ដើម្បីកើបចំណូលមួយផ្នែកចូលក្លឹបវិញ បិសាចក្រហម Man Utd ត្រូវបានគេរាយការណ៍ថា កំពុងមានផែនការណ៍ចង់លក់ចេញកីឡាករ ៥ រូបនៅពេលខាងមុខ ពោលគឺកំឡុងទីផ្សារដោះដូររដូវរងា ខែមករា ឆ្នាំ ២០២២។
នេះជាការទាញចំណូលត្រលប់មកវិញខ្លះ បន្ទាប់ពីពួកគេបានចាយវាយក្រាស់ក្រែលលើការនាំយកកីឡាករសំខាន់ៗដូចជា Cristiano Ronaldo, Raphael Varane និង Jadon Sancho រួមគ្នានៅពេលតែមួយ កាលពីរដូវក្តៅកន្លងទៅ។
បើតាមការចុះផ្សាយពី TheSun បានឲ្យដឹងថា United បានដាក់ឈ្មោះ Donny van de Beek, Phil Jones, Anthony Martial, Victor Lindelof និង Jesse Lingard ក្នុងបញ្ជីកីឡាករដែលក្លឹបត្រូវវ៉ៃចេញ ហើយតម្លៃខ្លួនពួកគេជារួម គឺមិនក្រោម ១០០ លានផោនឡើយ។
គួរបញ្ជាក់ថា ឈ្មោះអ្នកទាំង ៥ ក៏មិនសូវត្រូវបាន United ប្រើប្រាស់ញឹកញាប់ដែរក្នុងការប្រកួត ដែលសឹងតែនាំឲ្យកីឡាករខ្លះចង់ចាកចេញដោយខ្លួនឯងផង។ ជាក់ស្តែងដូច Van de Beek លឺដំណឹងថា បើក្លឹបមិនលក់ ក៏កីឡាករសុំក្លឹបចាកចេញ ឬផ្ទេរនៅលក្ខខណ្ឌខ្ចីជើងដែរ ហើយ Barcelona ជាទ្រនំថ្មី មានភាគរយខ្ពស់បំផុតសម្រាប់គេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក