផងដែរ។
ពានរង្វាន់ដ៏មានតម្លៃមួយនេះ ត្រូវបានផ្តល់ទៅស៊ីប៊ីស៊ី ដើម្បីជាការទទួលស្គាល់ពីសមត្ថភាពដ៏អស្ចារ្យរបស់ក្រុមហ៊ុនក្នុងការអនុវត្តផ្សេងៗផ្នែកធនធានមនុស្ស ដែលរួមមានការចូលរួមដ៏សកម្មពីបុគ្គលិក និងវប្បធម៌កន្លែងការងារដ៏ល្អ។ ពានរង្វាន់ HR Awards នេះ គឺសម្រាប់ក្រុមហ៊ុននៅទូទាំងតំបន់អាស៊ី ដោយផ្តោតទៅលើការអនុវត្តផ្សេងៗទាក់ទងនឹងផ្នែកធនធានមនុស្ស។ ដោយសារតែមានប្រជាប្រិយភាព មានក្រុមហ៊ុនជាច្រើនចូលរួម រួមទាំងសាជីវកម្មចម្រុះជាតិសាសន៍ (MNC) ផងដែរ។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិរបស់ស៊ីប៊ីស៊ី បានមានប្រសាសន៍ថា ស៊ីប៊ីស៊ី ជឿជាក់យ៉ាងខ្លាំងទៅលើសារៈសំខាន់នៃការ កសាងបរិយាកាសការងារល្អ សម្រាប់បុគ្គលិកទាំងអស់។ លោកបន្តថា ៖«យើងនឹងមិនអាចទទួលបានពានរង្វាន់នេះទេ បើសិនជាគ្មាន ការលះបង់របស់បុគ្គលិកយើងទាំងអស់ ដែលជឿលើការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើការកសាងសមិទ្ធផលសម្រាប់វិស័យហិរញ្ញវត្ថុ នៅកម្ពុជា»។
នៅដើមឆ្នាំនេះ ស៊ីប៊ីស៊ីក៏បានរៀបចំកម្មវិធីច្នៃប្រឌិតសម្រាប់បុគ្គលិក (Employee Innovation Programme) ដែលផ្តល់ជា វេទិកាបើកចំហមួយសំរាប់បុគ្គលិកទាំងអស់ ដើម្បីអាចឲ្យពួកគាត់បង្ហាញពីគំនិតច្នៃប្រឌិតក្នុងការគាំទ្រដល់ការរីកចម្រើនរបស់ក្រុមហ៊ុន។ បន្ទាប់មក ក្រុមហ៊ុននឹងជ្រោមជ្រែងតាមរយៈការវិនិយោគលើការអនុវត្តជាក់ស្តែង។
បង្កើតឡើងក្នុងឆ្នាំ២០២០ បច្ចុប្បន្ននេះស៊ីប៊ីស៊ីផ្តល់ដំណោះស្រាយអំពីរបាយការណ៍ឥណទានដែលគ្របដណ្តប់លើអតិថិជនជាង ៧ លាននាក់ ផ្គត់ផ្គង់ការវាយតម្លៃហានិភ័យឥណទាន និងតម្រូវការការវិភាគទិន្នន័យសម្រាប់ស្ថាប័នហិរញ្ញវត្ថុចំនួន១៧០។ ស៊ីប៊ីស៊ី បានរួមចំណែកដោយផ្ទាល់ក្នុងបរិយាបន្នហិរញ្ញវត្ថុ និងធ្វើឲ្យបរិយាកាសអំណោយផលដល់អាជីវកម្មនៅកម្ពុជា។
អំពី ស៊ីប៊ីស៊ី
ចាប់តាំងពីឆ្នាំ ២០១២ មក ស៊ីប៊ីស៊ីបានក្លាយជាអ្នកផ្ដល់ព័ត៌មានហិរញ្ញវត្ថុ ដំណោះស្រាយបែបវិភាគ និងសេវារាយការណ៍ឥណទាន ឈានមុខគេដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ស៊ីប៊ីស៊ី ជួយអតិថិជនក្នុងការគ្រប់គ្រងហានិភ័យនិងលើកទឹកចិត្តសម្រាប់ការសម្រេចចិត្តផ្នែកពាណិជ្ជកម្មនិងហិរញ្ញវត្ថុតាមរយៈដំណោះស្រាយជាច្រើន រួមមានរបាយការណ៍ឥណទានសម្រាប់អ្នកប្រើប្រាស់ របាយការណ៍ឥណទានពាណិជ្ជកម្ម ខេស្ករ, របាយការណ៍បែបទិន្នន័យវិភាគ, សេវាកម្មគ្រប់គ្រងផលប័ត្រ, សេវាត្រួតពិនិត្យផលប័ត្រ, និងដំណោះស្រាយតាមតម្រូវការ។